ប្រវត្តិសាស្រ្ត​ពិភពលោក

By RFI

Listen to a podcast, please open Podcast Republic app. Available on Google Play Store.


Category: News & Politics

Open in iTunes


Open RSS feed


Open Website


Rate for this podcast

Subscribers: 4
Reviews: 0

Description

នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ សេង ឌីណា នឹង​រាយរ៉ាប់​ពន្យល់​លោក​អ្នកស្តាប់ ​អំពី​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ​ ចាប់តាំង​ពី​សម័យកាល​បុរេប្រវត្តិ រហូត​មកទល់នឹង​សម័យកាល​បច្ចុប្បន្ន។

Episode Date
ប្រវត្តិសាស្រ្ត​ពិភពលោក - អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១
00:08:45
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ កាលពីខែកក្កដា​ឆ្នាំ១៩៦៩។ (មានវីដេអូនៅខាងក្រោម) នៅ​​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ ម៉ោង ៩ និង៣២នាទីព្រឹក ម៉ោង​នៅ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក (ត្រូវ​នឹង​ម៉ោង ១ និង៣២នាទី​រសៀល​ម៉ោងសកល) រ៉ុកកែត Saturn V ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ចេញ​ពី​ Cape Canaveral... នៅពីលើ​រ៉ុកកែត​នេះ គឺ​យានអវកាស​នៃ​បេសកកម្ម​អាប៉ូឡូ​ទី១១ ផ្ទុក​អវកាសយានិក​ចំនួន ៣រូប គឺ នៀល អាមស្ត្រង (Neil Armstrong) ជា​មេបញ្ជាការ, ម៉ៃឃើល ខូលីនស៍ (Michael Collins) អ្នក​បើកបរ​យាន​ធំ (Command and Service Module) ដែល​គេ​ប្រសិទ្ធនាម​ឲ្យថា “Columbia” និង បើស អាល់ឌ្រីន (Buzz Aldrin) អ្នក​បើកបរ​កូនយាន​សម្រាប់​ចុះ​លើ​ដីព្រះចន្ទ (Lunar Module) ដែល​គេ​ប្រសិទ្ធនាម​ឲ្យថា “Eagle”។ ២នាទី និង​៤២វិនាទី ក្រោយ​ពី​ត្រូវ​បាញ់​ចេញ​ពីដី កំណាត់​ទី១ (First Stage) នៃ​រ៉ុកកែត Saturn V ត្រូវ​ផ្តាច់ចេញ​ពី​តួរ៉ុកកែត ហើយ​ម៉ូទ័រ​នៃ​កំណាត់​ទី២ (Second Stage) ក៏​ចាប់ផ្តើម​ដំណើរការបន្ត។ ៩នាទី និង​៩វិនាទី កំណាត់​ទី២​ក៏​បាន​​ផ្តាច់ខ្លួន​ចេញ​ដែរ ហើយ​​​កំណាត់​​ទី៣ (Third Stage) ​ជា​អ្នក​បន្ត​វេន នាំ​អាប៉ូឡូ​ទី១១ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី។ ក្រោយ​ពី​ហោះ​បាន ២ម៉ោង និង ៤៤នាទី និង​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី​បាន​១ជុំ​កន្លះ កំណាត់​ទី៣ នៃ​រ៉ុកកែត​ Saturn V ក៏​បាន​ចាប់ផ្តើម​បញ្ឆេះ​ម៉ូទ័រ​ឡើង​សា​ជា​ថ្មី​ម្តងទៀត ដើម្បី​រុញ​យាន​​អាប៉ូឡូទី១១ ឲ្យចេញ​ពី​គន្លង​តារាវិថី​នៃ​ផែនដី ហើយ​ធ្វើ​ដំណើរ​សំដៅ​ទៅកាន់​ព្រះចន្ទ។ នៅថ្ងៃទី១៩កក្កដា ក្រោយ​ពី​បាន​​ចំណាយ​ពេល​ ៣ថ្ងៃ ហោះកាត់​ទី​អវកាស ក្នុង​ចម្ងាយ​រហូតដល់​ទៅ​ជិត ៤០ម៉ឺន​គីឡូម៉ែត្រ អាប៉ូឡូ​ទី១១ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់ព្រះចន្ទ ដោយ​ពី​ដំបូង​ហោះ​ហួស​ទៅ​ដល់​ខាង​ក្រោយ​ព្រះចន្ទ រួច​ហើយ​បន្ថយ​ល្បឿន​ ដើម្បី​អាច​ហោះ​ចូល​ទៅ​ក្នុង​​គន្លង​តារាវិថី​ជុំវិញ​​ព្រះចន្ទ។ នៅថ្ងៃ​ទី២០​កក្កដា ក្រោយ​ពី​បាន​ហោះ​ជុំវិញ​ព្រះចន្ទ​ជាច្រើន​ជុំ រហូត​អាច​ស្ថិត​នៅ​ក្នុងគន្លង​តារាវិថី​មួយ​ដែល​មាន​ស្ថិរភាព​ទៅតាម​ការ​ចង់​បាន​រួចហើយ អវកាសយានិក​ពីររូប គឺ នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​ចូល​ទៅ​ក្នុង​ Lunar Module រួចហើយ​ផ្តាច់ខ្លួន​ចេញ​ពី​យាន​ធំ សំដៅ​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ ចំណែក​ឯ ម៉ៃឃើល ខូលីនស៍ ស្ថិត​នៅ​ក្នុង​យានធំ (Command and Service Module) ហោះ​ចាំ​នៅ​ខាងលើ ក្នុង​តារាវិថី​ជុំវិញ​ព្រះចន្ទ។ នៅម៉ោង ៨ និង១៧នាទី​យប់ថ្ងៃទី២០កក្កដា​ម៉ោងសកល Lunar Module ក៏​បាន​ចុះចត​ដល់​ដី​ព្រះចន្ទ នៅត្រង់​តំបន់​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Sea of Tranquility”។​ ​ក្រោយ​ពី​បាន​សម្រាក​នៅ​ក្នុង​យាន​ប្រមាណ​ជា ៣ម៉ោង អវកាសយានិក​ទាំង​២រូប​ក៏​បាន​ចាប់ផ្តើម​រៀបចំ​ខ្លួន​ចេញ​ពី​យាន ដោយ​ នៀល អាមស្ត្រង ជាអ្នក​ចេញ​មុន ចុះ​តាម​ជណ្តើរយាន ហើយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ឈាន​ជើង​ជាន់​លើ​ដី​ព្រះចន្ទ ​​នៅម៉ោង ២ និង៥៦នាទី​រំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​ទី២១​កក្កដា មុន​ បើស អាល់ឌ្រីន ប្រមាណ​ជា​ ២០នាទី។ នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន បាន​ចំណាយ​ពេល​នៅលើ​ព្រះចន្ទ​គិតជាសរុប​ចំនួន ២១ម៉ោង និង ៣៦នាទី ដោយ​ក្នុងនោះ មាន​មួយផ្នែក​ធំ​ គឺ​ចំណាយ​ពេល​ធ្វើការ និង​សម្រាក​នៅ​ខាង​ក្នុង​យាន ចំណែក​ឯ​ជាង២ម៉ោង​ផ្សេងទៀត គឺ​ធ្វើការ​នៅលើ​ដីព្រះចន្ទ​ដោ​យផ្ទាល់ ដើម្បី​ធ្វើ​ពិសោធន៍​​ខាង​វិទ្យាសាស្រ្ត​ ព្រមទាំង​ប្រមែប្រមូល​យក​ថ្ម​​ព្រះចន្ទ​យក​ត្រឡប់​ទៅ​ផែនដី​វិញ​ ដើម្បី​បន្ត​សិក្សា​លម្អិត​អំពី​ព្រះចន្ទ។ នៅម៉ោង ៥ និង​៥៤នាទី​ល្ងាច​ថ្ងៃ​ទី២១​កក្កដា នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​ហោះ​​ចេញ​ពី​ផ្ទៃដី​ព្រះចន្ទ​ ដោយ​ប្រើ​ផ្នែក​ខាង​លើ​នៃ​កូន​យាន Lunar Module។ តាមការពិត Lunar Module នេះ ត្រូវបាន​គេ​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ខាង​ក្រោម ដែល​គេហៅ​ថា “Descent Stage” ហើយ​ដែល​គេ​ប្រើ​​សម្រាប់​ចុះចត​លើ​ព្រះចន្ទ និង​ក្រោយ​មក​ទៀត​ត្រូវ​ប្រើ​ជា​ទម្រ សម្រាប់​បាញ់​បង្ហោះ​ផ្នែក​ខាង​លើ ដែលគេហៅថា “Ascent Stage” ដើម្បី​នាំ​អវកាសយានិក​ចេញ​ពី​ផ្ទៃដី​ព្រះចន្ទ ត្រឡប់​ទៅ​កាន់​យាន​ធំ​វិញ ដែល​កំពុងហោះនៅ​ចាំខាងលើ ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ។ ក្រោយ​ពី​បាន​ហោះ​ទៅ​តភ្ជាប់​ជាមួយ​នឹង​យាន​ធំ ហើយ នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន បាន​ផ្ទេរ​ទៅ​កាន់​យាន​ធំ​រួចហើយ ផ្នែក​ចុងក្រោយ​នៃ Lunar Module នេះ ក៏​ត្រូវ​បាន​គេ​ផ្តាច់ចេញ​ផងដែរ មុននឹង​បញ្ឆេះ​ម៉ូទ័រ​យាន​ធំ​ឲ្យ​ចាកចេញ​ពី​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ ហោះ​សំដៅ​ត្រឡប់​មក​កាន់​ភពផែនដី​វិញ ដោយ​ត្រូវ​ចំណាយ​ពេល​ ៣ថ្ងៃ ដូចជា​កាល​ពី​ពេល​ហោះ​ពីផែនដីដែរ។ តាមការពិត​ទៅ យានធំ ឬ Command and Service Module នេះ ក៏​ត្រូវ​គេ​ចែក​ចេញ​ជា​ពីរ​ផងដែរ គឺ Service Module ដែល​ជា​​ផ្នែកធំ​រាងជា​ស៊ីឡាំង ហើយ​ដែល​មាន​ផ្ទុក​ប្រព័ន្ធម៉ាស៊ីន​សម្រាប់​ដំណើរការ​យាន និង Command Module ដែល​ជា​​ផ្នែក​តូច​ខាង​មុខ ដែល​មាន​រាង​ជា​សាជី ហើយ​ដែលជា​បន្ទប់​បើកបរ​មាន​ផ្ទុក​អវកាសយានិក​ទាំង៣រូប។ នៅ​ពេល​ដែល​យាន​ហោះ​ជិត​មក​ដល់​ភពផែនដី Command Module និង Service Module ត្រូវ​បាន​គេ​ផ្តាច់​ចេញ​ពី​គ្នា ដោយទុក​​តែ Command Module មួយតែ​ប៉ុណ្ណោះ​ឲ្យ​ហោះ​ចុះ​មក​ផែនដី។ ក្រោយ​ពី​ត្រូវ​បន្ថយ​ល្បឿន​ដោយសារ​ភាព​កកិត​នឹង​បរិយាកាស​ភពផែនដី​ផង និង​ក្រោយ​មក​ទៀត​ដោយសារ​ឆ័ត្រយោង​ផង Command Module បាន​ធ្លាក់​ចុះ​ទៅ​ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​មាន​នាវាផ្ទុក​យន្តហោះ​មួយគ្រឿង​របស់​អាមេរិក​នៅ​រង់ចាំ​ជាស្រេច​នៅ​ក្បែរ​នោះ។ អវកាសយានិក​​ទាំង ៣រូប នៃ​បេសកកម្ម អាប៉ូឡូទី១១​បាន​វិលត្រឡប់​មក​ដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ដោយ​នាំ​យក​មក​ជាមួយ​នូវ​ថ្ម​ពីព្រះចន្ទ​ប្រមាណ​ជា ២២គីឡូក្រាម ដើម្បីទុក​សិក្សា ក៏ប៉ុន្តែ ពួកគេ​ក៏​បាន​បន្សល់​ទុក​នូវ​របស់​ជាច្រើន​ផងដែរ នៅលើ​ដីព្រះចន្ទ។ ក្រៅ ​ពី​ផ្នែក​ខាងក្រោម​នៃ​កូនយាន Lunar Module គឺ​មាន​ទង់ជាតិ​អាមេរិក, ថាស​ដែល​មាន​ចារ​នូវ​សារ​របស់​ប្រមុខដឹកនាំ​ប្រទេស​ចំនួន ៧៣, ផ្លាក​ដែល​មាន​ហត្ថលេខា​របស់​ប្រធានាធិបតី​អាមេរិក រីឆាដ និចសុន និង​អវកាសយានិក​អាប៉ូឡូ​ទី១១​ទាំង៣រូប រួមជាមួយ​នឹង​ពាក្យ​​ដែល​បង្ហាញថា មនុស្សជាតិ​បាន​មក​ចុះចត​លើ​ដីព្រះចន្ទ​ក្នុង​ចេតនា​សន្តិភាព ("Here men from the planet Earth first set foot upon the Moon. July 1969, A.D. We came in peace for all mankind.")។ ក្រៅវត្ថុអនុស្សាវរីយ៍​ផ្លូវការ​អស់​ទាំងនេះ អវកាសយានិក​អាប៉ូឡូទី១១​ក៏​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ផងដែរ ដោយ​ក្នុងនោះ​រួមមានស្លាកឈ្មោះ​អវកាសយានិក​អាមេរិក​៣រូប ដែល​ត្រូវ​បាត់បង់ជីវិត​នៅ​ក្នុង​បេសកកម្ម​អាប៉ូឡូទី១ (ឆ្នាំ១៩៦៧) និង​ជាពិសេស​ជាងនេះ​ទៅទៀត នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​បន្សល់ទុក​ផងដែរ​នូវស្លាកឈ្មោះ​​អវកាសយានិក​សូវៀត​ពីររូប គឺ វ៉្លាឌីមៀរ កូម៉ារ៉ូវ (Vladimir Kormarov) ដែល​បាត់បង់​ជីវិត​ក្នុង​បេសកកម្ម (ឆ្នាំ១៩៦៧) និង យូរី ហ្កាហ្ការីន (Yuri Gagarin) ដែល​នៅតែ​ជាប់​ឈ្មោះ​ថា​ជា​មនុស្ស​ដំបូងបង្អស់ ដែល​បាន​ហោះ​ចេញ​ទៅ​ក្នុង​ទីអវកាស។ ការបន្សល់ទុក​នូវ​ស្លាកឈ្មោះ​អវកាសយានិក​សូវៀត ដែល​ជា​គូសត្រូវ នៅ​ក្នុងពេល​ដែល​សង្រ្គាម​ត្រជាក់​កំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ គឺ​ជា​កាយវិការ​មួយ​បញ្ជាក់​ថា សម្រាប់​អវកាសយានិក​អាប៉ូឡូ បើទោះបីជា​នៅលើ​ដី មាន​ការបែងចែក​ជា​ជាតិសាសន៍​ ជា​ប្រទេស ដែល​​​មាន​ទៅដោយ​ជម្លោះ និង​ការប្រជែងគ្នា ក៏ប៉ុន្តែ នៅ​ក្នុង​ទីអវកាសវិញ ជោគជ័យ​នៅ​ក្នុងការ​ចុះចត​លើ​ដីព្រះចន្ទ វា​គឺ​ជា​ជោគជ័យ​រួម​របស់​មនុស្សជាតិ​ទាំងមូល៕
Jul 19, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ
00:08:41
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ ដែល​អាច​​នាំ​មនុស្ស​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ កាល​ពី​៥០ឆ្នាំមុន។ (មានវីដេអូនៅខាងក្រោម) នៅដើម​ទសវត្សរ៍​ឆ្នាំ១៩៦០ ពិភពលោក​កំពុង​ធ្លាក់​យ៉ាងជ្រៅ​ទៅ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​​ការ​ប្រកួតប្រជែងគ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើតមានឡើង​យ៉ាង​ក្តៅគគុក និង​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ រាប់​ចាប់តាំង​ពី​ខាង​យោធា ​នយោបាយ និង​សេដ្ឋកិច្ច រហូត​ទៅដល់​វិស័យ​បច្ចេកវិទ្យា​ និង​អវកាស។ តាមការពិត​ទៅ វិស័យ​អវកាស​នេះ​មាន​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​ច្រើន​ទៅនឹង​វិស័យ​យោធា ជាពិសេស គឺ​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប ដែល​បន្សល់ទុក​ពី​អាល្លឺម៉ង់​ណាហ្ស៊ី គឺ​រ៉ុកកែត V-2 ដែល​​អ្នក​វិទ្យាសាស្រ្ត​របស់​ហ៊ីត្លែរ​បាន​ផលិត នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ហើយ​ដែល​ជា​រ៉ុកកែត​លើកដំបូងបង្អស់​នៅក្នុង​ប្រវត្តិនៃ​មនុស្ស​ជាតិ ដែល​អាច​ហោះ​ទៅ​ចេញ​ផុត​ពី​ព្រំដែន​នៃ​បរិយាកាស​​ភពផែនដី​ចូល​ទៅដល់​ក្នុង​ទីអវកាស។ ក្រោយ​ពី​អាល្លឺម៉ង់​ចាញ់​សង្រ្គាម អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​ជាច្រើន​នាក់ ដែល​ជំនាញ​ខាង​បច្ចេកវិទ្យា​ផលិត​រ៉ុកកែត V-2 (ជា​ពិសេស​អ្នក​វិទ្យាសាស្រ្ត​ឈ្មោះ Wernher Von Braun) ត្រូវ​បាន​អាមេរិក​​លួច​ជន្លៀស​ដោយ​សម្ងាត់ យក​​ចេញ​ពី​អាល្លឺម៉ង់​ទៅ​អាមេរិក ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា សូវៀត​ដែល​បាន​វាយដណ្តើម​កាន់កាប់​ប្រទេស​អាល្លឺម៉ង់​មួយ​ផ្នែក​ធំ​នោះ ក៏​បាន​ចាប់ខ្លួន​អ្នក​វិទ្យាសាស្រ្ត​អាល្លឺម៉ង់​មួយ​ចំនួន ព្រមទាំង​បាន​រឹបអូស​យក​ឯកសារ និង​ប្លង់​មេ​នៃ​រ៉ុកកែត V-2 នេះ​បាន​យ៉ាងច្រើន​ផងដែរ។ តាមរយៈ​បច្ចេកវិទ្យា​អាល្លឺម៉ង់​​នេះ​ហើយ ដែល​អាមេរិក និង​សូវៀតអាច​បង្កើត​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប និង​ក្រោយ​មក​ទៀត ផលិត​រ៉ុកកែត សម្រាប់​ប្រើ​នៅក្នុង​ការ​ប្រកួតប្រជែង​ខាង​អវកាស។ ក៏ប៉ុន្តែ នៅ​ក្នុង​វិស័យ​អវកាស​នេះ សហភាព​សូវៀត​មាន​ភាព​ជឿនលឿន​ទៅមុខ​ច្រើន​ជាង​សហរដ្ឋ​អាមេរិក។ នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ សហភាព​សូវៀត​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​​​​​បាញ់​បង្ហោះ​​នូវ​ផ្កាយរណប​មួយ ឈ្មោះ​ថា Sputnik ដាក់ទៅ​ក្នុង​តារាវិថី ជុំវិញ​​ភពផែនដី។ ជោគជ័យ​ក្នុងការ​បាញ់​បង្ហោះ​ផ្កាយ​រណប Sputnik នេះ បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​​ភ័យ​ឆោឡោ ដោយ​ម្យ៉ាង​បារម្ភ​ពី​ការ​គំរាមកំហែងផ្នែក​​សន្តិសុខ​ដែល​អាច​បង្កឡើង​ដោយ​សហភាព​សូវៀត​ពី​ទីអវកាស​ផង និង​បារម្ភ​ផងដែរ ខ្លាច​ដើរ​មិនទាន់​សូវៀត​ខាង​បច្ចេកវិទ្យា។ នៅ​ពេលនោះហើយ ដែល​សហរដ្ឋ​អាមេរិក ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី ដ្វៃ អៃសិនហូវ័រ (Dwight Eisenhower) ចាប់ផ្តើម​​ងាក​មក​​ផ្តោត​អាទិភាព​​លើ​វិស័យ​អវកាសនេះ​ដែរ  ដោយ​​បាន​បង្កើត​ស្ថាប័ន​ជំនាញ​មួយ​ឲ្យ​ទទួល​បន្ទុក​អភិវឌ្ឍ​កម្មវិធី​អវកាស គឺ​ទីភ្នាក់ងារ​ណាសា (National Aeronautics and Space Administration) នៅ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ១៩៥៨។ ក្រោយ​ពី​បាន​បង្កើត​ឡើង​ភ្លាម ណាសា​បាន​បង្កើត​កម្មវិធី​អវកាស​ទីមួយ​របស់​ខ្លួន ដោយ​ដាក់​ឈ្មោះ​ថា “Mercury Program” ដោយ​បាន​ដាក់​ចេញ​នូវ​គោលដៅ​ចម្បងមួយ គឺ​បញ្ជូន​អវកាសយានិក​​ឲ្យ​ហោះចេញ​ទៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី រួចហើយ​វិលត្រឡប់​មក​ផែនដី​វិញ​ដោយ​សុវត្ថិភាព។ តាមគម្រោង អាមេរិក​ចង់​សម្រេច​គោលដៅ​បញ្ជូន​អវកាសយានិក​ទៅ​ក្នុង​ទីអវកាស​នេះ​ឲ្យ​បាន​មុន​សហភាព​សូវៀត ក៏ប៉ុន្តែ ជាថ្មី​ម្តងទៀត កម្មវិធី​អវកាស​របស់​អាមេរិក​នៅតែ​ដើរយឺតមួយ​ជំហាន​ក្រោយ​សហភាព​សូវៀត។ នៅថ្ងៃ​ទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិក​សូវៀត យូរី ហ្កាហ្ការីន (Yuri Gagarin) គឺ​ជា​មនុស្ស​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​បាន​ធ្វើ​ដំណើរ​​ទៅ​ក្នុង​ទីអវកាស ដោយ​បាន​ហោះ​ក្នុង​គន្លង​តារាវិថី មួយ​ជុំ​ភពផែនដី រួចហើយ​វិលត្រឡប់​មក​ចុះចត​លើ​ផែនដី​វិញ​ដោយ​សុវត្ថិភាព។ ជិតមួយខែ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី៥ ខែ​ឧសភា ទើប​អាមេរិក​អាច​បញ្ជូន​អវកាសយានិក​របស់​ខ្លួន គឺ​ អាឡាន់ ស្ហេប៉ាដ (Alan Shepard) ឲ្យ​ហោះ​ចេញ​ទៅ​ក្នុង​ទីវអកាស​ ប៉ុន្តែ​ក៏​ នៅមិនទាន់​អាច​ហោះ​មួយ​ជុំ​​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី​ដូច​សូវៀត​នៅឡើយ​នោះដែរ។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ១៩៦២ ពោលគឺ ដល់​ទៅ​ជិត​១ឆ្នាំ​ក្រោយ​សហភាព​សូវៀត ទើប​អាមេរិក​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ដោយ​បាន​បញ្ជូន​អវកាសយានិក (John Glenn) ឲ្យ​ទៅ​ហោះ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី។ កាល​ពី​​ខែ​មេសា ឆ្នាំ១៩៦១ នៅ​ពេល​ដែល​ យូរី ហ្កាហ្ការីន ទទួល​ជោគជ័យ​ក្នុងការ​ហោះ​ក្នុងគន្លង​តារាវិថី​ជុំវិញ​ភពផែនដី សហរដ្ឋ​អាមេរិក​ទើប​នឹង​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក ចន កេណេឌី (John F Kennedy) ដែល​បាន​ជាប់​ឆ្នោត កាល​ពី​ខែវិច្ឆិកា​ឆ្នាំ១៩៦០ ហើយ​ទើប​នឹង​ឡើង​មក​កាន់​តំណែង​ជា​ផ្លូវការ កាល​ពី​៤ខែមុន។ នៅ​ក្នុង​ខែ​មេសា​នោះ ក្រៅពី​បរាជ័យ​មិន​អាច​បញ្ជូន​អវកាសយានិក​ទៅ​ក្នុង​ទីអវកាស​បាន​មុន​សហភាព​សូវៀត អាមេរិក​ក៏​ត្រូវ​ប្រឈម​នឹង​បរាជ័យ​ដ៏​អាម៉ាស់​មួយ​ទៀត​ផងដែរ គឺ​បរាជ័យនៃ​ប្រតិបត្តិការ​របស់​សេអ៊ីអា​ក្នុង​ការ​ចូល​ឈ្លានពាន​ប្រទេស​គុយបា... ​ប្រតិបត្តិការ ដែលគេតែង​ស្គាល់​ជា​ទូទៅ​ថា “Bay of Pigs Invasion”។ ប្រឈម​នឹង​បរាជ័យ​ផ្ទួនៗ​គ្នា​នេះ អាមេរិក​ត្រូវការ​ជាចាំបាច់​ស្វែងរក​ជោគជ័យ​ណាមួយ ដើម្បី​ស្តារមុខមាត់​របស់​ខ្លួន​ឡើងវិញ ហើយ​នៅ​ពេលនោះ ​វិស័យ​អវកាស គឺ​ជា​ចំណាប់អារម្មណ៍​ដ៏​ចម្បងមួយ​របស់លោក​ចន កេណេឌី។ លោក​ចន កេណេឌី​ក៏​បាន​​ចេញ​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ធ្វើការ​សើរើ​មើល​ឡើងវិញ​នូវ​គម្រោង​អវកាស​របស់​ណាសា ដើម្បី​ធ្វើ​យ៉ាងណា​ប្រជែង​យក​ឈ្នះ​សហភាព​សូវៀតឲ្យ​បាន ហើយចំណុច​ដែល​គេរំពឹងថា​នឹង​អាច​ប្រជែង​ឈ្នះ​សូវៀតបាន​ គឺ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ។ ​នៅ​ថ្ងៃ​ទី២៥​ខែ​ឧសភា​ឆ្នាំ១៩៦១ លោក​ចន កេណេឌី បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ នៅ​ចំពោះ​មុខ​សភា​អាមេរិក ដោយ​​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ លោក​មិនត្រឹមតែដាក់​ចេញ​នូវ​គោលដៅ​​​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ​ប៉ុណ្ណោះទេ ប៉ុន្តែ ថែម​ទាំង​បាន​កំណត់​ពេល​យ៉ាង​ច្បាស់​ថា អាមេរិក​នឹង​ធ្វើ​រឿងនេះ​ឲ្យ​បាន នៅ​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ៦០។ នៅ​ពេលនោះហើយ ដែល​គម្រោង​អវកាស​​ថ្មី​មួយ​ត្រូវ​បាន​ណាសា​បង្កើតឡើង ដោយដាក់​ឈ្មោះ​ថា “អាប៉ូឡូ” (Apollo Program)។ នៅ​ពេលនោះ បច្ចេកវិទ្យា​អវកាស​អាមេរិក​នៅ​មាន​ភាព​យឺតយ៉ាវ​ច្រើន​នៅឡើយ។ អាមេរិក​ទើប​នឹង​អាច​បញ្ជូន​អវកាសយានិក​​ទៅ​ក្នុង​ទីអវកាស​បានតែម្តងប៉ុណ្ណោះ ហើយ​អវកាសយានិក​នេះ​ទៀត​សោត​ក៏​នៅ​មិនទាន់​ទាំង​អាច​ហោះ​បាន​ដល់​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី​នៅឡើយ​នោះផង។ ដូច្នេះ ដើម្បី​អាច​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ នៅ​ក្នុង​រយៈពេល​មិនដល់​១០ឆ្នាំ​ទៀត​ផង​នោះ ផ្លូវ​ដែល​ណាសា​ត្រូវ​ដើរ គឺ​នៅ​ឆ្ងាយ​សែន​ឆ្ងាយ។ ក៏ប៉ុន្តែ អ្វី​ដែល​ណាសា​មាន​នៅ​ក្នុង​ដៃ​នៅ​ពេលនោះ គឺធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ។ ដើម្បី​អាច​សម្រេច​តាម​គោលដៅ ហើយ​ប្រជែង​យក​ឈ្នះ​សូវៀត សភា​អាមេរិក​បាន​​ផ្តល់​នូវ​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅដល់​ណាសា ដោយ​គ្រាន់តែ​គម្រោង​អាប៉ូឡូ​មួយ ណាសា​ទទួល​បាន​នូវ​កញ្ចប់​ថវិកា​រហូតដល់​ទៅ​ ២៥ពាន់លាន​ដុល្លារ (ជាង ១៥០ពាន់លាន​ បើ​គិត​តាម​តម្លៃ​លុយ​ដុល្លារ​បច្ចុប្បន្ន) ហើយ​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​គម្រោង​អាប៉ូឡូ​នេះ គឺ​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៤០ម៉ឺននាក់​ ព្រមទាំង​​​ក្រុមហ៊ុន​តូចធំ​​ជាច្រើន​ផ្សេងទៀត ដែល​ធ្វើការ​ជាប់កិច្ចសន្យាឲ្យ​ណាសា នៅ​ក្នុង​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ​ឲ្យ​បាន​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ៦០៕
Jul 13, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី
00:09:24
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ នៃ​បេសកកម្ម​អាប៉ូឡូ នៅ​ក្នុង​ខែកក្កដា​នេះ សេង ឌីណា ​សូម​​ធ្វើ​ការ​ផ្តោត​ជាពិសេស​ទៅលើ​ ​ព្រះចន្ទ ដែល​ជា​ទីកន្លែង​តែមួយគត់​នៅ​ក្នុង​ចក្រវាល​យើង​នេះ ដែល​មនុស្ស​យើង​ធ្លាប់​ធ្វើ​ដំណើរ​ទៅដល់។ (មានវីដេអូនៅខាងក្រោម) “ព្រះចន្ទ”... ដូចដែល​យើង​អាច​សង្កេតឃើញ​ស្រាប់​នៅ​ក្នុង​ពាក្យ​ខ្មែរ គឺ​មាន​ពាក្យ​ថា “ព្រះ” នៅពីមុខ ដោយសារ​តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ ក៏ដូចជា​អរិយធម៌​ជាច្រើន​ផ្សេងទៀត​ដែរ​កាល​ពី​សម័យ​បុរាណ ព្រះចន្ទ​ត្រូវ​បាន​គេ​គោរព​បូជា​ដូចជា​ព្រះ។ ព្រះចន្ទ គឺ​ជា​អ្នក​ត្រួតត្រា​ផ្ទៃមេឃ​របស់​យើង​នៅ​ពេលយប់ ដោយសារ​តែ​មាន​ទំហំ​ធំជាងគេ និង​​​​មាន​ពន្លឺ​​ខ្លាំងជាងគេ ហើយ​​​​ក៏​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ​ទៅដល់​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​យើង។ សម្រាប់​មនុស្សជាតិ​សម័យ​បុរាណ ព្រះចន្ទ​គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ទីសម្គាល់​ទិស និង​ជា​គោល​សម្រាប់​សម្គាល់​ពេល ពោលគឺ​ជា​គោល​នៃ​ប្រតិទិន​ចន្ទគតិ។ តាម​ការពិត​ទៅ ព្រះចន្ទ​មិនមែន​ជា​របស់​ពិសេស​ដែល​មាន​តែមួយគ្មាន​ពីរ​នោះទេ នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ។ ព្រះចន្ទ បើ​និយាយ​ទៅតាម​ន័យ​ទូលាយ គឺ​គេ​សំដៅ​ទៅលើ​តារារណបធម្មជាតិ ដែល​ធ្វើ​ដំណើរ​វិលជុំវិញភព ហើយ​​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​បាន​រកឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ ​មាន​ព្រះចន្ទ​រហូតដល់​ទៅ​ជាង ១៥០​ឯណោះ។ ភពខ្លះ​មាន​ព្រះចន្ទ​ច្រើន​រហូតដល់​ទៅ​រាប់សិប (ដូចជា ភព​ព្រហស្បតិ៍​ជាដើម) ចំណែក​ភពផែនដី​របស់​យើងវិញ មាន​ព្រះចន្ទតែមួយគត់។ បើ​និយាយ​ពី​ទំហំ​វិញ ព្រះចន្ទ​របស់​យើង​នេះ​ ថ្វីដ្បិត​តែ​យើង​មើល​ទៅ​ឃើញ​មាន​ទំហំ​ធំ​​ជាងគេ​នៅលើ​មេឃ ក៏ប៉ុន្តែ តាមពិតទៅ ក៏​មិនមែន​ជា​ព្រះចន្ទ​ដែល​មាន​ទំហំ​ធំជាងគេ​នោះដែរ។ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ ព្រះចន្ទ​ដែល​មាន​ទំហំ​ធំជាង​គេ​បង្អស់ គឺ​​ព្រះចន្ទ​របស់​ភពព្រហស្បតិ៍​ឈ្មោះ​ថា “ហ្កានីម៉ែដ” (Ganymède)។ ចំណែក​ព្រះចន្ទ​របស់​យើង​វិញ ស្ថិត​នៅ​លំដាប់​ទី៥​ឯណោះ។ ក៏ប៉ុន្តែ បើ​គេ​និយាយជាលក្ខណៈ​ធៀប​វិញ ព្រះចន្ទ​របស់​យើង​នេះ​មាន​ទំហំ​ធំជាងគេ​ធៀប​ទៅនឹង​ភពផែនដី ដែល​ខ្លួន​ជា​តារារណប។ ហ្កានីម៉ែដ ​ជា​ព្រះចន្ទ​ធំជាងគេ​នៅក្នុង​​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ក៏ប៉ុន្តែ មាន​ទំហំ​ត្រឹមតែ​ប្រមាណ​ជា ៣%​ ប៉ុណ្ណោះ នៃ​ទំហំ​ភពព្រហស្បតិ៍ ក្នុងពេល​ដែល​ព្រះចន្ទ​របស់​យើង​នេះ​វិញ មាន​ទំហំ​រហូត​ដល់​ទៅ ២៧% ឯណោះ ពោលគឺ​លើស​ពី ១ភាគ៤ នៃ​ទំហំ​ភពផែនដី។ ព្រះចន្ទ​​​​ធ្វើ​ដំណើរ​វិល​មួយ​​ជុំ​ភពផែនដី ក្នុងរយៈពេល​ស្មើ​គ្នា​នឹង​រយៈពេល​ដែល​ព្រះចន្ទ​វិល​ជុំវិញ​ខ្លួនឯង​ដែរ គឺ ២៩ថ្ងៃ។ ហេតុដូច្នេះហើយ​បាន​ជា​ ពី​ភពផែនដី​ទៅ យើង​អាច​មើល​ឃើញ​​ព្រះចន្ទ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​ម្ខាង​ទៀត​ត្រូវ​បែរ​ចេញ​ពី​ភព​ផែនដី​ជាប់​ជា​ប្រចាំ ហើយ​មិន​អាច​ឲ្យ​យើង​មើល​ឃើញ​បាន។ កាល​ពី​សម័យ​បុរាណ នៅ​ពេល​ដែល​មនុស្ស​យើង​មិន​ទាន់​ចេះ​បង្កើត​តេឡេស្កុប ​យើង​មើល​ទៅ​​ព្រះចន្ទ​ដោយ​ភ្នែក​ទទេ​ឃើញ​ថា ព្រះចន្ទ​ហាក់ដូចជា​ដុំស្វ៊ែរ​មួយ ដែល​មាន​ផ្ទៃ​រាប​ស្មើ​ល្អ​ឥតខ្ចោះ ដោយ​នៅ​ចំកណ្តាល​មាន​ស្រមោល​ខ្មៅ ដែល​មាន​រូបរាង​ដូចជា​សត្វទន្សាយ ឬ​ជា​រូបអ្វីផ្សេងទៀត​អាស្រ័យ​ទៅតាម​ការ​បកស្រាយ និង​ជំនឿ​​របស់​អរិយធម៌​ផ្សេងៗគ្នា។ ក៏ប៉ុន្តែ ក្រោយ​​ពី​សម័យកាល​កាលីលេ ដែល​បាន​សង្កេត​មើល​ព្រះចន្ទ​ដោយ​ប្រើ​តេឡេស្កុប ទើប​គេ​ដឹង​ថា ស្រមោល​ខ្មៅ​ដែល​មាន​រាង​ដូចជា​សត្វទន្សាយ​នេះ តាមការ​ពិត​ទៅ គឺ​ជា​តំបន់​ទំនាប ឬ​បណ្តុំនៃ​រណ្តៅ​អាចម៍ផ្កាយ ហើយ​ដែល​អ្នកតារាសាស្រ្ត​ប្រសិទ្ធនាម​ឲ្យថា « Maria » ដែល​​ជាភាសាឡាតាំង​មានន័យថា​ “សមុទ្រ”។ ការសង្កេតមើល​តាម​តេឡេស្កុប​ក៏​អាច​ឲ្យ​គេ​ឃើញ​ផងដែរ​ថា រណ្តៅអាចម៍ផ្កាយ​នៅលើ​​ផ្ទៃដី​ព្រះចន្ទ គឺ​មាន​រាប់រយពាន់ ហើយ​មាន​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​រណ្តៅខ្លះ​តូច ហើយ​ខ្លះទៀត​ធំ រហូត​ដល់​ទៅ​រាប់​រយគីឡូម៉ែត្រ​ឯណោះ។ តាមការពិត ​រណ្តៅ​អាចម៍ផ្កាយ​ទាំងនេះ​ មាន​ខ្លះ​មាន​អាយុកាល​រហូតដល់​ទៅ​រាប់ពាន់លាន​ឆ្នាំ​ឯណោះ ក៏ប៉ុន្តែ ដោយសារ​តែ​នៅលើ​ព្រះចន្ទ​​ គ្មាន​បរិយាកាស គ្មាន​ខ្យល់ គ្មាន​ទឹក  ដែល​អាច​ធ្វើ​ឲ្យ​ស្លាកស្នាម​អស់​ទាំងនេះ​ត្រូវ​ផ្លាស់ប្តូរ ឬ​រលុប​បាន ទើប​​រណ្តៅ​អស់​ទាំងនេះ​នៅ​តែ​អាច​រក្សា​រូបរាង​ដើម​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ សូម្បីតែ​ស្នាមជើង​របស់​​អវកាស​យានិក​អាប៉ូឡូ ដែល​បាន​ជាន់ដី​ព្រះចន្ទ កាល​ពី​៥០ឆ្នាំមុន​នោះ ក៏​នៅ​បន្ត​រក្សា​រូបរាង​ដើម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះដែរ។ ការណ៍​ដែល​ព្រះចន្ទ​​គ្មាន​បរិយាកាស​នេះ​ ក្រៅពីធ្វើ​ឲ្យ​រណ្តៅ​ចំណាស់​រាប់ពាន់លាន​ឆ្នាំ​នៅ​រក្សា​រូបរាង​ដើម​បាន​ វា​ក៏​ធ្វើ​ឲ្យ​មាន​​លក្ខណៈ​ពិសេស​ខុសគ្នាជាច្រើន​ទៀត​ផងដែរ រវាង​អ្វី​ដែល​យើង​សង្កេតឃើញ​នៅលើ​ផែនដី និង​អ្វី​ដែល​យើង​អាច​សង្កេតឃើញ​នៅលើ​ព្រះចន្ទ។ គ្មាន​បរិយាកាស គឺ​មានន័យ​ថា គ្មាន​​ខ្យល់​​អុកស៊ីសែន​សម្រាប់​ឲ្យ​យើង​ដកដង្ហើម​ ហើយ​ក៏​គ្មាន​ម៉ូលេគុល​ខ្យល់​សម្រាប់​ចម្លង​សំឡេង​បាន​នោះដែរ។ មានន័យ​ថា នៅលើ​ព្រះចន្ទ បើទោះបីជា​យើង​ឈរ​នៅ​ក្បែរគ្នា ហើយ​ខំប្រឹង​ស្រែក​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​យើង​មិន​អាច​ស្តាប់​​គ្នា​ឮបាន​នោះដែរ (លើកលែង​តែ​ប្រើ​វិទ្យុទាក់ទង)។ ម្យ៉ាងវិញ​ទៀត ការណ៍​ដែល​គ្មាន​បរិយាកាស និង​គ្មាន​​ម៉ូលេគុល​ខ្យល់ ដើម្បី​បំភាយ​ពន្លឺ​ពីព្រះអាទិត្យ មានន័យថា ផ្ទៃមេឃ​នៅលើ​ព្រះចន្ទ​មិនមាន​ពណ៌​ខៀវ​ដូចជា​នៅលើ​ផែនដី​នោះទេ ផ្ទុយ​ទៅវិញ គឺ​មាន​ពណ៌​ខ្មៅ​ជាប់​ជា​និច្ច​ បើ​ទោះបីជា​នៅ​នៅ​ពេល​ថ្ងៃ​ក៏ដោយ។ សីតុណ្ហភាព​វិញ​ក៏​មាន​ការ​ខុសប្លែក​គ្នា​​​យ៉ាង​ខ្លាំង​ផងដែរ ពី​អ្វីដែល​យើង​ឃើញ​មាន​នៅលើ​ភពផែនដី​។ នៅលើ​ភពផែនដី សីតុណ្ហភាព រវាង​ពេល​ថ្ងៃ និង​ពេល​យប់ ថ្វីដ្បិត​តែ​មាន​ការ​ប្រែប្រួល​ខ្លះ ក៏ប៉ុន្តែ ក៏​មិន​សូវ​ជា​ខុសគ្នា​ខ្លាំង​ប៉ុន្មាន​នោះដែរ។ នេះ​ក៏ដោយសារ​តែ​ផែនដី​មាន​ស្រទាប់​បរិយាកាស សម្រាប់​ទប់​កម្តៅ​ពី​ព្រះអាទិត្យ។ នៅលើ​ព្រះចន្ទ​វិញ ដែល​គ្មាន​បរិយាកាស​ សីតុណ្ហភាព​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ត្រូវ​ប្រែប្រួល​ខុសគ្នា​ដូច​មេឃ​នឹង​ដី គឺ​ពេល​ថ្ងៃ​អាកាសធាតុ​ក្តៅខ្លាំង​រហូតដល់​ទៅ​ជាង​១២០​អង្សា (១២៧អង្សា) ចំណែក​នៅ​ពេល​យប់​វិញ សីតុណ្ហភាព​ចុះ​ត្រជាក់​ភ្លាមៗ​រហូត​ដល់​ទៅ​ជាង ១៧០ ក្រោម​សូន្យ (-១៧៣អង្សា)។​ ចំណុច​ខុសគ្នា​ដ៏​សំខាន់​មួយ​ទៀត គឺ​កម្លាំង​ទំនាញ។ ព្រះចន្ទ​មាន​ម៉ាស់​តិច​ជាង​ផែនដី​រហូតដល់​ទៅ​ ៨០ដង ហើយ​កម្លាំង​ទំនាញ​ក៏​​​ខ្សោយ​ជាង​ផែនដី​រហូតដល់​ទៅ​៦ដងផងដែរ។ មានន័យថា អ្នក​ដែល​មាន​ទម្ងន់ ៦០គីឡូ​​ក្រាម ពេល​ទៅ​ឈរលើ​ដី​ព្រះចន្ទ នឹង​មាន​ទម្ងន់ត្រឹមតែ ១០គីឡូក្រាម​តែប៉ុណ្ណោះ។ ព្រះចន្ទ​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​​ប្រមាណ​​ជាង ៣៨ម៉ឺន​គីឡូម៉ែត្រ​​ប៉ុណ្ណោះ ពី​ភព​ផែនដី ពោលគឺ ជា​ចម្ងាយ​មួយ​ដ៏​ជិត​បំផុត បើ​ធៀប​នឹង​ភព ឬ​ព្រះចន្ទ​ផ្សេងទៀត នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ ដើម្បី​ជា​ការ​ប្រៀបធៀប ភពសុក្រ ដែល​ជា​ភព​ស្ថិត​នៅ​ជិត​ផែនដី​ជាងគេ​លំដាប់​ទីពីរ​បន្ទាប់​ពី​ព្រះច​ន្ទ គឺ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជា ៤០លាន​គីឡូម៉ែត្រ​ឯណោះ​ពី​ផែនដី ពោលគឺ ឆ្ងាយ​ជាង​ព្រះចន្ទ​រហូត​ដល់​ទៅ​ជាង​១០០ដង​ឯណោះ។ ព្រះចន្ទ ដែល​ត្រូវ​បាន​​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​នាំគ្នា​ប្រសិទ្ធិនាម​ឲ្យ​ថា​ជា “ទ្វីបទី៨​របស់​ផែនដី” នោះ គឺ​ជា​ទី​​កន្លែង​តែមួយគត់​នៅ​ក្នុង​ចក្រវាល​នេះ ដែល​មនុស្ស​យើង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​​ចុះចត គឺ​នៅ​ក្នុង​អំឡុង​​​បេសកកម្ម​អាប៉ូឡូ នៅ​​ចន្លោះ​ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ១៩៧២​កន្លងទៅ៕
Jul 05, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?
00:09:47
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពីដើមកំណើត​នៃ​ប្រព័ន្ធលេខ ដែល​យើង​ប្រើប្រាស់​ជា​សកល​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ដំណើរវិវឌ្ឍន៍​នៃ​ចំណេះដឹង​របស់​មនុស្ស​ជាតិ​យើង​​ទៅលើ​ចក្រវាល ចាប់តាំង​ពី​សម័យ​បុរាណ រហូត​មក​ស្គាល់​នូវ​ភាព​ជឿនលឿន​ដូច​​​សព្វថ្ងៃ​នេះ មិនអាច​កើតឡើងបាន​ទេ ប្រសិន​បើ​គ្មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ គឺ​ប្រព័ន្ធលេខ ឬ​ប្រព័ន្ធរបាប់។ យើងអាច​វាស់ដឹង​អំពី​រង្វង់​ជុំវិញ​ភពផែនដី, អាច​បែងចែក​ថ្ងៃ​ចេញ​ជា ២៤ម៉ោង, អាច​​រាប់ថ្ងៃខែឆ្នាំ ហើយ​បង្កើត​ទៅជា​ប្រតិទិន… ទាំងអស់​នេះ​ គឺ​សុទ្ធសឹង​តែ​ត្រូវការ​ជាចាំបាច់​នូវ​ប្រព័ន្ធលេខ។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​វិទ្យាសាស្រ្ត​ជា​ទូទៅ​ចាត់ទុក​ថា ការ​រកឃើញ​នូវ​ប្រព័ន្ធលេខ​ វា​គឺ​ជា​ចំណេះដឹង​ជាមូលដ្ឋាន​ដ៏​សំខាន់​បំផុត​​​​មួយ​របស់​មនុស្ស​ជាតិ​យើង។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធលេខ​ដែល​យើង​ប្រើ​ទូទៅ​ជា​លក្ខណៈ​សកល គឺ​ជា​ប្រព័ន្ធ​គោលដប់។ ក៏ប៉ុន្តែ កាល​ពីដើម​ដំបូងឡើយ មនុស្ស​យើង​មាន​របៀប​រាប់​ខុសៗគ្នា អាស្រ័យ​ទៅតាម​អរិយធម៌​ផ្សេងៗគ្នា។ ពួក​បាប៊ីឡូន​ប្រើ​ប្រព័ន្ធ​គោល៦០ អេហ្ស៊ីប​ប្រើប្រព័ន្ធ​គោល១២ ក៏ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ប្រព័ន្ធលេខ​ដែល​គេ​ប្រើ​ច្រើន​ជាងគេ កាល​ពី​សម័យ​បុរាណ គឺ​ប្រព័ន្ធ​គោល៥ និង​ប្រព័ន្ធ​គោល២០។ យើង​អាច​សង្កេតឃើញ​នូវ​តម្រ៉ុយ​នៃ​​​ប្រព័ន្ធ​គោល២០ នៅ​ក្នុង​ភាសា​បារាំង​បច្ចុប្បន្ន តាមរយៈពាក្យ​ « Quatre-vingt » គឺ “ប៉ែតសិប” ហើយ​ដែល​ជា​ការផ្សំគ្នា​ពីពាក្យ​ថា “ម្ភៃបួនដង”។ ចំណែក​ឯ​តម្រ៉ុយ​នៃ​​ប្រព័ន្ធគោល៥វិញ យើង​អាច​សង្កេតឃើញ​យ៉ាង​ច្បាស់ នៅ​ក្នុង​ភាសា​ខ្មែរ​។ នៅ​ក្នុង​ការ​រាប់លេខ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើទោះបីជា​យើង​ប្រើ​ប្រព័ន្ធ​គោលដប់ នៅ​ក្នុង​ការ​សរសេរ​ជា​លេខ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​បញ្ចេញ​សំឡេងជា​ភាសា​និយាយ ឬ​ការ​​សរសេរលេខ​ជា​អក្សរវិញ គឺ​យើង​នៅតែ​ប្រើ​ប្រព័ន្ធ​គោល៥ដដែល ពោលគឺ យើង​មាន​ពាក្យ​រាប់ពីមួយ​ទៅដល់​ប្រាំ ហើយ​ចាប់​ពី​ប្រាំ​ឡើងទៅ យើង​ត្រូវប្រើ​ពាក្យ “ប្រាំ” ផ្សំនឹង​ចំនួន​ផ្សេង គឺ ប្រាំមួយ (៦) ប្រាំពីរ (៧) ប្រាំបី (៨) និង​ប្រាំបួន (៩)។ ប្រព័ន្ធ​គោល៥​នេះ ក៏​មាន​តម្រ៉ុយ​ផងដែរ នៅ​ក្នុង​របៀប​សរសេរ​លេខ កាល​ពី​សម័យបុរាណ ដែល​​នៅ​កន្លែងខ្លះ​​​គេ​គូស​គំនូស​បញ្ឈរពីលើ​ចុះក្រោម​នៅ​ទន្ទឹមគ្នា​ជា​ការ​សម្គាល់​លេខ១​ដល់​លេខ៤ ចំណែក​លេខ៥ គឺ​សម្គាល់​ដោយ​គំនូស​បញ្ឈរ៤ និង​គំនូស​បញ្ឆិត១​កាត់ពីលើ។ នៅ​ចិន​សម័យបុរាណ​វិញ គេ​ក៏​ប្រើ​ប្រព័ន្ធ​ស្រដៀងគ្នា​នេះ​ដែរ ក៏ប៉ុន្តែ ចំនួន៤​ដំបូង​ គេ​គូសជា​ជ្រុង​ទាំង៤​នៃ​ការ៉េ រួចហើយ​គូស​មួយទៀត​កាត់បញ្ឆិត​ការ៉េ  ដើម្បី​សម្គាល់​ថា​ជា​លេខ៥។ តាមការពិត​ទៅ យើង​ឃើញ​ថា របៀប​គូស​សញ្ញា​សម្គាល់​លេខ​របស់​ចិន​សម័យ​បុរាណ​នេះ នៅតែ​ត្រូវ​បាន​យើង​​បន្ត​យក​មក​ប្រើប្រាស់​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស ប្រើ​នៅ​ក្នុង​ការ​រាប់ពន្ទុ ឬ​ក្នុងការ​រាប់​សន្លឹកឆ្នោត ជាដើម។ ក៏ប៉ុន្តែ ការសរសេរលេខ​ជា​សញ្ញា​ដូច​កាល​ពី​សម័យ​បុរាណ​នោះ គឺ​បាន​តែ​ចំនួន​តិច​តែប៉ុណ្ណោះ។ នៅ​ពេល​ដែល​គេ​ត្រូវការ​សរសេរ​សម្គាល់​ចំនួន​កាន់តែ​ធំ បញ្ហា​ស្មុគស្មាញ​ក៏​កាន់តែ​ត្រូវ​ចោទឡើង ដែល​គេ​ចាំបាច់​ត្រូវ​តែ​បង្កើត​ប្រព័ន្ធលេខថ្មី។ ប្រព័ន្ធលេខ​ដែល​យើង​ប្រើ​ប្រាស់​ទូទៅ​ជា​លក្ខណៈ​សកល​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​នាំគ្នា​ហៅ​ជាទូទៅ​ថា​ជា​ “ប្រព័ន្ធលេខអារ៉ាប់” ក៏ប៉ុន្តែ តាមការពិត​ទៅ ​អ្នក​ប្រាជ្ញ​​​ដែល​បាន​​ធ្វើការ​ចងក្រង​ប្រព័ន្ធលេខ​​​នេះ​យក​​ទៅ​​​ផ្សព្វផ្សាយ​ជះឥទ្ធិពល​ដល់​ប្រទេស​លោកខាងលិច ហើយ​ក្រោយ​មក​ទៀត​រាលដាល​ទៅពាសពេញ​ពិភពលោក​សព្វថ្ងៃនេះ គឺ​មិនមែន​ជា​អ្នក​ប្រាជ្ញ​អារ៉ាប់​នោះទេ តែ​គឺ​ជា​​​​អ្នក​ប្រាជ្ញ​ពែក្ស​​ដ៏​ល្បីល្បាញ​បំផុត​មួយខាង​គណិតវិទ្យា ឈ្មោះ​ថា អាល់​ខ្វារីសមី (Al Khwarizmi ដែល​ត្រូវ​បាន​គេ​សរសេរ​ទៅ​ជា​ឡាតាំង Algoritmi ដែល​ជា​ឫសគល់​នៃ​ពាក្យ “Algorithme”​ បច្ចុប្បន្ន)។ អាល់ខ្វារីសមី​នេះ​ទៀត​សោត​ក៏​មិនមែន​ជា​អ្នក​បង្កើត​ប្រព័ន្ធលេខ​នេះ​ដោយ​ខ្លួនឯង​នោះដែរ ប៉ុន្តែ គ្រាន់តែ​ជា​ការ​ចម្លង​បន្ត​ពី​​ប្រព័ន្ធ​ដែល​មាន​ស្រាប់​រួចហើយ​តែ​​ប៉ុណ្ណោះ ហើយ​ម្ចាស់​ដើម​ពិតប្រាកដ​នៃ​ប្រព័ន្ធលេខ​​នេះ គឺ​ឥណ្ឌា។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​ចុងក្រោយ​ គេ​បាន​រកឃើញ​ភស្តុតាង​ដែល​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា ឥណ្ឌា​បាន​បង្កើត​ប្រព័ន្ធលេខ​នេះ​យ៉ាងតិច​តាំង​ពី​​សតវត្សរ៍​ទី​៥គ.ស. ឬ​ក៏​​មុននេះ​ផង​ក៏​អាច​ថាបាន។ លក្ខណៈពិសេស​នៃ​ប្រព័ន្ធលេខ​ឥណ្ឌា​នេះ គឺ​ការ​​រាប់​តាម​ ប្រពន្ធគោលដប់ (Système décimal) ការសរសេរ​លេខ​ជា​ខ្ទង់ (Notation positionnelle/Place-value system) ពោលគឺ​លេខ​តែមួយ​​​អាច​មាន​តម្លៃ​ខុសគ្នា​អាស្រ័យ​ទៅលើ​ទីតាំង​របស់​វាជា​ខ្ទង់រាយ ដប់ រយ ពាន់... និង​កាន់តែ​ពិសេស​ជាងនេះ​ទៅទៀត គឺ​ការ​ប្រើ​សញ្ញា “សូន្យ” (០)​ នៅ​ក្នុង​ប្រព័ន្ធលេខ។ តាមការពិត​ទៅ គំនិត​ក្នុងការ​ប្រើ​ “សូន្យ” ដើម្បី​សរសេរ​លេខជា​ខ្ទង់នេះ ក៏​មាន​នៅ​​ក្នុង​អរិយធម៌ផ្សេងទៀត​ដែរ រួមមាន​ដូចជា ពួក​បាប៊ីឡូន នៅ​មេសូប៉ូតាមី និង​ពួក​ម៉ាយ៉ា នៅ​ទ្វីបអាមេរិក ជាដើម។ ក៏ប៉ុន្តែ នៅ​ក្នុង​អរិយធម៌​អស់ទាំងនេះ “សូន្យ” គ្រាន់តែ​ជា​សញ្ញាមួយ​សម្រាប់​សម្គាល់​ខ្ទង់លេខ (តាមភាសាអង់គ្លេស Place-holder) ​តែ​ប៉ុណ្ណោះ ឧទាហរណ៍ គឺ​ប្រើ​​ដើម្បី​បែងចែក រវាង​​លេខ ១២ និង​លេខ ១០២ ជាដើម។ នៅ​ឥណ្ឌាវិញ គឺ​ខុស​ពី​អរិយធម៌​​អស់ទាំងនោះ។ “០” ដែល​ឥណ្ឌា​បាន​បង្កើត​ឡើងមក​នោះ មិនមែន​​​​ដើម្បី​ធ្វើ​ត្រឹមតែ​ជា​សញ្ញា​​​សម្គាល់​ខ្ទង់លេខ​តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ វាជាលេខ​​​​ពេញមុខពេញមាត់ដូច​គេ​ដូចឯង ហើយ​ថ្វីដ្បិត​តែ​វា​គ្រាន់តែ​ជា​លេខ​ ដែល​សម្គាល់​ពី​ "ភាពទទេ"ក៏ប៉ុន្តែ នៅ​ក្នុង​ទស្សនវិជ្ជា​របស់​ឥណ្ឌា​ដែល​មាន​ឥទ្ធិពល​ច្រើន​ពី​ពុទ្ធសាសនា គេ​ផ្តល់​សារៈសំខាន់​​ខ្លាំង ចំពោះ​ “ភាពទទេ”​ ពោលគឺ​ “សូន្យ” ​ជា​ភាសា​សំស្ក្រឹត។ រហូតមក​ទល់​នឹង​ពេលនេះ គេ​នៅតែ​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់ ១០០%​នៅឡើយទេ​ថា តើ​លេខសូន្យនេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ប្រើប្រាស់​តាំង​ពីពេលណា​មក​ពិតប្រាកដ? កន្លងមក លេខសូន្យ​ដ៏​ចំណាស់​ជាងគេ​បង្អស់​​​ត្រូវ​បាន​គេរកឃើញ​នៅលើ​ជញ្ជាំង​ប្រាសាទ​មួយ ដែល​ត្រូវ​បាន​​សាងសង់​ឡើង​នៅ​សតវត្សរ៍​ទី៩​​​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា (ទីក្រុង Gwalior)។ ក្រោយមកទៀត លេខសូន្យ​កាន់តែ​ចំណាស់​ជាងនេះ​ទៅទៀត​ត្រូវ​បាន​គេ​រកឃើញ តែ​មិនមែន​រកឃើញ​នៅ​ឥណ្ឌា​នោះទេ គឺ​រកឃើញ​នៅលើ​សិលាចារិកមួយ​របស់​ខ្មែរ (K-127) ដែល​មាន​អាយុកាល​តាំង​ពី​សតវត្សរ៍​ទី៧ ពោលគឺ ចាស់ជាង​លេខសូន្យ​នៅ​ឥណ្ឌា​រហូតដល់​ទៅ ២សតវត្សរ៍​ឯណោះ។ ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​ជំនាញ​ជា​ទូទៅ​នៅតែ​កំណត់​ថា លេខសូន្យ​ដើម​ដំបូង គឺ​មាន​ដើម​កំណើត​ចេញ​ពី​ឥណ្ឌា មុននឹង​ត្រូវ​រីកសាយភាយ​មក​ដល់​អាណាចក្រ​ខ្មែរ ដែល​ជា​អរិយធម៌​មួយ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ឥណ្ឌា។ ចុងក្រោយ​បង្អស់ កាល​ពី​​ឆ្នាំ២០១៧​ថ្មីៗ​កន្លងទៅ​នេះ ការ​វាស់​អាយុ​ដោយ​ប្រើ​បច្ចេកទេស Radiocarbon ទៅលើ​សាស្ត្រា​មួយ ដែល​គេ​រកឃើញ​នៅ​ឥណ្ឌា ហើយ​ដែល​មាន​លេខសូន្យ​នៅលើ​នោះ បង្ហាញ​ថា សាស្ត្រា​នេះ​មាន​អាយុកាល​តាំង​ពី​អំឡុង​សតវត្សរ៍​ទី៣ ឬ​ទី៤​មក​ម៉្លេះ ពោលគឺ ចាស់ជាង​លេខសូន្យ​លើ​សិលាចារិក​ខ្មែរ​រហូតដល់​ទៅ​ប្រមាណ​ជា ៣០០ឆ្នាំ ហើយ​ចាស់​ជាង​លេខសូន្យ​នៅលើ​ជញ្ជាំង​ប្រាសាទ​ឥណ្ឌា ដែល​គេ​រកឃើញ​ពីមុន ​រហូតដល់​ទៅ​ប្រមាណ​ជា ៥០០ឆ្នាំ​ឯណោះ។ គិតជារួម​ទៅ រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្រ្ត​​ជាទីទៅ​មាន​ការ​ឯកភាព​គ្នា​ថា លេខសូន្យ​ ដែល​យើង​ប្រើ​បច្ចុប្បន្ន គឺ​មាន​ដើម​កំណើត​ចេញ​ពី​ឥណ្ឌា ហើយ​តាមរយៈ​លេខសូន្យ និង​ប្រព័ន្ធលេខ​របស់​ឥណ្ឌា​នេះ​ហើយ​ ដែល​​យើង​មាន​ប្រព័ន្ធលេខ​ទំនើប​ប្រើប្រាស់​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។ ប្រព័ន្ធលេខ​នេះ ដែល​កាល​ពី​មុន​ត្រូវ​បាន​គេ​ហៅ​ជា​ទូទៅ​ថា “ប្រព័ន្ធលេខអារ៉ាប់” ត្រូវបាន​គេ​ប្តូរ​មក​ហៅថា “ប្រព័ន្ធលេខ​ហិណ្ឌូអារ៉ាប់” វិញ ហើយ​វា​​ជា​ប្រព័ន្ធលេខ​​ដ៏​មាន​ប្រសិទ្ធភាព​បំផុតមួយ​ ដែលអាច​ឲ្យ​យើង​រាប់ និង​សរសេរ​លេខ​ទៅ​តាម​ចិត្ត​ចង់ តាំង​ពី​​ចំនួន​ដ៏​តូច​បំផុត គឺ "សូន្យ" ដែល​ស្មើ​នឹង​ “ភាពទទេ” រហូត​ទៅដល់​ចំនួន​ដ៏​ធំ​សម្បើម​ដល់​ទៅ​​រាប់​ពាន់ ម៉ឺន លាន កោដិ... ដោយ​ផ្សំគ្នា​ចេញ​តែ​ពី​សញ្ញា​​ចំនួន​ដប់​ប៉ុណ្ណោះ គឺ​លេខ ០ ដល់​លេខ ៩៕
Jun 24, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?
00:11:12
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ប្រវត្តិ​នៃ​ប្រតិទិន​សុរិយគតិ​​សម័យ​ទំនើប​ដែល​យើង​កំពុងប្រើ​បច្ចុប្បន្ន​ ដោយ​នៅ​ក្នុងនោះ យើងសង្កេតឃើញ​ថា ខែ​ទាំងអស់​មាន​ចំនួន​ថ្ងៃ​ឆ្លាស់គ្នា រវាង ៣០ថ្ងៃ និង ៣១ថ្ងៃ លើកលែង​តែ​ខែកុម្ភៈ​មួយ​ចេញ ដែល​មាន​ចំនួន​ថ្ងៃ​តិច​ខុសគេ។ (មានវីដេអូ​នៅខាងក្រោម) ប្រតិទិន​សុរិយគតិ​ដែល​យើង​ប្រើ​​ទូទៅ​ជា​លក្ខណៈ​សកល នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ប្រតិទិន ដែល​បង្កើត​ឡើង​ដោយ​ចក្រភព​រ៉ូម ហើយ​ភាព​ចម្លែក​នៃ​ខែ​កុម្ភៈ ដែល​មាន​ត្រឹមតែ ២៨ថ្ងៃ​ខុសគេ​នោះ ក៏​មាន​ឫសគល់​ចេញ​ពី​ចក្រភព​រ៉ូម​នេះ​ដែរ។ តាមការពិត​ទៅ ប្រតិទិន​ដើមដំបូង​​ដែល​ចក្រភព​រ៉ូម​បាន​បង្កើត​ឡើង កាល​ពី​ជាង ៧០០ឆ្នាំ​មុនគ.ស.​មកនោះ មានលក្ខណៈ​ខុសគ្នា​ស្រឡះ​ពី​​អ្វី​ដែល​យើង​ប្រើ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រតិទិន​ដើម​ដំបូង​នោះ មាន​ត្រឹមតែ ១០ខែ​ប៉ុណ្ណោះ ដោយ​​ចាប់ផ្តើម​ពី​ខែ​មីនា​ ដែល​គេ​រាប់​ថា​ជា​ខែទី១ ហើយ​បញ្ចប់​ត្រឹមខែ​ធ្នូ ដែល​គេ​រាប់​ថា​ជា​ខែ​ទី១០។ តាមការពិត​ទៅ តម្រ៉ុយ​នៃ​ប្រតិទិន​១០ខែ ហើយ​បញ្ចប់​ត្រឹមខែ​ធ្នូ​នេះ នៅតែ​បន្ត​មាន​មក​ទល់​នឹង​សព្វថ្ងៃនេះ គឺ​មាន​នៅ​ក្នុង​​ឈ្មោះ​ខែ​មួយ​ចំនួន​​ជា​ភាសា​នៅ​ប្រទេស​លោកខាងលិច ដូចជា ភាសាបារាំង និង​អង់គ្លេស ជាដើម​ ដែល​​ទទួល​ឥទ្ធិពល​ពី​ភាសា​ឡាតាំង។ យើងឃើញ​ថា ខែធ្នូ ជា​ភាសា​បារាំង Décembre និង​ជា​ភាសា​អង់គ្លេស December គឺ​ក្លាយ​ពី​ពាក្យឡាតាំង​ “Decem” ដែល​មាន​ន័យ​ថា ១០។ នៅ​ក្នុង​ចំណោម​ខែ​ទាំង១០​នៃ​ប្រតិទិន​រ៉ូម៉ាំង​ដើម​ដំបូង​នោះ ៤ខែ​មាន ៣១ថ្ងៃ (មីនា ឧសភា កក្កដា តុលា) ចំណែក​ ៦ខែផ្សេងទៀត មាន ៣០ថ្ងៃ។ គិតជាសរុប ១ឆ្នាំ​មានត្រឹមតែ ៣០៤ថ្ងៃតែប៉ុណ្ណោះ ពោលគឺ តិចជាង​ឆ្នាំពិតប្រាកដ​រហូតដល់​ទៅ ៦១ថ្ងៃ​ឯណោះ។ រយៈពេល ៦១ថ្ងៃនេះ ដែល​ត្រូវ​ចំ​នឹង​រដូវ​ធ្លាក់​ទឹកកក​នៅ​ចក្រភព​រ៉ូម ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ទំនេរ​​ចោល​ដោយ​មិន​រាប់ ពោលគឺ នៅ​ក្រោយ​ពេល​ដែល​ខែ​ទី១០​ត្រូវ​ចប់ គេ​មិន​រាប់​ចូល​ឆ្នាំ​ថ្មី​ភ្លាម​នោះទេ ដោយ​គេ​រង់ចាំ​រហូត​ទាល់តែ​ផុត​រដូវ​ត្រជាក់ ហើយ​ដល់​ពេល​ដែល​គេ​សង្កេតឃើញ​មាន​ព្រះចន្ទ​ចេញ​ជា​ចំណិត​ថ្មី ជាលើកទី១ នៃ​រដូវ​ផ្ការីក ទើប​គេ​ចាប់ផ្តើម​រាប់​ជា​ថ្ងៃ​ទី១​នៃ​ឆ្នាំ​ថ្មី​ឡើងវិញ។ ដោយ​មើល​ឃើញ​ពី​ភាព​ខ្វះចន្លោះ​បែបនេះ ស្តេច​ថ្មី​របស់​រ៉ូម ឈ្មោះ​ថា នូម៉ា ប៉ុមពីលីយុស (Numa Pompilius) ដែល​ជា​ស្តេច​ទី២ ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ៧១៥​មុនគ.ស. ក៏​បាន​សម្រេច​ធ្វើការ​កែប្រែ​ប្រតិទិន​ចាស់ ដោយ​បាន​សម្រេច​បន្ថែម​២ខែ​ទៀត គឺ​ខែ​មករា និង​ខែ​កុម្ភៈ។ ប្រតិទិន​ថ្មី​នេះ នៅតែ​ចាប់ផ្តើម​ពី​ខែ​មីនា​ជា​ខែ​ទី១​ ហើយ​ខែ​ធ្នូ​ជា​ខែ​ទី១០​ដដែល ចំណែក​ឯ​ខែ​ដែល​ទើប​នឹង​បង្កើត​ថ្មី​ត្រូវ​ដាក់​នៅ​ខាង​ចុង​ឆ្នាំ ជា​ខែទី១១ និង​ខែ​ទី១២។ នៅ​ក្នុងការ​កែប្រែប្រតិទិន​នេះ នូម៉ា ប៉ុមពីលីយុស ចង់​តម្រូវ​ឲ្យ​ត្រូវ​ទៅតាម​ឆ្នាំ​ចន្ទគតិ ដែល​មាន ៣៥៤​ថ្ងៃ។ ក៏ប៉ុន្តែ ៣៥៤ គឺ​ជា​លេខគូ ហើយ​ នូម៉ា ប៉ុមពីលីយុស ជា​មនុស្ស​ដែល​មាន​ជំនឿ​យ៉ាង​ខ្លាំងថា​លេខគូ គឺ​ជា​លេខ​មិនល្អ។ ដូច្នេះហើយ​បាន​ជា​ប្រតិទិន​ថ្មី​នេះ​ត្រូវ​ដំឡើង​១ថ្ងៃ ឲ្យ​ទៅ​ជា​ថ្ងៃ​សេស គឺ ៣៥៥ថ្ងៃ ក្នុង​មួយ​ឆ្នាំ។ ក្នុងពេល​ជាមួយគ្នា ចំនួន​ថ្ងៃ​នៅ​ក្នុង​ខែ​នីមួយៗ​ក៏​ត្រូវ​បាន​ធ្វើការ​កែប្រែ​ឲ្យ​ទៅ​ជា​ចំនួន​សេស​ផងដែរ ដោយ​ខែ​ទាំង​៤ ដែល​មាន​ ៣១​ថ្ងៃ​ស្រាប់​នៅ​ក្នុង​ប្រតិទិន​ចាស់ ត្រូវ​ទុក​ឲ្យ​នៅ​ ៣១​ថ្ងៃ​ដដែល ចំណែក​ឯ​ខែ​៦​ផ្សេងទៀត​ ដែល​ពី​មុន​មាន ៣០ថ្ងៃ ត្រូវ​កាត់បន្ថយ​​១ថ្ងៃ ឲ្យ​មក​នៅ​ត្រឹម ២៩​ថ្ងៃ​​គ្រប់ខែ​ទាំងអស់។ ចំពោះ​ខែ​ពីរទៀត​​ដែល​ទើប​នឹង​បង្កើត​ថ្មី ដោយសារ​តែ​ថ្ងៃ​ដែល​នៅ​សល់​ (៥៧ថ្ងៃ) មិន​អាច​ចែក​ជា​ចំនួន​សេស​ទាំងពីរ​បាន នូម៉ា ប៉ុមពីលីយុស ក៏​សម្រេច​​យក ២៩ថ្ងៃ​​ដាក់​ឲ្យ​ខែ​មករា ចំណែក ឯ​កុម្ភៈ ត្រូវ​មាន​ ២៨ថ្ងៃ​ ដែល​នៅសល់​ចុងក្រោយ​។ ៤៩ឆ្នាំ​មុន​គ.ស. ចក្រភព​រ៉ូម​មាន​មេដឹកនាំ​ថ្មី​ឈ្មោះ​ថា ហ្ស៊ុលស៍ សេហ្សា (Jules César ឬ​ តាមភាសាឡាតាំង Iulius Caesar)។ គិត​មក​ទល់​នឹង​ពេលនោះ ប្រតិទិន​របស់ នូម៉ា ប៉ុមពីលីយុស ត្រូវ​បាន​គេ​ប្រើប្រាស់​អស់រយៈពេល​ជាង ៦សតវត្សរ៍​មកហើយ... ហើយ​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​រួចមកហើយ​ដែរ​ ក្នុង​នោះ គឺ​មានការ​ប្តូរ​ខែ​មករា​ឲ្យ​ទៅ​ជា​ខែទី១ ហើយ​ខែធ្នូ​ជា​ខែ​ទី១២ និង​មាន​ការ​បង្កើត​ឲ្យ​មាន​ថ្ងៃ​បន្ថែម (ឬ​លើក​ថ្ងៃ) និងខែ​បន្ថែម​ (ឬលើកខែ) នៅ​ឆ្នាំខ្លះ ដើម្បី​តម្រូវ​ទៅតាម​ឆ្នាំ និង​រដូវកាល​ជាក់ស្តែង។ ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ភាព​មិន​ស៊ីចង្វាក់គ្នា រវាង​ប្រតិទិន និង​ឆ្នាំពិតប្រាកដ​នៅតែ​កើតមាន ហើយ​គិត​មក​ទល់​នឹង​ពេល​ដែល ហ្ស៊ុលស៍ សេហ្សា ឡើងកាន់តំណែង ប្រតិទិន​រ៉ូម៉ាំង​ដើរលឿន​ជាង​ឆ្នាំ និង​រដូវកាល​ជាក់ស្តែង រហូតដល់​ទៅ​ប្រមាណ​ជា ៣ខែ​ឯណោះ។ ហេតុដូច្នេះហើយ​បាន​ជា ហ្ស៊ុលស៍ សេហ្សា បាន​សម្រេច​ធ្វើការ​រុះរើ​ប្រតិទិន​នេះ​សា​ជា​ថ្មី​ឡើងវិញ ហើយ​​​​សេហ្សា​ (ដែល​ធ្លាប់​បាន​ចំណាយពេល​ច្រើន​​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ហើយ​ទំនង​ជា​បាន​ដឹងច្រើន​ពី​វប្បធម៌​អេហ្ស៊ីប​ផងនោះ) បាន​សម្រេច​ថា ប្រតិទិន​ថ្មី​នឹង​ត្រូវ​យក​គំរូ​តាម​អេហ្ស៊ីប ពោលគឺ​​​​ត្រូវ​អនុវត្ត​ទៅតាម​ឆ្នាំ​សុរិយគតិ​សុទ្ធសាធ ហើយ​​កាត់ផ្តាច់​​ទាំងស្រុង​ពី​ឆ្នាំ​ចន្ទគតិ។ គិត​មក​ទល់​នឹង​សម័យកាល​សេហ្សា​នោះ ពួក​អេហ្ស៊ីប​បាន​រកឃើញ​តាំង​ពី​ជាង​ពីរពាន់ឆ្នាំ​មុន​ម៉្លេះ​ថា ១ឆ្នាំ​គិត​តាម​សុរិយគតិ​មាន​រយៈពេល ៣៦៥​ថ្ងៃ ហើយ​ក្រោយ​មក​ទៀត​ អ្នកប្រាជ្ញ​ក្រិក​ជាច្រើន ជាពិសេស គឺ​ តារាវិទូ និង​គណិតវិទូ​ដ៏ល្បីល្បាញ​មួយ​រូប ​ឈ្មោះថា ហ៊ីប៉ាក់ (Hipparque) បា​ន​រកឃើញ​កាន់តែ​លម្អិត​ទៅទៀត​ថា តាមពិត​ទៅ ១ឆ្នាំ​ មាន​រយៈពេល​លើស​ពី​ ៣៦៥ថ្ងៃ ដល់​ទៅ​​ជិត ៦ម៉ោង​ឯណោះ។ ១ឆ្នាំ​ស្មើនឹង​៣៦៥ថ្ងៃ​និង​៦ម៉ោង​នេះហើយ ដែល​ជា​រយៈពេល​ដែល​ ហ្ស៊ុលស៍ ​សេហ្សា​ កំណត់​យក​ សម្រាប់​ការ​រៀបចំ​ប្រតិទិន​ថ្មី​របស់​រ៉ូម​ ដែល​គេ​ឲ្យ​ឈ្មោះតាម​ភាសាអង់គ្លេស​ថា « Julian Calendar »។ ប្រតិទិន​ថ្មី​នេះ​ត្រូវ​ចែក​ចេញ​ជា​១២ខែ​ដូចមុន ដោយ​រក្សា​​​លំដាប់លំដោយ​ខែ​ដូចពីមុន គឺ​ចាប់ផ្តើម​ពី​ខែ​មករា​ជា​ខែ​ទី១ ហើយ​បញ្ចប់​នៅ​ខែ​ធ្នូ​​ជា​ខែ​ទី១២។ ​​ឈ្មោះ​ខែ​វិញ​​​ក៏ត្រូវ​​​រក្សា​​ឲ្យ​នៅ​ដូចមុនផងដែរ ហើយ​​អ្វីដែល​ត្រូវ​ផ្លាស់ប្តូរ គឺ​ចំនួន​ថ្ងៃ​នៅ​ក្នុង​ខែ​នីមួយៗ។ នៅ​ក្នុង​ប្រតិទិន​ចាស់​​របស់​នូម៉ា ប៉ុមពីលីយុស ១ឆ្នាំ​មានតែ ៣៥៥ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ខែ​នីមួយៗ​​មាន​ចំនួន​ថ្ងៃ​ឆ្លាស់គ្នា រវាង ខែ​ ២៩ថ្ងៃ និង​ខែ ៣១ថ្ងៃ។ នៅ​ក្នុង​ប្រតិទិន​ថ្មី​វិញ ដើម្បី​បង្គ្រប់​ឲ្យ​បាន ៣៦៥​ថ្ងៃ សេហ្សា​បាន​​បន្ថែម ១០ថ្ងៃ​ពីលើ ហើយ ១០ថ្ងៃ​នេះ​ត្រូវ​យក​ទៅពង្រាយ​​នៅ​តាម​ខែ​នីមួយៗ​ ដើម្បី​បង្កើត​ទៅ​ជា​ខែ​ ដែល​​ឆ្លាស់គ្នា រវាង ខែ ៣០ថ្ងៃ និង​ខែ ៣១ថ្ងៃ​។ ចំពោះ​ខែ​កុម្ភៈ​វិញ គេ​រក្សា​ទុក​ឲ្យ​នៅ​ត្រឹម ២៨ថ្ងៃ ដូច​កាល​ពី​មុន​ លើកលែងតែ​នៅ​ក្នុងរយៈពេល ៤ឆ្នាំ​ម្តង ដែល​ខែ​កុម្ភៈ​ត្រូវ​មាន ២៩ថ្ងៃ ដើម្បី​បង្រ្គប់​​ឲ្យ​បាន​១ឆ្នាំ​ ៣៦៥ថ្ងៃ និង​៦ម៉ោង។ ក៏ប៉ុន្តែ សេហ្សា​មិនបាន​នៅ​តាមដាន​មើល​ដោយ​ផ្ទាល់ភ្នែក​ខ្លួន​ឯង នូវ​ការ​បន្ថែម​ថ្ងៃ (ឬ​លើកថ្ងៃ)​ នេះទេ ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅ​ឆ្នាំ​៤៤​មុនគ.ស. ពោលគឺ តែ​ពីរឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​​ប្រតិទិន​ថ្មី​របស់​លោក​។ ក្រោយ​ការ​ធ្វើ​ឃាត​នេះ សភា​រ៉ូម​ក៏​បាន​សម្រេច​​ប្តូរឈ្មោះ​ខែ​មួយ ដាក់​តាម​ឈ្មោះ​របស់​ហ្ស៊ុលស៍ សេហ្សា គឺ​​ខែ​កក្កដា ដែល​ពី​មុន​មាន​ឈ្មោះ​ « Quintilis » (តាមភាសាឡាតាំង​មានន័យថា “ខែទី៥” ទៅតាម​ប្រតិទិន​ដើម​ដំបូង​ដែល​មានតែ ១០ខែ) ​ដូរ​ទៅជា​ « Iulius » ហើយ​ដែល​បច្ចុប្បន្ន​គេ​ហៅ​តាម​ភាសា​​អង់គ្លេស​ថា « July »។ ក្រោយ​មក​ទៀត នៅ​ពេល​ដែល​រ៉ូម​បាន​ធ្វើការ​ផ្លាស់ប្តូរ​របបដឹកនាំ ពី​របបសាធារណរដ្ឋ​ទៅ​ជា​របបដឹកនាំ​តាមបែប​ចក្រភព អធិរាជ​ទី១​នៃ​ចក្រភព​រ៉ូម ឈ្មោះ​ថា អូហ្គូស (Auguste ឬ​តាម​ភាសា​ឡាតាំង Augustus) បាន​សម្រេច​យក​ឈ្មោះ​របស់​ខ្លួន​ទៅ​ដាក់​​ឲ្យ​ខែ​មួយ​ទៀត ដែល​នៅបន្ទាប់​ពី​ខែ​កក្កដា​របស់​សេហ្សា គឺ​ខែ​សីហា ​ដែល​បច្ចុប្បន្ន​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « August » ហើយ​​ដែល​ពី​មុន​មាន​ឈ្មោះ​ថា « Sixtilis » (ជា​ភាសាឡាតាំង​មានន័យថា “ខែទី៦” ទៅតាម​ប្រតិទិន​ដើម​ដំបូង​ដែល​មានតែ ១០ខែ)។ ប្រតិទិន​ Julian Calendar នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​អស់រយៈពេល​​រហូត​ដល់​ទៅ​ជាង ១៦០០ឆ្នាំ​ឯណោះ។ ក៏ប៉ុន្តែ វា​ក៏មិនមែន​ជា​ប្រតិទិន​ដែល​មាន​ភាព​សុក្រិត ១០០% នៅឡើយ​នោះដែរ ពីព្រោះ​ថា តាមការពិត​ទៅ ១ឆ្នាំ​​មាន​មិនដល់ ៣៦៥ថ្ងៃ និង ៦ម៉ោង​​គត់​នោះទេ ប៉ុន្តែ មាន​តិច​ជាង​នេះ​បន្តិច គឺ​ត្រឹម ៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង​៤៦វិនាទី (៣៦៥,២៤២២​ថ្ងៃ)។ ដូច្នេះ ការ​បន្ថែម​ ១ថ្ងៃ នៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង គឺ​ជា​ការ​បន្ថែម​ច្រើន​​ជ្រុល ហើយ​គិត​ត្រឹម​សតវត្សរ៍​ទី​១៦គ.ស. ប្រតិទិន Julian Calendar នេះ ដើរ​យឺតជាង​ឆ្នាំពិតប្រាកដ​រហូតដល់​ទៅ​ជាង ១០ថ្ងៃ។ ហេតុដូច្នេះហើយ បាន​ជា​នៅ​​​ឆ្នាំ​១៥៨២ សម្តេច​ប៉ាប Gregory/Gréroire XIII បាន​សម្រេច​ធ្វើការ​កែសម្រួល​ប្រតិទិននេះ​សាជាថ្មី​ម្តងទៀត ដោយ​កំណត់​ថា នៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង ពោលគឺ នៅ​ឆ្នាំ​ដែល​ចែកដាច់​នឹង ៤ គេ​នៅតែ​បន្ត​បន្ថែម​ ១ថ្ងៃ គឺ​ថ្ងៃទី២៩​ខែ​កុម្ភៈ លើកលែងតែ​ឆ្នាំណា​ដែល​ចែកដាច់​នឹង ១០០ ប៉ុន្តែចែក​មិន​ដាច់​នឹង ៤០០ ថ្ងៃទី២៩​កុម្ភៈ​នេះ​នឹង​មិន​ត្រូវ​គេ​បន្ថែម​នោះទេ។ ប្រតិទិន​ថ្មី​នេះ ដែល​គេ​ហៅ​តាមភាសា​អង់គ្លេសថា « Gregorian Calendar » ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​តាំង​ពីថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ១៥៨២ ហើយ​វា​គឺ​ជា​ប្រតិទិន​ ដែល​យើងប្រើប្រាស់​ជា​ទូទៅ​រហូត​មកទល់​នឹង​សព្វថ្ងៃ​នេះ។ ទោះជាយ៉ាងណា នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង គេ​មិន​សូវ​ជា​សង្កេតឃើញ​ភាព​ខុសគ្នាច្រើន​ប៉ុន្មាន​នោះទេ រវាង Julian Calendar និង Gregorian Calendar នេះ ដោយសារ​តែ​ចំណុច​ខុសគ្នា​នេះ វា​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា​ខ្លាំង រហូត​ដល់​ទៅ រាប់​រយឆ្នាំ​ឯណោះ។ លើកចុងក្រោយ ដែល​​​យើង​ត្រូវ​បន្ថែម​ថ្ងៃទី២៩​កុម្ភៈ ទៅតាម​ Julian Calendar ក៏ប៉ុន្តែ​បែរ​ជា​មិន​បន្ថែម​ទៅវិញ ដោយ​អនុវត្ត​ទៅតាម Gregorian Calendar គឺ​បាន​កើតឡើង តាំង​ពី​ឆ្នាំ១៩០០ ហើយ​រហូត​ទាល់តែ​ដល់​ឆ្នាំ២១០០​ខាងមុខ ទើប​ករណី​នេះ​អាច​កើតមានឡើង​សាជាថ្មី​ម្តងទៀត៕
Jun 17, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?
00:09:53
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​បែងចែក​​ថ្ងៃ​ទៅជា​២៤ម៉ោង និង​ការ​បែងចែក​ម៉ោង​​ជា​៦០នាទី។ (មានវីដេអូនៅខាងក្រោម) តើហេតុអ្វីបាន​ជា​១ថ្ងៃ​មាន២៤ម៉ោង ? យើងដឹង​ថា ភពផែនដី​របស់​យើង​មាន​ចលនា​វិល​ជុំវិញ​ខ្លួនឯង​ជាប់​ជា​ប្រចាំ​តាំង​ពី​ដើម​រៀងមក ហើយ​១ថ្ងៃ​ គឺ​ជា​រយៈពេលដែល​ផែនដី​វិល​ជុំវិញ​ខ្លួនឯង​១ជុំ​ពេញ... វា​ជា​ដំណើរការ​ធម្មតា​ទៅតាម​លក្ខណៈ​ធម្មជាតិ​។ ក៏ប៉ុន្តែ ហេតុអ្វី​បាន​ជា​គេ​បែងចែក​រយៈពេល​ដែល​ផែនដី​វិល​ជុំវិញ​ខ្លួនឯង​នេះ​ទៅ​ជា​២៤ម៉ោង? ហេតុអ្វី​មិន១០ម៉ោង? ២០ម៉ោង? ១០០ម៉ោង? ឬ​ក៏​ចំនួន​ណាមួយ​ផ្សេងទៀត ? ហេតុអ្វី​ក៏​ចាំបាច់ត្រូវតែ​២៤ម៉ោង? ការបែងចែក​១ថ្ងៃ​ ​ជា​២៤ម៉ោង គឺ​ជា​មរតក​ដែល​បន្សល់ទុក​ដោយ​ពួក​អេហ្ស៊ីប​សម័យ​បុរាណ តាំង​ពី​ប្រមាណ​ជា ២ពាន់ ទៅ៣ពាន់​ឆ្នាំ​មុន​គ.សមកម៉្លេះ។ នៅ​ពេលនោះ ​អេហ្ស៊ីប​ ក្រោយ​ពី​បាន​បង្កើត​ប្រតិទិន​សុរិយគតិ ដែល​មាន ៣៦៥​ថ្ងៃ​រួចហើយ ក៏​​បាន​ធ្វើការ​បែងចែក​​ថ្ងៃ ដោយ​អង្កន់​​ជា​រង្វាស់ពេល​កាន់តែ​តូច​បន្ថែម​ទៀត គឺ​ចែក​ពេល​​យប់ជា​១២ម៉ោង និង​ពេល​ថ្ងៃ​១២ម៉ោង។ ​ការណ៍​ដែល​អេហ្ស៊ីប​បែងចែក​យប់​និង​ថ្ងៃ​ជា​១២ម៉ោង​បែបនេះ គឺ​​ ម្យ៉ាង ​ដោយសារ​តែ​ ១២ ​ជា​ចំនួន​ដែល​ត្រូវ​នឹង​វដ្ត​នៃ​ព្រះចន្ទ ពោលគឺ ១វដ្ត​នៃ​ព្រះចន្ទ​ស្មើ​នឹង​១ខែ ហើយ​១២វដ្ត ឬ១២ខែ​ស្មើ​នឹង​មួយ​ឆ្នាំ។ ម្យ៉ាងទៀត ដោយសារ​តែចំនួន ១២ គឺ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធលេខ​របស់​អេហ្ស៊ីប​សម័យបុរាណ។ ប្រព័ន្ធរាប់លេខ (ឬ​ប្រព័ន្ធរបាប់) ​ដែល​យើង​ប្រើជាទូទៅ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​មូលដ្ឋាន​លើ​ចំនួន ១០ ដែល​គេហៅថា​ “ប្រព័ន្ធគោលដប់” ឬ “ប្រព័ន្ធទសភាគ” (Système décimal)។ ការរាប់លេខ​ដោយ​យក​ចំនួន ១០​ជា​មូលដ្ឋាន​នេះ គឺ​ដោយសារ​តែ​មូលដ្ឋាន​នៃ​ការ​រាប់​របស់​យើង គឺ​រាប់​​​ម្រាម​ដៃ​ទាំង១០។ ចំពោះ​ពួក​អេហ្ស៊ីប​សម័យ​បុរាណ​វិញ គេ​មិន​រាប់​ម្រាម​ទាំង១០​នោះទេ។ ផ្ទុយទៅវិញ ​គេ​រាប់​ថ្នាំងដៃ ហើយ​រាប់​តែ​ដៃម្ខាង​ប៉ុណ្ណោះ ដោយ​យក​មេដៃ​ធ្វើ​​​ជា​អ្នក​រាប់ ហើយ​រាប់​​ថ្នាំង​នៃ​ម្រាម​៤ផ្សេងទៀត (ដោយសារ​តែ​ម្រាម​មួយ​ មាន​ថ្នាំង ៣ ដូច្នេះ ម្រាម​ ៤ ត្រូវ​មាន​ថ្នាំង ១២)។ ហេតុដូច្នេះហើយ​បាន​ជា​​អេហ្ស៊ីប​សម័យ​បុរាណ​នោះ​​ប្រើ​ប្រព័ន្ធ​គោល១២ (Système duodécimal) ដើម្បី​រាប់​លេខ ហើយ​ការ​បែងចែក​ម៉ោង​នៅ​ពេល​យប់ និង​ពេលថ្ងៃ ក៏​ត្រូវ​បាន​ធ្វើឡើង ដោយ​យក​ ១២​ជា​ចំនួន​គោល។ នៅ​ក្នុង​ការ​បែងចែក​ម៉ោង​នេះ អ្នក​ជំនាញ​ខាង​តារាសាស្រ្ត​អេហ្ស៊ីប​បាន​ធ្វើ​ការ​បែងចែក​ម៉ោង​នៅ​ពេល​យប់​​ជាមុន ដោយ​ម៉ោង​នីមួយៗ​ត្រូវ​រាប់​ដោយ​​​យក​ផ្កាយ​ចំនួន​១២​ធ្វើ​គោល។ ផ្កាយ​ទាំង១២​នេះ​រះ​បន្ត​កន្ទុយគ្នា (ម្នាក់ម្តងៗ) ​ពេញ​ក្នុង​មួយ​យប់ ដោយ​រះ​ក្នុង​ចន្លោះ​ពេល​ស្មើៗគ្នា ហើយ​ចន្លោះ​ពេល​ចាប់​ពី​ផ្កាយ​មួយ​រះ ទៅដល់​ផ្កាយ​មួយ​ទៀត​រះឡើង ត្រូវ​រាប់​ថា​ជា​មួយ​ម៉ោង។ បន្ទាប់​មក​ទៀត ការបែងចែក​ម៉ោង​នៅ​ពេលថ្ងៃ​ត្រូវ​ធ្វើឡើង ដោយ​យក​​រង្វាស់​នៃ​ស្រមោល​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​ធ្វើ​ជា​គោល។ ​នៅ​ក្នុង​ការ​វាស់​ស្រមោល​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​នេះ ពីដំបូង​ឡើយ​ ពួក​អេហ្ស៊ីប​​​​ប្រើ​ត្រឹមតែ​​ឧបករណ៍​ដ៏​សាមញ្ញ​​​មួយ​ប៉ុណ្ណោះ គឺ​​​យក​បង្គោល​មួយ​ដោត​លើ​ដី​បញ្ឈរ​ត្រង់​ទៅលើ ហើយ​យក​​បង្គោល​មួយ​ទៀត​ដាក់​ផ្តេក​នៅលើ​ដី ដោយ​គូស​គំនូស​ចំណាំ​ ដើម្បី​កំណត់​ម៉ោង ទៅតាម​ទីតាំង​នៃ​​សម្រោល​ដែល​ចាំង​ពី​បង្គោលបញ្ឈរ។ ក្រោយ​ៗមក​​​ទៀត គេ​បាន​បង្កើត​ ឧបករណ៍​ដែល​កាន់តែ​មាន​ភាព​សុក្រិត​ជាងមុន​ ដែលគេ​ឲ្យ​ឈ្មោះ​តាម​ភាសា​បារាំង​ថា “Cadran solaire” ឬ​តាម​ភាសា​អង់គ្លេស “Sundial”។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​បែងចែក​ម៉ោង​ពេលថ្ងៃ ដោយ​ការ​​​វាស់​​ស្រមោល​ព្រះអាទិត្យ​នេះ ពួកអេហ្ស៊ីប​ត្រូវ​ប្រឈម​នឹង​ចំណោទ​ សម្រាប់​ពេល​ព្រឹកព្រលឹម នៅពេល​ដែល​មេឃ​ចាប់ផ្តើម​ភ្លឺ​ស្រាងៗ​ពិបាក​នឹង​មើល​ផ្កាយ ចំណែក​ឯ​​ថ្ងៃ​​ក៏​មិន​ទាន់​រះ​ដែល​អាច​ចាំងស្រមោល​ឲ្យ​គេ​វាស់បាន ហើយ​ដូចគ្នា​ដែរ នៅ​ពេល​ព្រលប់ នៅ​ពេល​ដែល​ថ្ងៃ​ក៏​លិច​បាត់ ចំណែក​មេឃ​ក៏​មិនទាន់​ងងឹត​ខ្លាំង ដែល​អាច​ឲ្យ​គេ​មើល​ផ្កាយឃើញ​ច្បាស់​នៅឡើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពួកអេហ្ស៊ីប​ក៏​បាន​​កំណត់​ថា ពេលព្រឹកព្រលឹម ​(ចាប់​ពី​ចុងម៉ោងទី១២​នៃ​ពេល​យប់ រហូត​ដល់​ពេល​ថ្ងៃ​ចាប់ផ្តើម​រះ) ត្រូវ​រាប់​ជា​១ម៉ោង ហើយ​​ពេល​ព្រលប់ (ចាប់​ពី​ពេល​ថ្ងៃ​លិច ​រហូត​ដល់​ពេល​ដែល​ផ្កាយ​តំណាង​ឲ្យ​ម៉ោង​ទី១​នៃ​ពេលយប់​ចាប់ផ្តើម​រះ) ត្រូវ​រាប់​ជា​មួយ​ម៉ោង​ដូចគ្នា។ ចំណែក​ឯ​រយៈពេល​ចាប់​ពី​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច ត្រូវ​បែង​ចែក​ចេញ​ជា ១០​ម៉ោង។ និយាយ​ជា​រួម គឺ ១២ម៉ោង សម្រាប់​ពេល​យប់ ១០ម៉ោង សម្រាប់​រយៈពេល​ពី​ថ្ងៃ​រះដល់​ថ្ងៃ​លិច ១ម៉ោង​សម្រាប់​ពេល​ព្រឹក​ព្រលឹម និង​១ម៉ោង​សម្រាប់​ពេល​ព្រលប់… គិត​ជា​សរុប​១ថ្ងៃ​ពេញ ស្មើ​នឹង ២៤ម៉ោង។ ក៏ប៉ុន្តែ ម៉ោង​របស់​ពួក​អេហ្ស៊ីប​នៅ​ពេលនោះ មាន​ពេល​មិន​ស្មើគ្នា​នោះទេ រវាង​ម៉ោង​នៅ​ពេលថ្ងៃ និង​ម៉ោង​នៅ​ពេលយប់។ ដោយសារ​តែ​ពេលថ្ងៃ​និង​ពេល​យប់​ត្រូវ​បែងចែក​ចេញ​ជា​១២ម៉ោង​ដូចគ្នា​ជាប់​ជា​និច្ច​ពេញ​ក្នុង​មួយ​ឆ្នាំៗ ដូច្នេះ នៅ​ក្នុង​អំឡុង​រដូវក្តៅ នៅ​ពេល​ដែល​ថ្ងៃ​មាន​រយៈពេល​យូរ​ជាង​យប់ ១ម៉ោង​​នៅ​ពេលថ្ងៃ​មាន​រយៈពេល​វែងជាង​១ម៉ោង​នៅ​ពេល​យប់ ហើយ​ផ្ទុយ​ពីនេះ​ទៅវិញ នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់ នៅ​ពេល​ដែល​ថ្ងៃ​មាន​រយៈពេល​ខ្លី​ជាង​យប់ ១ម៉ោងៗ​នៅ​ពេលថ្ងៃ​ក៏​មាន​រយៈពេល​កាន់តែ​ខ្លី​ទៅតាម​នោះ​ផងដែរ។ ក៏ប៉ុន្តែ សម្រាប់​អេហ្ស៊ីប​សម័យ​បុរាណ​នោះ ការណ៍​ដែល​ម៉ោងនីមួយៗ​មាន​រយៈពេល​មិន​ស្មើ​គ្នា​នេះ​មិន​ចោទ​ជា​បញ្ហា​អ្វី​ធំដុំ​នោះទេ ដោយសារ​តែ​នៅ​ពេលនោះ​ គេ​រាប់​តែ​ចំនួន​ម៉ោង​តែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវការ​ដឹង​លម្អិត​អំពី​រយៈពេល​នៃ​ម៉ោង​នីមួយៗ​នោះទេ ហើយ​​គេ​ក៏​នៅ​មិនទាន់​ធ្វើការ​បែងចែក​ម៉ោង​​​ទៅ​ជា​នាទី និង​​វិនាទី​នៅឡើយ​នោះដែរ។ តាមការពិតទៅ ការ​បែងចែក​ម៉ោង​ចេញ​ទៅ​ជា​នាទី និង​វិនាទី ដើម្បី​យក​មក​ប្រើ​ជា​រង្វាស់​ពេល ទើប​នឹង​ត្រូវ​បាន​ធ្វើឡើង កាល​ពី​ប្រមាណ​ជា​ ៤០០ឆ្នាំ​មុន​នេះ​តែ​ប៉ុណ្ណោះ ពោលគឺ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៦​នៃ​គ្រិស្តសករាជ។ ក៏ប៉ុន្តែ ឫសគល់​នៃ​ការ​បែងចែក​១ម៉ោង​ទៅជា ៦០នាទី និង​១នាទី ទៅ​ជា ៦០វិនាទី ដែល​យើង​ប្រើ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ គឺ​កើតចេញ​ពី​ប្រព័ន្ធ​លេខ (ឬ​ប្រព័ន្ធរបាប់) របស់​ពួក​បាប៊ីឡូន។ របៀប​រាប់​លេខ​របស់​ពួក​បាប៊ីឡូន គឺ​មាន​មូលដ្ឋាន​លើ​លេខ ៦០ ដែល​គេ​ហៅ​ថា “ប្រព័ន្ធគោល៦០” (Système sexagésimal) ហើយ​​តាមរយៈ​ប្រព័ន្ធ​គោល៦០​នេះ​ ​​​ពួក​បាប៊ីឡូន​បាន​ធ្វើការ​បែងចែក​រង្វង់​ចេញ​ទៅ​ជា ៣៦០​ផ្នែក ដែល​យើង​ហៅ​ថា “ដឺក្រេ”។ ក្រោយ​មក​ទៀត នៅ​ក្នុង​ចន្លោះ​ពី​១០០ឆ្នាំ ទៅ ៣០០ឆ្នាំ​មុន​គ្រិស្ត​សករាជ អ្នក​ប្រាជ្ញ​ក្រិក​មួយ​ចំនួ​ន រួមមាន អាក់ស៊ីម៉ែត (Archimède), អារីស្តាក់ (Aristarque de Samos) និង​ហ៊ីប៉ាក់ (Hipparque) ជាដើម បាន​ប្រើប្រព័ន្ធ​លេខ​របស់​ពួក​បាប៊ីឡូន​នេះ ដើម្បី​​បែងចែក​ដឺក្រេ​ចេញ​ទៅ​ជា​៦០មីនុត ឬ​នាទី ហើយ​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១​នៃ​គ្រិស្ត​សករាជ អ្នក​ប្រាជ្ញរ៉ូម ដើម​កំណើត​ក្រិក​ម្នាក់ ឈ្មោះ​ថា ផ្តូលេមេ (Ptolémée/Ptolemy) ក៏​បាន​ធ្វើការ​បែងចែក​មីនុត ឬ​នាទី​នេះ​ឲ្យ​កាន់តែ​តូច​ថែម​ទៀត គឺ​១មីនុត ស្មើ​នឹង ៦០សឺកុង ឬ​វិនាទី។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ពីដំបូងឡើយ ការបែងចែក​នេះ​ត្រូវ​បាន​ធ្វើឡើង សម្រាប់​តែ​រង្វាស់​មុំ​​តែប៉ុណ្ណោះ។ រហូត​ទាល់តែ​ដល់​សតវត្សរ៍​ទី​១១ ទើប​រង្វាស់មុំ​នេះ​ត្រូវ​បាន​អ្នក​តារាស្ត្រ​យក​ទៅ​បំផ្លែង​ជា​រង្វាស់​ពេល ហើយ​រហូត​ទាល់តែ​ដល់​សតវត្សរ៍​ទី​១៦ ទើប​ការបែងចែក​ម៉ោង​ចេញ​ជា​មីនុត ឬ​នាទី ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​រង្វាស់ពេល​ នៅ​ក្នុង​ការ​រស់នៅ​ជា​ប្រចាំថ្ងៃ​ជាទូទៅ៕
Jun 07, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?
00:09:29
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​រកឃើញ​ជាលើកដំបូង​ថា ​១ឆ្នាំ​មាន​៣៦៥ថ្ងៃ ហើយ​ឈាន​ទៅ​បង្កើត​ប្រតិទិន​សុរិយគតិ​ដ៏​សុក្រិត​​មុនគេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ (មានវីដេអូនៅខាងក្រោម) មនុស្ស​សម័យ​បុរាណ​ តាមរយៈ​ការ​សង្កេត​មើល​ទៅលើ​ដំណើរ​នៃ​ព្រះអាទិត្យ ព្រះចន្ទ នៅលើ​មេឃ និង​ដំណើរវិវឌ្ឍន៍​នៃ​រដូវកាល បាន​ធ្វើការ​បែងចែក​ពេលវេលា​ទៅ​ជា​ថ្ងៃ ខែ និង​ឆ្នាំ តាំង​ពី​យូរយារណាស់​មកហើយ ពោលគឺ តាំង​ពី​រាប់​ពាន់ឆ្នាំ​មុន​គ្រិស្តសករាជ​មក​ម៉្លេះ។ ក៏ប៉ុន្តែ ប្រតិទិន​ដែល​អរិយធម៌​សម័យ​បុរាណ​យក​មក​ប្រើ​កាល​ពី​ដំបូង​នោះ គឺ​ជា​ប្រតិទិន​ដែល​យក​តាម​​ដំណើរ​របស់​ព្រះចន្ទ​សុទ្ធសាធ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ថ្ងៃ​ក្នុង​ឆ្នាំ​នៃ​ប្រតិទិន​នេះ​​មិន​ស៊ីចង្វាក់គ្នា​នឹង​​រដូវកាល​ដែល​គេ​សង្កេតឃើញ​ជាក់ស្តែង។ ក្រោយ​មក ពួក​បាប៊ីឡូន នៅ​មេសូប៉ូតាមី (អ៊ីរ៉ាក់​បច្ចុប្បន្ន) ធ្លាប់​បាន​ធ្វើការ​កែសម្រួល​ប្រតិទិន ពី​១ឆ្នាំ​មាន៣៥៤ថ្ងៃ ឲ្យ​ទៅ​ជា​ ១ឆ្នាំមាន៣៦០ថ្ងៃ ដែល​ជា​ប្រតិទិន​មួយ​មាន​ភាព​សុក្រិត​ជាងមុន ដោយ​ល្អៀង​ពី​ឆ្នាំ​ពិតប្រាកដ​តែ ៥ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ សម្រាប់​ពួក​អេហ្ស៊ីប​ ល្អៀង​ត្រឹមតែ ៥ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​នេះ ក៏​វា​នៅតែ​ចោទ​ជា​បញ្ហា​ដ៏​ធំ​មួយដែរ​ទៅដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ ដែល​ទាមទារ​ជា​ចាំបាច់​នូវ​ការ​ព្យាករ​ដោយ​សុក្រិត​នូវ​រដូវកាល សម្រាប់​ការដាំដុះ។ អរិយធម៌​អេហ្ស៊ីប​សម័យ​បុរាណ​បាន​ចាប់កំណើត​ឡើង នៅ​ក្នុង​​​តំបន់​មួយ​​ដែល​​មាន​អាកាសធាតុ​ហួតហែង ស្ទើរតែ​គ្មាន​ភ្លៀង​ធ្លាក់​ទាល់តែ​សោះ​ពេញក្នុងមួយឆ្នាំៗ​។ ដូច្នេះ ជីវិត​រស់នៅ​របស់​ប្រជាជន​អេហ្ស៊ីប ​ដែល​ពឹងផ្អែក​លើ​កសិកម្ម គឺ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ដំណើរវិវឌ្ឍន៍​ទឹក​ទន្លេនីល។ កាលពីសម័យ​បុរាណ​នោះ បើទោះបីជា​គេ​នៅ​មិន​ទាន់​អាច​កំណត់​បាន​ដោយ​សុក្រិត​ថា​មួយឆ្នាំ​មាន​ប៉ុន្មាន​ថ្ងៃ​​នៅឡើយ​ក៏ដោយ ក៏ប៉ុន្តែ ពួក​អេហ្ស៊ីប​អាច​សង្កេត​​ឃើញ​ដោយ​ជាក់ស្តែង​​នូវ​​បាតុភូត​មួយ ដែល​កើតឡើង​ជាទៀងទាត់ គឺ​​ការជន់លិច​នៃ​ទឹកទន្លេនីល។ នៅ​ក្នុង​អំឡុង​ពេល​នេះ តំបន់​នៅ​តាម​ដងទន្លេនីល​ត្រូវ​លិចលង់​ទាំងអស់ ដោយ​​គេ​មិន​អាច​ធ្វើការ​ដាំដុះ​អ្វី​បាន​នោះទេ ក៏ប៉ុន្តែ ទឹកជំនន់នេះ​វា​នាំ​​​ដីល្បាប់​​ដែល​មាន​ជីជាតិ​​​មក​គ្រប​ដណ្តប់​លើ​ដីអេហ្ស៊ីប​ដែល​ហួតហែង​គ្មាន​ជីជាតិ។ ក្រោយ​ពី​ទឹកជំនន់​ស្រក​ចុះ​ទៅវិញ ប្រជាជន​អេហ្ស៊ីប​ក៏​ចាប់ផ្តើម​ធ្វើការ​ដាំដុះ​លើ​ដីល្បាប់ ដែល​បន្សល់ទុក​ដោយ​ទឹកជំនន់ រួចហើយ​ត្រូវ​​ប្រមូលផល​​ឲ្យ​បាន​មុនពេលទឹកទន្លេជន់​លិច​សាជាថ្មី​ម្តងទៀត។ សកម្មភាព​កសិកម្ម​​បែបនេះ​​ទាមទារ​ជាចាំបាច់​ឲ្យ​មាន​ការ​​កំណត់​ដោយ​សុក្រិត​នូវ​​រដូវកាល ដែល​​គេ​បែងចែក​ចេញ​ជា៣ គឺ​រដូវ​ទឹកជំនន់​ទន្លេនីល រដូវ​ដាំដុះ និង​រដូវ​ប្រមូលផល។ ប្រជាជន​អេហ្ស៊ីប​ត្រូវការ​ប្រុងប្រៀបខ្លួន​ជាមុន​ថា នៅ​ពេលណា​ត្រូវ​ចាប់ផ្តើម​ដាំដុះ ហើយ​នៅ​ពេលណា​ត្រូវ​ចាប់​ផ្តើម​ប្រមូលផល​ឲ្យ​បាន​មុន​ពេលរដូវ​ទឹកជំនន់​ត្រឡប់​មកវិញ។ សម្រាប់​អេហ្ស៊ីប ប្រសិន​បើ​គេ​យក​តាម​ប្រតិទិន​ចន្ទគតិ ដែល​១ឆ្នាំ​មាន​៣៥៤​ថ្ងៃ ឬ​សូម្បីតែ​ប្រតិទិន​​៣៦០​ថ្ងៃ​របស់​ពួក​បាប៊ីឡូន​ក៏ដោយ គេ​នឹង​សង្កេតឃើញ​ថា ទឹកជំនន់​ទន្លេ​នីល​កើតឡើង​មិន​ស៊ី​ចង្វាក់​ទៅនឹង​​​កាល​បរិច្ឆេទ​នៅ​ក្នុង​ប្រតិទិន ហើយ​គម្លាត​នេះ​វា​កើតមាន​កាន់តែ​ធំឡើង​ពី​មួយ​ឆ្នាំ​ទៅមួយឆ្នាំ​។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​ជំនាញ​ខាង​តារាសាស្រ្ត​អេហ្ស៊ីប​បានព្យាយាម​ស្វែងរក​វិធី​ថ្មី​ក្នុង​ការ​បង្កើត​ប្រតិទិន​ដែល​កាន់តែ​​មាន​ភាព​សុក្រិត​ជាងមុន។ នៅ​ក្នុង​ការ​សិក្សា​ទៅលើ​ការ​បង្កើត​ប្រតិទិន​ថ្មី​នេះ អ្នក​ជំនាញ​ខាង​តារាសាស្រ្ត​អេហ្ស៊ីប​បាន​បង្វែរ​​ពី​ការ​សង្កេត​មើល​ព្រះចន្ទ ទៅ​សង្កេត​មើល​ផ្កាយ​វិញ​ម្តង ហើយ​មាន​ផ្កាយ​មួយ​ដួង ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​​របស់ពួកគេ​​ពេលនោះ គឺ​ផ្កាយ​ដែល​មាន​ឈ្មោះ​ថា “ស៊ីរីយុស” (Sirius)។ “ស៊ីរីយុស” ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា “ផ្កាយឆ្កែ” (The Dog Star) គឺ​ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ជាងគេ​បង្អស់​នៅ​ពេល​យប់។ នៅ​ប្រទេស​កម្ពុជា​ គេ​អាច​មើល​ផ្កាយ​នេះ​ឃើញ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ហើយ​គេ​អាច​រក​វា​ឃើញ​ដោយ​ធៀប​ទៅនឹង​ផ្កាយ​យាមនង្គ័ល (ឬ​ផ្កាយ​យាម) ដែល​គេ​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ថា “Orion”។ ចេញ​​ពី​ផ្កាយ​យាមនង្គ័ល​នេះ បើ​យើង​ សម្លឹង​ត្រង់ចុះ​​មកខាង​ក្រោម យើង​នឹង​អាច​មើល​ឃើញ​ផ្កាយ​មួយ​ដួង ដែល​មាន​ពន្លឺ​ភ្លឺ​ចាំងចែង​​ជាង​ផ្កាយណាៗ​ទៀត​ទាំងអស់... នោះហើយ​គឺ​ផ្កាយ​ស៊ីរីយុស។ នៅ​អេហ្ស៊ីប គេ​ក៏​អាច​មើល​ឃើញ​ផ្កាយ​ស៊ីរីយុស​នេះ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​ដែរ លើកលែង​តែ​ក្នុងរយៈពេល​ប្រមាណ​ជា​ពីរខែ ដែល​គេ​មិន​អាច​មើល​ផ្កាយ​នេះ​ឃើញ (ដោយសារ​តែ​ផ្កាយ​នេះ​រះ​នៅពេល​ថ្ងៃ​ជាមួយ​នឹង​ព្រះអាទិត្យ)។ ​នៅ​ប្រមាណ​ជា​ ៣០០០ឆ្នាំ​មុនគ.ស. អ្នក​តារាសាស្ត្រ​អេហ្ស៊ីប​បាន​ធ្វើ​ការ​កត់សម្គាល់​ថា នៅ​រៀងរាល់​លើក ក្រោយ​ពី​បាត់មុខ​ប្រមាណ​ជា​ពីរខែ ផ្កាយ​ស៊ីរីយុស​នេះ​​​ចាប់ផ្តើម​រះឡើងមកវិញ​នៅ​ពេលព្រឹកព្រលឹម ហើយ​ប៉ុន្មានថ្ងៃ​ក្រោយ​មក ទឹកទន្លេនីល​​ក៏​ចាប់ផ្តើម​ជន់លិច។ ក្រោយ​ពី​បាន​មើល​ឃើញ​ពី​ភាព​ស៊ីចង្វាក់គ្នា​យ៉ាងទៀងទាត់ រវាង​បាតុភូត​ទាំងពីរ​នេះ​​បែបនេះហើយ​ បាន​ជា​អ្នក​ជំនាញ​ខាង​តារាសាស្ត្រ​អេហ្ស៊ីប​​កំណត់​យក​ផ្កាយ​ស៊ីរីយុស​ធ្វើ​ជា​គោល​ក្នុងការ​កំណត់​ឆ្នាំ ដោយ​យក​ថ្ងៃ​ដែល​​ផ្កាយ​ស៊ីរីយុស​រះឡើងមកវិញ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី រួចហើយ​រាប់​ចំនួន​ថ្ងៃ​ជា​បន្តបន្ទាប់​ រហូត​ដល់​​​ថ្ងៃ​ដែល​ផ្កាយ​ស៊ីរីយុស​រះឡើងមកវិញ​នៅ​ឆ្នាំ​បន្ទាប់ក៏​ឃើញ​ថា ១ឆ្នាំ​មិនមែន​​ត្រឹម​​៣៦០ថ្ងៃនោះទេ តែ​តាមពិត គឺ​មាន​រហូតដល់​ទៅ ៣៦៥​ថ្ងៃ​ឯណោះ។ ចាប់ពីពេលនោះហើយ ដែល​អេហ្ស៊ីប​បាន​បង្កើត​ប្រតិទិនប្រភេទ​ថ្មី​មួយ​ទៀត ដាច់ចេញ​ពី​ប្រតិទិន​ចន្ទគតិ​ដែល​គេ​ធ្លាប់​ប្រើ ហើយដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ប្រតិទិន​សុរិយគតិ​លើកដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ជាតិ​យើង។ តាម​​ប្រតិទិន​ថ្មី​របស់​អេហ្ស៊ីប​នេះ​ ១ឆ្នាំ​មាន​៣៦៥​ថ្ងៃ ត្រូវ​ចែក​ចេញ​ជា ១២ខែ ដែល​មាន​រយៈពេល ៣០ថ្ងៃ​ស្មើៗ​គ្នា (គិតជាសរុប​មាន ៣៦០ថ្ងៃ) រួចហើយ​បូក​បន្ថែម​ ៥ថ្ងៃ​នៅ​ចុងឆ្នាំ​ជា​ “ថ្ងៃលើក” ឬ អធិកវារៈ ដើម្បី​បង្រ្គប់​​ឲ្យ​បាន៣៦៥ថ្ងៃ។ ក្រោយ​ពី​បាន​បង្កើត​ប្រតិទិន​សុរិយគតិ​នេះ អេហ្ស៊ីប​ក៏​មិន​បាន​បោះបង់​ចោល​ប្រតិទិន​ចន្ទគតិ​ចាស់​ចោល​នោះ​ដែរ ដោយ​រាល់​ការ​គន់គូរ​តារាសាស្រ្ត និង​ពិធី​សាសនា​​ទាំង​ប៉ុន្មាន​ត្រូវ​​បន្ត​ធ្វើ​​ទៅតាម​ប្រតិទិន​ចន្ទគតិ​ ចំណែក​ឯ​ប្រតិទិន​សុរិយគតិ​ដែល​ទើប​បង្កើត​ថ្មី​ ត្រូវ​យក​ទៅ​ប្រើ​ខាង​ផ្នែក​ស៊ីវិល រួមមាន​ដូចជា​កិច្ចការ​រដ្ឋបាល និង​ជាពិសេស គឺ​កំណត់​រដូវកាល សម្រាប់​ការងារ​កសិកម្ម។ ប្រតិទិន​សុរិយគតិ​​ដែល​អេហ្ស៊ីប​បង្កើត​ឡើង​មកនេះ ថ្វីដ្បិត​តែ​មាន​ភាព​សុក្រិត​ច្រើន​​ធៀប​នឹង​ប្រតិទិន​មុនៗ ក៏ប៉ុន្តែ វា​ក៏​នៅតែ​មិន​ទាន់​ត្រូវ​ទាំងស្រុង​ទៅនឹង​ឆ្នាំ​ពិតប្រាកដ​នៅឡើយ​នោះដែរ ដោយសារ​តែ​នៅ​ក្នុង​ប្រតិទិន​នេះ ​១ឆ្នាំ​មាន​​៣៦៥​ថ្ងៃ​​គត់​ជា​រៀងរាល់​ឆ្នាំ ក្នុងពេល​ដែល​ចំនួនថ្ងៃពិតប្រាកដ​ក្នុង​មួយ​ឆ្នាំ​ គឺ​មាន​ ៣៦៥,២៥​ថ្ងៃ (ឬ​៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី ៤៦វិនាទី)។ នេះ​មានន័យ​ថា ប្រតិទិន​អេហ្ស៊ីប​ត្រូវ​ខ្វះ​ ០,២៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ត្រូវ​ជា​​កន្លះ​ថ្ងៃ​នៅ​រៀងរាល់​២ឆ្នាំ និង​​ខ្វះ១ថ្ងៃ​នៅ​រៀងរាល់​៤ឆ្នាំ។ ហេតុដូច្នេះហើយ​បាន​ជា​ ក្រោយមក​ទៀត ចក្រភព​រ៉ូម​បាន​យក​ប្រតិទិន​អេហ្ស៊ីប​នេះ​មក​ធ្វើ​ការ​កែសម្រួល បង្កើត​ទៅ​ជា​ប្រតិទិន​ថ្មី​មួយទៀត ដែល​យើង​នៅ​បន្ត​ប្រើប្រាស់​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ននេះ ហើយ​ដែល​​គេ​ត្រូវ​បន្ថែម​មួយថ្ងៃ គឺ​ថ្ងៃទី២៩​កុម្ភៈ នៅ​រៀងរាល់​៤ឆ្នាំ​ម្តង៕
May 29, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - តើមនុស្សជាតិ​ដើមដំបូង​អាច​បែងចែក​ពេលវេលា​ទៅជា​ថ្ងៃ ខែ និងឆ្នាំ​បាន​ដោយ​របៀបណា?
00:09:41
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​បែងចែក​ពេលវេលា​ទៅ​ជា ថ្ងៃ ខែ និង​ឆ្នាំ ហើយ​បង្កើត​ទៅ​ជា​ប្រតិទិន​ដើមដំបូង នៅ​ក្នុង​ប្រវត្តិ​នៃ​មនុស្សជាតិ។ (មានវីដេអូនៅខាងក្រោម) ជារៀងរាល់ថ្ងៃ នៅ​ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​ដំណេក យើង​អាច​ដឹង​បាន ឬ​បើ​សិន​ជា​ភ្លេច​ក៏​យើង​អាច​ស្វែងរក​ចម្លើយ​ឃើញ​ថា តើ​ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​អ្វី ? ថ្ងៃទីប៉ុន្មាន? ខែ​អ្វី? ហើយ​ឆ្នាំអ្វី? នេះ​គឺ​ដោយសារ​តែ​យើង​មាន​របស់​មួយ ដែល​​បែងចែក កំណត់​លំដាប់លំដោយ និង​ឈ្មោះ​ថ្ងៃ ខែ និង​ឆ្នាំ​រួចជាស្រេច​សម្រាប់​យើង ហើយ​ដែល​យើង​​ហៅ​ថា “ប្រតិទិន” (​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បានបញ្ជាក់ថា គេ​អាច​ហៅ​ថា​ជា “ប្រក្រតិទិន” ឬ “ប្រក្រតីទិន” ក៏​បាន តែគួរ​​ប្រើ​ជា “បដិទិន” ឬ “ប្រតិទិន” ត្រឹមត្រូវជាង)។ ប្រតិទិន​​​មិន​ត្រឹមតែ​អាច​ឲ្យ​យើង​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​បច្ចុប្បន្ន​នេះទេ ក៏ប៉ុន្តែ វា​ក៏​អាច​ ​ឲ្យ​យើង​ដឹង​ផងដែរ ​អំពី​​​កាលបរិច្ឆេទ​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​​ពី​អតីតកាល ក៏ដូចជា​​​ហេតុការណ៍ ឬ​ផែនការ​នៅ​ថ្ងៃ​អនាគត​។ វាស្ថិត​នៅ​ជាប់​នឹង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង រហូត​​ពេល​ខ្លះ​​ធ្វើ​ឲ្យ​យើង​​គិត​ស្មាន​ថា ទាំងអស់​នេះ​គឺ​ធម្មតា​ទៅតាម​​លក្ខណៈ​ធម្មជាតិ ដោយ​ គ្មាន​អ្វី​ពិសេស​នោះទេ។ ក៏ប៉ុន្តែ តាមការពិតទៅ ការកំណត់​ថ្ងៃខែឆ្នាំ​នេះ​មិនមែន​មាន​ស្រាប់​ទៅតាម​ធម្មជាតិ​នោះទេ តែ​វា​ជាអ្វី​​ដែល​មនុស្សជាតិ​យើង​ជា​អ្នក​បង្កើតឡើង។ ជាការពិតណាស់​ថា ផែនដី​វិលជុំវិញ​ខ្លួនឯង ព្រះចន្ទ​វិល​ជុំវិញ​ផែនដី ហើយ​ផែនដី​វិល​ជុំវិញ​ព្រះអាទិត្យ ទាំងអស់​នេះ​​សុទ្ធសឹង​ជា​ដំណើរ​នៃ​ធម្មជាតិ។ ក៏ប៉ុន្តែ ការ​បែងចែក​រយៈពេល​នៃ​ដំណើរ​ធម្មជាតិ​ទាំងនេះ​ឲ្យ​ចេញ​ទៅ​ជា​​ម៉ោង ថ្ងៃ សប្តាហ៍ ខែ និង​ឆ្នាំ គឺ​មនុស្ស​ជា​អ្នក​​កំណត់ ហើយមនុស្ស​ជាតិ​យើង​បាន​​ធ្វើការ​បែងចែក​ពេលវេលា​នេះ តាំង​ពី​យូរយារណាស់​មកហើយ ពោលគឺ​តាំង​​រាប់ពាន់ឆ្នាំ​មុន​គ្រិស្តសករាជ​មកម៉្លេះ។ នៅ​ក្នុង​សម័យ​ដើម​ដំបូង​នោះ កុំថាឡើយទៅដល់​ដឹង​ថា ផែនដី​មាន​ចលនា​វិលជុំវិញ​ខ្លួនឯង និង​វិលជុំវិញ​ព្រះអាទិត្យ សូម្បីត្រឹមថា​ផែនដី​មាន​រាងមូល ក៏​មនុស្ស​ជាតិយើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះផង។ ហើយ​យើង​អាច​សាកល្បង​គិត​ស្រមៃ​មើល​បាន​ថា តើ​នៅ​ក្នុងសម័យកាល​​ដែល​គ្មាន​ប្រតិទិន គ្មាន​​ម៉ោង ​ថ្ងៃ ​ខែ ហើយ​គ្មាន​ឆ្នាំ​បែបនោះ ​គេ​អាច​ធ្វើការ​សម្គាល់ពេល​បាន​ដោយ​របៀបណា? មធ្យោបាយ​តែមួយគត់​​​នៅ​ក្នុងការ​កំណត់ពេល គឺ​តាមរយៈ​ការ​សង្កេត​ទៅលើ​ដំណើរវិវឌ្ឍ​​នៃ​​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​​ ដែល​នៅលើ​មេឃ ក៏ដូចជា​ដំណើរវិវឌ្ឍន៍​នៃ​អ្វីៗផ្សេង​ទៀត ដែល​នៅ​ក្នុង​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង ជាពិសេស គឺដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ និយាយ​ជារួម គឺ​ទាមទារ​ជាចាំបាច់​នូវ​ជំនាញ​ខាង​តារាសាស្រ្ត។ ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ឈាន​ទៅ​បង្កើត​ប្រតិទិន គឺ​ការ​បែងចែក “ពេល” ជា “ថ្ងៃ” ទៅតាម​ដំណើរវិវឌ្ឍន៍​នៃ​ព្រះអាទិត្យ ហើយ​នេះ គឺ​ជា​រឿង​ដែល​គេ​ងាយ​នឹង​សង្កេតមើល​ឃើញ​បាន​មុនគេ ដោយសារ​តែ​ដំណើរគោចរ​នៃ​ព្រះអាទិត្យ​មាន​លក្ខណៈទៀងទាត់​ ហើយ​វដ្ត​ក៏​​ខ្លី​ជាងគេ​ផងដែរ ដែល​មិនពិបាក​នឹង​ចំណាយពេលយូរ​ក្នុងការ​សង្កេត។ ​ គ្រប់គ្នា​សុទ្ធតែ​អាច​សង្កេតឃើញ​បាន​ថា ថ្ងៃ​រះនៅ​ពេលព្រឹក លិច​នៅ​ពេល​ល្ងាច រួចហើយ​ត្រូវបាត់​មុខពេញ​មួយ​យប់ មុននឹង​រះឡើងវិញ​នៅព្រឹកបន្ទាប់ បង្កើត​ឲ្យ​មាន​​ថ្ងៃយប់-យប់ថ្ងៃ​ឆ្លាស់គ្នា​ដដែលៗ ដែល​អាចនឹង​ឲ្យ​គេ​កំណត់​ថា វដ្តមួយជុំ​នៃ​​​ព្រះអាទិត្យ​ ពោលគឺ​រយៈពេល​ចាប់​ពីថ្ងៃ​រះ​នៅ​ព្រឹក​​ទីមួយ​ទៅដល់​ថ្ងៃ​​​​រះ​ឡើងវិញ​ម្តង​​ទៀត​នៅ​ព្រឹកទីពីរត្រូវ​រាប់​ថា “១ថ្ងៃ”។ បែងចែក​ពេលវេលា​ត្រឹមជា​ថ្ងៃ​នេះ​ក៏​នៅ​មិន​ទាន់គ្រប់គ្រាន់​នោះដែរ ដោយសារ​ថា នៅ​ពេល​ដែល​ចំនួន​ថ្ងៃ​មាន​កាន់តែ​ច្រើន​ រហូតដល់​រាប់សិប ឬ​រហូត​ដល់​រាប់រយ ឬ​រាប់ពាន់ថ្ងៃ គេ​ប្រាកជា​នឹង​ពិបាក​រាប់ និង​ពិបាក​ចំណាំ​ថា​ថ្ងៃណាជាថ្ងៃណា ហើយ​ពេលណា​ជា​ពេលណា​ពិតប្រាកដ។ ដូច្នេះ ជំហាន​​បន្ទាប់មក​ទៀត គឺ​ត្រូវ​​បែងចែក​ពេលទៅជា​ “ខែ” តាមរយៈ​ការ​​សង្កេតមើល​ទៅលើ​ដំណើរវិវឌ្ឍន៍​នៃ​ព្រះចន្ទ ដែល​យើង​ច្រើន​ហៅ​តាម​ភាសា​សាមញ្ញ​ថា “លោកខែ” ហើយ​ដែល​តែងតែ​​ផ្លាស់ប្តូរ​ទម្រង់​ពី​យប់ទៅមួយយប់ ដោយ​យប់ខ្លះ​​ព្រះចន្ទ​​មាន​រាង​ជា​ចំណិត យប់ខ្លះ​ព្រះចន្ទ​​ពេញវង់ ហើយ​យប់ខ្លះ​​ទៀត​ព្រះចន្ទ​ត្រូវ​បាត់​ទាំងស្រុង​ពីលើមេឃ​មុននឹង​ចេញ​ជា​ចំណិត​ថ្មី​មកវិញ​ទៅតាមអ្វី​ដែល​យើង​ហៅ​ថា “ខ្នើត” និង “រនោច”។ ក្រោយ​ពី​ធ្វើការ​សង្កេត​ជាច្រើន​យប់ មនុស្ស​សម័យ​បុរាណបាន​សង្កេតឃើញ​ថា ​ដំណើរវិវឌ្ឍន៍​​នៃ​ព្រះចន្ទនេះ គឺ​ជា​វដ្តមួយ​ដ៏​​​ទៀងទាត់​ដែល​អាច​ឲ្យ​គេ​យក​មក​ធ្វើ​ជា​រង្វាស់​ពេលបាន ដោយ​កំណត់​ថា វដ្តមួយជុំនៃ​ព្រះចន្ទ ពោលគឺ ពីដើម​ខ្នើតមួយ​ទៅដល់​ដើមខ្នើតថ្មី​មួយទៀត (កន្លែងខ្លះ​គេ​រាប់​ពី​ចុងរនោចមួយ​ទៅ​ចុងរនោច​ថ្មី​មួយ​ទៀត) ត្រូវ​​ស្មើ​នឹង “១ខែ” ដែល​មាន​រយៈពេល ២៩​ថ្ងៃ ឬ ៣០ថ្ងៃ។ គិតមកត្រឹមនេះ មនុស្ស​យើង​អាច​ធ្វើការ​បែងចែក​ពេល​ជា​ “ថ្ងៃ” ទៅតាម​វដ្ត​របស់​ថ្ងៃ ឬ​ព្រះអាទិត្យ និង​ជា “ខែ” ទៅតាម​វដ្ត​នៃ​លោកខែ ឬ​ព្រះចន្ទ។ ក៏ប៉ុន្តែ ការកំណត់​រយៈពេល​នៃ​​ឆ្នាំ គឺ​ជា​រឿង​ស្មុគស្មាញ។ មនុស្ស​សម័យ​បុរាណ​អាច​​ធ្វើការ​កំណត់​រយៈពេល​នៃ​ឆ្នាំ​បាន​ជាលើកដំបូង គឺ​តាមរយៈ​ការ​សង្កេតមើល​ទៅលើ​ដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ នៅ​កន្លែងខ្លះ ដូចជា​នៅ​មេសូប៉ូតាមី (ម្តុំ​ប្រទេស​អ៊ីរ៉ាក់​បច្ចុប្បន្ន) ពួក​បាប៊ីឡូន អាច​សង្កេត​មើល​ឃើញ​នូវ​ដំណើរឆ្លាស់គ្នា រវាង​រដូវប្រាំង និង​រដូវ​វស្សា ចំណែក​នៅ​កន្លែង​​​ខ្លះ​ទៀត គេ​អាច​សង្កេតពី​​​ដំណើរឆ្លាស់គ្នា រវាង​រដូវ​ក្តៅ រដូវ​ស្លឹកឈើជ្រុះ រដូវ​ត្រជាក់ និង​រដូវ​ផ្ការីក មុននឹង​វិលត្រឡប់​មក​រដូវ​ក្តៅវិញ។ ការ​សង្កេតឃើញ​នូវ​ដំណើរ​វិវឌ្ឍន៍​នៃ​រដូវកាល ដែល​វិលជុំ​ដដែលៗ​នៅ​ក្នុង​រយៈពេល​​ជាច្រើន​ខែ​​​បែបនេះហើយ ដែល​​អាច​ឲ្យ​គេ​បង្កើត​​រង្វាស់ពេល ដែល​គិត​​ជា “​ឆ្នាំ” ក៏ប៉ុន្តែ បញ្ហា​ស្មុគស្មាញ​ត្រូវ​ចោទឡើង នៅ​ពេល​ដែល​គេ​ត្រូវ​កំណត់​ថា តើ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ពិតប្រាកដ? កាលពីដើម​ដំបូងឡើយ ប្រតិទិន​ដែល​អរិយធម៌​សម័យ​បុរាណ​យក​មក​ប្រើ គឺ​ជា​ប្រតិទិន​ដែល​យក​តាម​​ដំណើរ​របស់​ព្រះចន្ទ​សុទ្ធសាធ ដោយ​ក្នុង​​មួយ​ឆ្នាំ​ត្រូវ​ចែក​ចេញ​ជា ១២ខែ ហើយ​​១ខែ ត្រូវ​ចែកចេញ​ជា ២៩ថ្ងៃ ឬ​៣០ថ្ងៃ ដោយ​ឆ្លាស់គ្នា​តាមខែ។ បញ្ហា​នៃ​​ប្រតិទិន​នេះ គឺ​មួយឆ្នាំ​មាន​រយៈពេល​តែ ៣៥៤​ថ្ងៃ​តែ​ប៉ុណ្ណោះ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ភាព​មិន​ស៊ីសង្វាក់គ្នា រវាង​ប្រតិទិន និង​រដូវកាល ដែល​គេ​សង្កេតឃើញ​ជាក់ស្តែង។ ក្រោយ​មក ពួក​បាប៊ីឡូន​បាន​ធ្វើការ​កែសម្រួល​ បង្កើត​ទៅ​ជា​ប្រតិទិន​ ដែល​មាន ៣៦០​ថ្ងៃ​ក្នុងមួយ​ឆ្នាំ។ វានៅតែ​មិន​ទាន់​ត្រូវ​នឹង​ឆ្នាំ​ពិតប្រាកដ ដែល​មាន ៣៦៥ថ្ងៃ នៅឡើយ​នោះទេ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ប្រតិទិន​​​​បាប៊ីឡូន​នេះ​​មាន​ភាព​សុក្រិត​ជាងមុន​ច្រើន ហើយ​លើស​ពីនេះ​ទៅទៀត ពួក​បាប៊ីឡូន​នេះ​បាន​ធ្វើការ​បែងចែក​ពេល​ជា​​ប្រភេទ​ថ្មី​មួយទៀត ដែល​យើង​នៅ​បន្ត​ប្រើ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ “សប្តាហ៍” ដែល​មាន​៧ថ្ងៃ។ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការបង្កើត​សប្តាហ៍​ដែល​មាន៧ថ្ងៃ​នេះ នៅតែ​ជា​រឿង​ដ៏​អាថ៌កំបាំង​មួយ​នៅឡើយ។ គេ​អាច​យល់បាន​ពី​ការ​បែងចែក​ជា​ថ្ងៃ​ខែ​និង​ឆ្នាំ ដោយ​ផ្អែក​ទៅលើ​ដំណើរ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ដំណើរវិវឌ្ឍន៍​នៃ​រដូវកាល។ ចុះ​សប្តាហ៍​វិញ តើ​ផ្អែក​ទៅលើ​អ្វី? អ្វីដែល​គេ​អាច​ដឹង​បាន គឺ​ដឹង​ថា ពួក​បាប៊ីឡូន​​ចាត់ទុក​លេខ ៧ ជា​លេខ​ពិសេស ហើយ​វា​ផ្សាភ្ជាប់​ទៅនឹង​តារាសក្ការៈ​ទាំង៧ ដែល​ពួកបាប៊ីឡូន​​គោរព​បូជា គឺ​ព្រះអាទិត្យ ព្រះចន្ទ ផ្កាយព្រះអង្គារ ផ្កាយព្រះពុធ ព្រះព្រហស្បតិ៍ ផ្កាយព្រះសុក្រ និង​ផ្កាយព្រះសៅរ៍។ ឈ្មោះ​តារាសក្ការៈ​ទាំង ៧ នេះហើយ ដែល​ពួក​បាប៊ីឡូន​យក​មក​ដាក់​ឲ្យ​ឈ្មោះ​ថ្ងៃ​ទាំង ៧ ក្នុង​មួយ​សប្តាហ៍ ហើយ​ដែល​យើង​នៅ​បន្ត​ប្រើ​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕
May 27, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - តើ​នរណា​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាង​មូល?
00:09:28
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​រកឃើញ​​កាល​ពីដើម​ដំបូងគេថា​ភពផែនដី​របស់​យើង​មាន​រាងមូល។ (មានវីដេអូនៅខាងក្រោម) នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​នៅតែ​គិត​ថា ផែនដី​របស់​យើង​មាន​រាងសំប៉ែត​ដូចជា​ថាស ក៏ប៉ុន្តែ មនុស្ស​ភាគច្រើន​ជឿថា ផែនដី​មាន​រាង​​មូល (ស្វ៊ែរ)។ សំណួរសួរ​ថា តើ​ចាប់តាំង​ពីពេលណាមក ដែល​មនុស្សជាតិ​យើង​ដឹង​ថា ផែនដី​មាន​រាង​មូល ហើយ​តើ​អ្នកណា​ដែល​ជា​អ្នក​រកឃើញ​? រហូតមកទល់​នឹង​សព្វថ្ងៃនេះ មនុស្ស​ស្ទើរតែ​ជាទូទៅ​​នាំគ្នា​ជឿ​ថា គ្រីស្តូហ្វ កូឡុំ គឺ​ជា​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាងមូល​។ ក៏ប៉ុន្តែ តាមការពិត​ទៅ គ្រីស្តូហ្វ កូឡុំ មិនមែន​ជា​អ្នក​ដែល​បាន​រកឃើញ​ថា ផែនដី​មាន​រាងមូល​នោះទេ ហើយ​គ្រីស្តូហ្វ កូឡុំ ថ្វីដ្បិត​តែ​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទៅ​រកឃើញ​ទ្វីបអាមេរិក កាល​ពី​ឆ្នាំ១៤៩២ ក៏ប៉ុន្តែ ក៏​មិនមែន​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជុំវិញ​ភពផែនដី​ ដើម្បី​បញ្ជាក់​ថា ផែនដី​មាន​រាងមូល​នោះដែរ។ គឺ​អ្នក​ជំនាញ​ខាង​នាវាចរណ៍​ម្នាក់ផ្សេងទៀត ឈ្មោះ​ ហ្វ៊ែរណង់ ដឺម៉ាហ្សេឡង់ (Fernand de Magellan)​ ​ជា​ជនជាតិ​ព័រទុយហ្កាល់ ដែល​បាន​​ធ្វើ​ដំណើរ​តាមកប៉ាល់​មួយ​ជុំ​ផែនដី​ដោយ​មិន​ត្រឡប់​ក្រោយ នៅ​ដើម​សតវត្សរ៍​ទី​១៦ (ហ្វ៊ែរណង់ ដឺម៉ាហ្សេឡង់​​បាន​ទទួល​មរណភាព​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន នៅឆ្នាំ១៥២១ ​ក្នុង​អំឡុង​ដំណើរ​ជុំវិញ​ផែនដី តែ​ក្រុមនាវិក​របស់​លោក​បាន​បន្ត​ដំណើរ​រហូតដល់​ចប់ចុងចប់ដើមនៅឆ្នាំ១៥២២)។ គិត​មក​ទល់​នឹង​សម័យកាល​ គ្រីស្តូហ្វ កូឡុំ និង ហ្វ៊ែរណង់ ដឺម៉ាហ្សេឡង់​​នោះ មនុស្ស​ជាតិ​យើង​បាន​ដឹង​រួចទៅហើយ​ថា ផែនដី​មាន​រាងមូល ហើយ​គឺ​អ្នក​ប្រាជ្ញ​ក្រិក​ដែល​ជា​អ្នក​រកឃើញ តាំង​ពី​ជាង​ពីរ​ពាន់ឆ្នាំមុន​មកម៉្លេះ។ ពីតាហ្គ័រ ទស្សនវិទូ និង​គណិតវិទូ​ក្រិក​បាន​បង្រៀន​អំពី​ផែនដី​មាន​រាងមូល​នេះ​តាំង​ពី​​ប្រមាណ​ជា ៥០០ឆ្នាំមុនគ.ស. ហើយអ្នកប្រាជ្ញក្រិក​ក្រោយៗ​មក​ទៀត រួមមាន ផ្លាតុង អារីស្តូត និង​អាក់ស៊ីម៉ែត្រ ជាដើម សុទ្ធតែ​បាន​លើកឡើង​ដូចគ្នា​​ថា ផែនដី​មាន​រាងមូល​។ នៅ​ក្នុង​សៀវភៅ "On the Heavens" ​ចេញផ្សាយ​នៅ​ឆ្នាំ​៣៥០​មុនគ.ស. ​​អារីស្តូត​​បាន​សរសេរ​ពន្យល់​ថា គេ​អាច​សន្និដ្ឋាន​បាន​​ថា ផែនដី​មាន​រាងមូល​ តាមរយៈ​ការ​សង្កេតមើលផ្កាយ​លើ​មេឃ ដែល​ប្រែប្រួល​ខុសៗគ្នា នៅ​ពេល​ដែល​គេ​សង្កេត​មើល​ពី​ទី​កន្លែងខុសៗគ្នា។ យោងតាម​អារីស្តូត ប្រសិនបើ​ផែនដី​មាន​រាងសំប៉ែត គេ​គួរតែ​អាច​មើល​ឃើញ​ផ្កាយ​ដូចៗគ្នា​នៅ​គ្រប់​ទីកន្លែង មិនថា​នៅ​តំបន់​ប៉ែក​​​​ខាង​ជើង ឬ​ក៏​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​នោះទេ។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​សង្កេត​មើល​​​ជាក់ស្តែង អារីស្តូត​បាន​ធ្វើការ​កត់សម្គាល់​ថា ​​ផ្កាយខ្លះ គេ​អាច​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ក៏ប៉ុន្តែ នៅក្នុងពេលតែមួយដូចគ្នា គេ​មិន​អាច​មើល​ឃើញ​ផ្កាយ​ទាំង​នេះ​បានទេ ប្រសិនបើ​គេ​ស្ថិត​នៅ​តំបន់​ផ្សេងទៀត ដែល​ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស​អេហ្ស៊ីប។ តាមរយៈ​ការ​សង្កេតនេះ​ហើយ ដែល​អារីស្តូត​បាន​សន្និដ្ឋាន​ថា ផែនដី​មាន​រាង​មូល​ដូចជា​ដុំស្វ៊ែរ ហើយ​​ដុំស្វ៊ែរ​នេះ​ក៏​មាន​ទំហំ​មិន​ជា​ធំខ្លាំង​ប៉ុន្មា​ននោះដែរ បាន​ជា​នៅ​ក្នុង​ទីតាំង​ដែល​មាន​ចម្ងាយ​មិន​សូវ​ជា​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ផងនោះ ក៏​​​គេអាច​សង្កេតឃើញ​ការ​ប្រែប្រួល​នៃ​ផ្កាយ​បាន​បែបនេះ។ កាលណា​និយាយ​អំពី​អ្នក​រកឃើញ​ថា​ផែនដី​មាន​រាងមូល គេ​មិន​អាច​មិន​និយាយ​បានទេ អំពី​អ្នក​ប្រាជ្ញ​ក្រិក​ម្នាក់​ទៀត ដែល​​​មិន​ត្រឹមតែ​អាច​បញ្ជាក់​ថា​ផែនដី​មាន​រាងមូល​តាមរយៈ​ការ​សង្កេត និង​​ពិសោធន៍​ជាក់ស្តែង​នោះទេ ក៏ប៉ុន្តែ ថែម​ទាំង​អាច​​គណនា​រកឃើញ​ទំហំ​ផែនដី​បាន​ទៀត​ផង នោះគឺអ្នកប្រាជ្ញ​​​ឈ្មោះ​ថា អេរ៉ាតូស្តែន (Eratosthène)។ អេរ៉ាតូស្តែន កើតនៅ​ឆ្នាំ​២៧៦​មុន​គ.ស. នៅ​ក្រិក ក៏ប៉ុន្តែ​ក្រោយ​មក បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដោយ​ធ្វើការ​នៅ​ឯ​បណ្ណាល័យ​ដ៏​ល្បីល្បាញ​បំផុត​នៅ​សម័យនោះ គឺ​បណ្ណាល័យ​អាឡិចសង់ឌ្រី (Alexandrie)។ នៅ​ពេល​កំពុង​ធ្វើការ​នៅ​អាឡិចសង់ឌ្រីនោះ អេរ៉ាតូស្តែន​បាន​ចាប់អារម្មណ៍​ទៅលើ​បាតុភូត​មួយ​​ ដែល​លោក​សង្កេតឃើញ។ អេរ៉ាតូស្តែន​បាន​ដឹង​ថា នៅ​ទីក្រុង​មួយ​ឈ្មោះ​ថា ស្យែន (Syène ឬ Aswan) ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អេហ្ស៊ីប នៅ​វេលា​ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃ​សុលស្ទីស​រដូវក្តៅ (Solstice) ពោលគឺ​ត្រូវ​នឹង​ថ្ងៃ​ទី២១​មិថុនា ព្រះអាទិត្យ​ស្ថិត​នៅ​ត្រង់​ចំពី​លើ​ក្បាល។ បើ​គេ​មើល​ទៅ​ក្នុង​អណ្តូងទឹក ព្រះអាទិត្យ​ចាំង​ត្រង់​រហូត​ទៅដល់​បាតអណ្តូង ហើយ​បើ​សិន​ជា​គេ​សង្កេតមើល​ទៅលើ​បង្គោល​ដែល​គេ​ដោតដោយ​ត្រង់​ទៅលើ បង្គោលនោះ​មិនមាន​ស្រមោល​អ្វីសោះ​នៅលើ​ដី។ ចំណែក​នៅ​ឯ​ទីក្រុង​អាឡិចសង់ឌ្រី​ឯណោះវិញ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អេហ្ស៊ីប (ជាប់​នឹង​សមុទ្រ​មែឌីទែរ៉ាណេ) អេរ៉ាតូស្តែន​បាន​សង្កេតឃើញ​ថា នៅថ្ងៃ​សុលស្ទីសរដូវដូចគ្នា ហើយ​នៅ​ពេល​ថ្ងៃ​ត្រង់​ដូចគ្នា​ បង្គោលដែល​គេ​ដោត​ដោយ​ត្រង់​​ដូចគ្នា ក៏ប៉ុន្តែ បែរ​ជា​មានចាំងស្រមោល​ទៅលើ​ដី​ទៅវិញ។ មនុស្ស​ទូទៅ​អាច​មិន​ចាប់អារម្មណ៍​នឹង​រឿងនេះ ក៏ប៉ុន្តែ អេរ៉ាតូស្តែន​វិញ​បាន​យក​វា​មក​ធ្វើការ​​ត្រិះរិះពិចារណា ហើយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​នៅថ្ងៃ​តែមួយ​ ​ពេល​តែមួយ ក៏ប៉ុន្តែ នៅ​កន្លែងមួយ​ព្រះអាទិត្យ​ស្ថិត​នៅ​ចំពីលើ​​ធ្វើ​ឲ្យ​បង្គោល​មិនចាំងស្រមោលលើដី ចំណែក​នៅ​កន្លែងមួយទៀត ព្រះអាទិត្យ​ស្ថិត​នៅ​ចំហៀង​ ហើយ​ធ្វើ​ឲ្យ​បង្គោល​ចាំងស្រមោល​ទៅលើ​ដី​បែបនេះ​ទៅវិញ? ប្រសិន​បើ​ផែនដី​មាន​រាងសំប៉ែត ផ្ទៃដី​ត្រូវ​មាន​រាងស្មើ​ដូចបន្ទាត់​ដោយ​គ្មាន​កំណោង ហើយ​ព្រះអាទិត្យ​គួរតែ​មាន​ទីតាំង​ដូចគ្នា​នៅ​ទីក្រុង​ទាំងពីរ ពោលគឺ បើ​នៅ​ចំពីលើក្បាល​ត្រូវ​នៅ​ចំពីលើ​ក្បាល​ដូចគ្នា ហើយ​បើ​នៅ​ចំហៀង​ត្រូវ​​នៅ​ចំហៀង​ដូចគ្នា ហើយ​ចាំងស្រមោល​ទៅលើ​ដី​ក្នុង​ទិសដៅ​ដូចគ្នា និង​ទំហំ​ស្មើគ្នា។ សម្រាប់​អេរ៉ាតូស្តែន ព្រះអាទិត្យ​តែមួយ​មិន​អាច​មាន​ទីតាំង​ខុសគ្នា​នៅ​ក្នុង​ពេល​តែមួយ​បានទេ។ ដូច្នេះ ការណ៍​ដែល​បង្គោល​ដែល​ដោត​ត្រង់​ទៅលើ ក៏ប៉ុន្តែ ចាំងសម្រោល​​មកលើ​ដី​មិន​ដូចគ្នា​ រវាង​ទីក្រុង​ទាំងពីរ​នេះ គឺ​វា​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ផែនដី​មាន​រាងមូល ហើយ​​ផ្ទៃដី​មាន​រាងកោង ទើប​ធ្វើ​ឲ្យ​បង្គោល​ទាំងពីរ​ ថ្វីដ្បិត​តែមើល​ទៅ​ឃើញ​ដោតដោយ​ត្រង់​ទៅលើ​បើ​​ធៀបនឹង​ផ្ទៃ​ដី​នៅ​ក្នុង​ទីក្រុង​ខ្លួនឯង​​រៀងៗខ្លួន ក៏ប៉ុន្តែ បើ​ធៀប​នឹង​ព្រះអាទិត្យ គឺ​វាចង្អុល​ទៅ​ទិស​ខុសគ្នា​ទៅតាម​ភាពកោង​នៃ​ផែនដី។ លើសពីនេះ​ទៅទៀត តាមរយៈ​ការ​វាស់វែង​ប្រវែងបង្គោល និង​ប្រវែង​ស្រមោល​ដែល​នៅលើ​ដី អេរ៉ាតូស្តែន​ថែម​ទាំង​អាច​កំណត់​បាន​ទៀត​ផង​ថា បង្គោល​ទាំងពីរ​នេះ​ចង្អុល​ទៅទិសខុសគ្នា ក្នុងរង្វាស់មុំ​ប្រមាណ​ជា ៧អង្សារ ដែល​មានន័យថា ភាពកោង​នៃ​ផែនដី រវាង​ទីក្រុង​ស្យែន និង​អាឡិចសង់ឌ្រី គឺ​មាន​កម្រិត​ ៧អង្សារ ពោលគឺ ប្រមាណ​ជា ១លើ៥០ ​នៃ​រង្វង់​ជុំវិញ​ផែនដី ដែល​មាន ៣៦០​អង្សារ។ តាមរយៈ​ក្បួន​គណិតវិទ្យា​​ដ៏​សាមញ្ញ​ អេរ៉ាតូស្តែន​បាន​កំណត់​ថា បើ​ភាពកោង រវាង​ទីក្រុង​ស្យែន និង​ទីក្រុង​អាឡិចសង់ឌ្រី ស្មើ​នឹង ១លើ៥០​ នៃ​រង្វង់​ជុំវិញ​ផែនដី ដូច្នេះ ប្រវែងសរុប​នៃ​រង្វង់​​ជុំវិញ​ផែនដី គឺ​ត្រូវ​ស្មើ​នឹង ៥០ដង នៃ​ចម្ងាយ រវាង​ទីក្រុង​ទាំងពីរ។ អេរ៉ាតូស្តែន​ក៏​បាន​ជួល​ឲ្យ​គេ​វាស់ចម្ងាយ រវាង​ក្រុង​ទាំងពីរ រួចហើយ​យក​មក​គណនា​រកឃើញ​ថា រង្វង់ជុំវិញ​ផែនដី​របស់​យើង​នេះ​មាន​ប្រវែង​ជិត៤ម៉ឺនគីឡូម៉ែត្រ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ តាមរយៈបច្ចេកវិទ្យា​ដ៏​ទំនើប គេ​បាន​ធ្វើការ​វាស់វែង​ឃើញ​ថា ប្រវែងពិតប្រាកដ​នៃ​រង្វង់​ជុំវិញ​ផែនដី គឺ ៤០ ០៧៥គីឡូម៉ែត្រ ដែល​នេះ​មានន័យថា ការគណនា​របស់​អេរ៉ាតូស្តែន​មាន​ភាព​សុក្រិត ដោយ​មាន​កម្រិត​លម្អៀង​​មិនដល់ ២%​នោះផង ហើយ​គេ​មិន​ត្រូវ​ភ្លេចទេ​ថា អេរ៉ាតូស្តែន​បាន​ធ្វើការ​គណនា​នេះ តាំង​ពី​ឆ្នាំ​២៤០​មុនគ.ស.ប ពោលគឺ​តាំង​ពី​ជាង ២ពាន់ឆ្នាំមុន​ នៅ​ពេល​ដែល​មិនទាន់​មាន​​ឧបករណ៍​វាស់វែង និង​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​ពេល​បច្ចុប្បន្ន​នេះនៅឡើយ៕
May 17, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា
00:09:01
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​​ភពផែនដី​របស់​យើង​​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការ​ចាប់លេចមុខឡើង​នៃ​ពពួក​អូម៉ូសាព្យាង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា “មនុស្សសម័យទំនើប” ស្ថិត​ក្នុង​តំណវង្ស​នៃ​មនុស្ស​យើង​បច្ចុប្បន្ន។ (មានវីដេអូនៅ​ខាង​ក្រោម) គិតត្រឹម​ប្រមាណ​ជា ២០ម៉ឺន​ឆ្នាំមុន ពពួក​ថនិកសត្វ​មួយក្រុម​ ដែល​គេ​ឲ្យឈ្មោះ​ថា “វានរជាតិ” (Primate) បាន​ឆ្លងកាត់​នូវ​ដំណើរវឌ្ឍ​ដ៏​យឺតៗ ក្នុង​រយៈពេល​រហូតដល់​ទៅ​រាប់​លាន​ឆ្នាំ រហូតដល់​អាច​ចេះដើរ​ជើងពីរ ចេះប្រើឧបករណ៍ និង​ចេះប្រើភ្លើង។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ពពួក​វានរជាតិ​ទាំងនោះ មិនត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​នៃ​មនុស្សជាតិយើង​បច្ចុប្បន្ន​នេះ​នោះទេ។ តាមការពិត​ទៅ ពាក្យ​ថា “មនុស្ស” បើ​និយាយ​តាម​ន័យ​ទូលាយ គឺ​គេ​​អាច​រាប់​បញ្ចូល​គ្រប់មែក​ធាង​នៃ​​ពូជ​ ដែល​គេ​ឲ្យឈ្មោះ​ថា “អូម៉ូ” (Homo ជា​ភាសា​ឡាតាំង​ដែល​មានន័យថា​ “មនុស្ស”) ដោយ​នៅ​ក្នុងនោះ​រួមមាន​ដូចជា​ ​​អូម៉ូ​អេរិចទុស (Homo erectus) ដែល​ចាប់ផ្តើម​មាន​វត្តមាន​លើភពផែនដី​របស់​យើង​កាល​ពី​ប្រមាណ​ជា ២លាន​ឆ្នាំមុន ហើយ​ត្រូវ​ស្លាប់​ផុតពូជ​អស់​នៅ​ក្នុងចន្លោះ​ពី​ ៥ទៅ១០ម៉ឺន​ឆ្នាំមុន និង​អូម៉ូណេអង់ឌែរតាល់ (Homo Neandertal) ដែល​គេច្រើន​ហៅដោយខ្លីថា “ណេអង់ឌែរតាល់” ដែល​ចាប់មាន​វត្តមាន​កាល​ពី​ប្រមាណ ៤០ម៉ឺនឆ្នាំមុន ហើយ​ត្រូវ​ស្លាប់​ផុតពូជ​អស់​នៅ​ប្រមាណ​ជា ៦ម៉ឺន​ឆ្នាំមុន។ ក៏ប៉ុន្តែ ទាំង​អូម៉ូអេរិចទុស និង​ទាំង​ណេអង់ឌែរតាល់​នេះ មិន​​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ ​ "មនុស្សពេញលេញ" ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​នៃ​មនុស្ស​យើង​បច្ចុប្បន្ន​នេះ​នោះទេ។ មនុស្ស​ជាតិ​យើង​សព្វថ្ងៃនេះ​គឺ​ជា​តំណវង្ស​នៃ​ពូជ​ថ្មី​មួយទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អូម៉ូសាព្យាង” (Homo sapiens) តាមភាសា​ឡាតាំង​ដែល​មានន័យថា “មនុស្សឆ្លាត” ពោលគឺ “មនុស្ស” ដែល​មាន​បញ្ញាខ្ពស់។ អូម៉ូសាព្យាង​ដើម​ដំបូង​បាន​ចាប់ផ្តើម​លេចមុខឡើង កាល​ពី​ប្រមាណ​ជា ២០ម៉ឺន​ឆ្នាំមុន នៅ​ក្នុង​តំបន់​អាហ្វ្រិក មុននឹង​រីកសាយភាយ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។ លក្ខណៈដ៏ពិសេស​របស់​​អូម៉ូសាព្យាង គឺ​ការ​ចេះប្រើ​ភាសា​ដែល​មាន​លក្ខណៈជឿនលឿន ហើយ​ដែល​អាច​និយាយ​ទាក់ទងគ្នា ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ដល់​គ្នា​ទៅវិញ​ទៅមក​បាន។ គិត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​នៅ​មិនទាន់​អាច​កំណត់​បាន​ដោយ​ច្បាស់លាស់​នៅឡើយទេ​ថា តើ​ពពួក​អូម៉ូសាព្យាង​នេះ​ចាប់ផ្តើម​ចេះ​ប្រើភាសា​និយាយ​ទាក់ទងគ្នា​នៅ​ពេលណា​ពិតប្រាកដ​នោះទេ។ ក៏ប៉ុន្តែ ភស្តុតាង​ដែល​គេ​បាន​​រកឃើញនាពេល​កន្លងមក​អាច​ឲ្យ​គេ​​កំណត់​បាន​យ៉ាង​ច្បាស់​ថា អូម៉ូសាព្យាង ពោល​គឺ​មនុស្សជាតិយើង​ ចាប់ផ្តើម​ចេះប្រើភាសា​និយាយ​ទាក់ទងគ្នា​បាន​យ៉ាងស្ទាត់​ជំនាញ​ នៅ​យ៉ាងតិច កាល​ពី​ ៥ម៉ឺន​ឆ្នាំមុន ហើយ​​ប្រហែល​ជា​នៅ​មុននេះផង​ក៏​អាច​ថាបាន។ ការចេះប្រើភាសា​និយាយគ្នា​បាន​នេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​និយាយ​រ៉ាយរ៉ាប់​រឿង​​រ៉ាវ​​ប្រាប់គ្នា​ទៅវិញ​ទៅមក, អាច​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ដល់​គ្នា​​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ​ទាំង​នៅ​ក្នុង​ជំនាន់​ជាមួយគ្នា ក៏ដូចជា ផ្ទេរ​បទពិសោធន៍​ក្នុង​ជីវិត​ពី​ជំនាន់​មួយ​ ទៅ​​ក្មេង​ជំនាន់​​ថ្មី​មួយ​ទៀត ហើយ​នេះ គឺ​​​ជា​កត្តា​ដ៏​ចម្បង​បំផុត​មួយ ជួយ​​​ឲ្យ​មនុស្ស​មាន​ការ​វិវឌ្ឍន៍​ខាង​បញ្ញា​បាន​យ៉ាងលឿន​ខុស​ពី​សត្វ​ផ្សេងទៀត។ គិតត្រឹម ៥ម៉ឺនឆ្នាំមុន មនុស្សយើង (មនុស្ស​នៅ​ក្នុង​អម្បូរ​អូម៉ូសាព្យាង) ចេះ​ធ្វើ​ឧបករណ៍ប្រើប្រាស់ ចេះ​ប្រើភ្លើង និង​ចេះប្រើភាសា​ក្នុងការ​និយាយ​ទាក់ទង​គ្នា ហើយ​មនុស្ស​យើងក៏​បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​តំបន់​អាហ្វ្រិក​ផងដែរ ដោយ​បាន​រីកសាយភាយ​រហូត​ទៅដល់​តំបន់​មជ្ឈិមបូព៌ា អាស៊ី អូស្រ្តាលី និង​ប្រមាណ​ជា ៣ម៉ឺន ទៅ​៤ម៉ឺន​​ឆ្នាំមុន ក៏​បាន​ធ្វើដំណើរ​​ទៅដល់​អឺរ៉ុប។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​យើង​ធ្វើ​ដំណើរ ពង្រីក​វត្តមាន​ទៅ​ទិស​ខាងជើង តំបន់​ទឹកកក​វិញ បាន​រីកសាយភាយ​ពី​តំបន់ប៉ូល​ចាក់​ចុះ​មក​ទិស​ខាង​ត្បូង ហើយពេល​ទៅដល់​អឺរ៉ុប មនុស្ស​យើង​ត្រូវ​ប្រឈម​នឹង​​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​ចម្បងមួយ គឺ​យុគសម័យទឹកកក។ តាមការពិត​ទៅ នៅ​ក្នុង​រយៈពេល​ជាង ៤ពាន់៥រយលាន​ឆ្នាំ​កន្លងទៅនេះ ភពផែនដី​របស់​យើង​បាន​ឆ្លងកាត់​នូវ​យុគសម័យទឹកកក​ចម្បងៗ​​យ៉ាងតិច​រហូតដល់​ទៅ ៥លើកឯណោះ ហើយ​យុគសម័យទឹកកក​ដ៏​ធំជាងគេ ដែល​ផ្ទាំង​ទឹកកក​មាន​កម្រាស់​រហូតដល់​ទៅ​រាប់ពាន់ម៉ែត្រគ្របដណ្តប់​ស្ទើរតែ​គ្រប់​ទីកន្លែង​​នៅ​ទូទាំង​ភពផែនដី​ទាំងមូល​ ​រហូត​ធ្វើ​ឲ្យ​គេ​ដាក់​ឈ្មោះ​ថា “ផែនដីដុំទឹកកក” (Snowball Earth) គឺ​បាន​កើតឡើង​តាំង​ពី​ជាង ៧០០លាន​ឆ្នាំ​មុនឯណោះ។ ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​យុគសម័យ​ទឹកកក​ចម្បងៗ​ទាំង ៥លើកនេះ មាន​ ៤លើក បាន​កើតមានឡើង នៅ​ពេល​ដែល​មនុស្ស​យើង​មិន​ទាន់​ចាប់កំណើត​ឡើង​នៅឡើយ ហើយ​គឺ​​យុគសម័យទឹកកក​​លើកទី៥​ និង​ជា​លើកជើងក្រោយ​ ដែល​​មនុស្ស​យើង​ត្រូវ​ប្រឈម។ នៅ​ក្នុង​អំឡុង​ពេលនោះ ថ្វីដ្បិត​តែ​តំបន់​ទឹកកក​មិនបាន​រីកសាយភាយ​រហូត​ត្រូវ​គ្រប់​ដណ្តប់​ពេញលើ​ភពផែនដី​ទាំងមូល ដូច​ជា​កាល​ពី​ក្នុង​អំឡុង​យុគសម័យ​ទឹកកក​ផ្សេងទៀត​កាល​ពី​លើកមុនៗ ក៏ប៉ុន្តែ តំបន់​មួយ​ផ្នែក​ធំ ជាពិសេស ​​អឺរ៉ុប ក៏ដូចជា​​តំបន់​ផ្សេងទៀត ដែល​នៅក្បែរ​តំបន់​ប៉ូល​ អ្វីៗ​ត្រូវ​គ្របដណ្តប់​ទៅ​ដោយ​ផ្ទាំង​ទឹកកក​កម្រាស់​រហូតដល់​ទៅ​ប្រមាណ​ជា ២ពាន់​ម៉ែត្រ​ឯណោះ។ ក៏ប៉ុន្តែ បើ​ទោះបីជា​នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​ដ៏​សែន​ត្រជាក់​​បែបនេះ​ក៏ដោយ មនុស្ស​យើង​​ក៏​នៅតែ​អាច​សម្របខ្លួន​​បាន ហើយ​​មនុស្ស​យើង​មិន​ត្រឹមតែ​​មិន​ស្លាប់​ផុតពូជ​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​អាច​បន្ត​ពង្រីក​វត្តមាន​ទៅ​កាន់​ទ្វីប​ចុងក្រោយ​មួយ​ទៀត គឺ​ទ្វីប​អាមេរិក។ នៅ​ក្នុង​យុគសម័យទឹកកក​​នោះ នៅ​​ពេល​ដែល​ទឹកសមុទ្រ​ត្រូវ​កក​ជាប់​នៅ​ក្នុង​ផ្ទាំង​ទឹកកក កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅលើ​ភពផែនដី​ក៏​ត្រូវ​ធ្លាក់ចុះ រហូត​ដល់​កម្រិត​មួយ ដែល​ធ្វើ​ឲ្យ​នៅ​កន្លែងខ្លះ ដូចជា នៅ​ច្រក​សមុទ្រ​ “បេរីង” (Bering Sea) ជាដើម ដែល​នៅ​ចន្លោះ ​រវាង​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា​សហរដ្ឋ​អាមេរិក  ត្រូវ​ក្លាយ​ជា​តំបន់​​​ដីគោក ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន។ ​នៅត្រង់​កន្លែង​នេះ​ហើយ ដែល​កាល​ពី​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំមុន មនុស្ស​យើង​​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ចេញ​​ពី​តំបន់​អាស៊ី​ ឆ្ពោះ​ទៅកាន់​ទ្វីបអាមេរិក។ ​នៅ​ប្រមាណ​ជា ១ម៉ឺន២ពាន់​ឆ្នាំមុន វដ្តនៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ភពផែនដី​បាន​ដើរ​បញ្ច្រាស់​មកវិញ... សីតុណ្ហភាព​​ទូទៅ​បាន​កើនឡើង ធ្វើ​ឲ្យ​ផ្ទាំង​ទឹកកក​ត្រូវ​រលាយ​បន្តិចម្តងៗ រហូត​ធ្វើ​ឲ្យ​យុគសម័យទឹកកក​ត្រូវ​បិទបញ្ចប់ ហើយ​ភពផែនដី​របស់​យើង​ក៏​បាន​វិលត្រឡប់​មក​រក​អាកាសធាតុ​ធម្មតា​ដូច​កាល​ពី​មុនវិញ។ គិត​មក​ទល់​នឹង​ពេលនោះ តាមរយៈ​ចលនា​នៃ​ផ្លាកតិចតូនិក សណ្ឋានដី​នៅលើ​ភពផែនដី​របស់​យើង​បាន​វិវឌ្ឍន៍​មក​ដល់​ចំណុច​មួយ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្វី​ដែល​យើង​អាច​សង្កេតឃើញ​នៅ​ពេល​បច្ចុប្បន្ន​... បណ្តា​ទ្វីប សមុទ្រ និង​មហាសមុទ្រ ដែល​យើង​ស្គាល់​សព្វថ្ងៃនេះ​ក៏​បាន​ចាប់​កំណើត​ចេញ​ជា​រូប​រាង​រួចទៅហើយ​ដែរ។ ការ​រលាយ​ផ្ទាំង​ទឹកកក​នៅក្រោយ​យុគសម័យទឹកកក​ក៏​បាន​បន្សល់​ទុក​នូវ​បណ្តា​បឹង និង​ទន្លេ​ចម្បងៗ​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក ជាពិសេស គឺ​ទន្លេ​នីល នៅ​អេហ្ស៊ីប ទន្លេ​អឺហ្វ្រាត និង​ទន្លេ​ទីហ្គ្រីស នៅ​មេសូប៉ូតាមី ទន្លេឥណ្ឌុស នៅ​ឥណ្ឌា (ក្នុងទឹកដីឥណ្ឌា និង​ប៉ាគីស្ថាន​បច្ចុប្បន្ន) ទន្លេ​លឿង និង​ទន្លេ​យ៉ាងស៊ី (ឬ​ឆាងជាំង) នៅ​ចិន ដែល​​ក្រោយ​មក បាន​ក្លាយ​ទៅ​ជា​ទី​ចាប់កំណើត​នៃ​អរិយធម៌​​ដ៏​ចំណាស់​បំផុត​​ទាំង៤​របស់​មនុស្ស​ជាតិ​យើង៕
May 10, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស
00:09:16
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ភពផែនដី​របស់យើង​​តទៅទៀត ដោយ​សូមលើកឡើង អំពី​ដំណើរវិវឌ្ឍន៍​នៃ​មនុស្ស​សម័យដើម​ដំបូង ចាប់តាំង​ពី​ការ​ចេះដើរជើងពីរ រហូត​ទៅដល់​ការ​ចេះប្រើ​ឧបករណ៍ និង​ការ​ចេះប្រើ​ភ្លើង។ (មានវីដេអូនៅខាងក្រោម) កាល​ពី​៧លាន​ឆ្នាំមុន... ជិត ៦០លានឆ្នាំមកហើយ ដែល​ពពួក​សត្វ​ឌីណូស័រ​បាន​ស្លាប់​ផុតពូជ​អស់ ហើយ​ភពផែនដី​​របស់​យើង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រារបស់​ពពួក​ថនិកសត្វ ជាពិសេស គឺ​មាន​ពពួក​ថនិកសត្វ​មួយ​ប្រភេទ ដែល​មាន​បញ្ញា​ខ្ពស់​ជាងគេ គឺ​​ពពួក​វានរជាតិ (Primate) ដែល​បាន​ស្គាល់​នូវ​ការ​រីកលូតលាស់​យ៉ាងលឿន កាលពី​ ៥០លាន​ឆ្នាំមុន នៅពេល​ដែល​​អាកាសធាតុ​លើ​ភពផែនដី​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ការ​រីកសាយភាយ​នៃ​តំបន់​ព្រៃត្រូពិច។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ អាកាសធាតុ​ក៏​ត្រូវ​ប្រែប្រួល​សាជាថ្មី ហើយ​ប្រភេទ​រុក្ខជាតិ​ថ្មី​ម្យ៉ាង​បាន​លេចមុខឡើង និង​​វាតទី​ទៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​លើ​ភពផែនដី គឺ​ពពួក​ស្មៅ។ បន្តិចម្តងៗ ​នៅ​ពេល​ដែល​តំបន់​វាលស្មៅ​​រីកសាយភាយ​កាន់តែ​ធំ ​តំបន់​​ព្រៃ​ដែល​មាន​ដើម​ឈើ​ខ្ពស់ៗ​ក៏​មាន​កាន់តែ​តិច ដែល​​ជា​ហេតុ​បណ្តាល​​ឲ្យ​មាន​ការ​ប្រែប្រួល​ដ៏​ធំមួយ ទៅដល់​ទីជម្រក និង​ចំណីអាហារ​របស់​ពពួក​វានរជាតិ។ នៅ​ឯ​តំបន់​អាហ្វ្រិក ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ទីកន្លែង​ដែល​ធ្លាប់​តែ​​សម្បូរ​ព្រៃ ត្រូវ​ក្លាយ​ទៅ​ជា​ទីវាល​ស្មៅ​ដ៏​​ស្ងួតហួតហែង... ចំណីអាហារ​ក៏​មាន​កាន់តែ​តិច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពពួកវានរជាតិ​​ត្រូវ​​​ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅ​កន្លែងមួយ ក្នុងចម្ងាយ​កាន់តែ​ឆ្ងាយ ដើម្បី​ស្វែង​រក​អាហារ។ ហើយ​ដោយសារ​តែ​​ព្រៃឈើ​មាន​តិច ដើមឈើ​ខ្ពស់​ៗ​ក៏​មិនសូវ​មាន​ច្រើន ហើយ​ថែម​ទាំង​​ស្ថិត​នៅ​ឆ្ងាយៗ​ពីគ្នា ពពួក​វានរជាតិ​​ទាំងនេះ​មិន​អាច​ធ្វើការ​ផ្លាស់ទី ពី​ដើមឈើ​មួយ ទៅ​ដើម​ឈើ​មួយ​ទៀត​ដូចកាល​ពីមុននោះទេ។ ​ពួកគេ​ចាំបាច់​ត្រូវ​សម្របខ្លួន ហើយ​ធ្វើ​ការ​ផ្លាស់ទី​ដោយ​ដើរលើដី។ នៅ​ក្នុង​ការ​សម្របខ្លួន​ទៅនឹង​របៀបរស់នៅ និង​ផ្លាស់ទី​ថ្មី​នេះហើយ ដែល​កាល​ពី​ប្រមាណ​ជា ៤លាន​ឆ្នាំមុន មាន​ពពួក​សត្វស្វាធំ​មួយ​ប្រភេទ បាន​ចាប់ផ្តើម​វិវឌ្ឍន៍​បន្តិចម្តងៗ ​ពីការ​ដើរជើង​បួន ទៅ​ជា​ការ​ដើរជើង​ពីរ។ ពពួក​សត្វស្វា ដែល​ដើរ​ជើងពីរ​​ជា​ដំបូង​នេះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា “អូស្ត្រាឡូពីតែក”។ ក្រោយ​មក នៅ​ប្រមាណ​ជា ២លាន​ឆ្នាំមុន ពពួក​អូស្ត្រាឡូពីតែក​នេះ​ត្រូវ​ស្លាប់​ផុតពូជ​អស់​ពីភពផែនដី​របស់​យើង ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនោះ ពពួក​វានរជាតិ​ដើរជើងពីរ​មួយ​ទៀត​បាន​លេចមុខឡើង គឺ​ពពួក​ “អូម៉ូអេរិចទុស” (Homo Erectus) ដែល​មិន​ត្រឹមតែ​ដើរជើង​ពីរ​​តែ​​​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែម​ទាំង​ចេះ​ប្រើ​ដៃ​បាន​យ៉ាង​ស្ទាត់​ រហូត​អាច​​យក​ដុំថ្ម​មក​ច្នៃ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​បាន​​យ៉ាងជំនាញ។ ក្រោយ​មក​ទៀត ការវិវឌ្ឍន៍​កាន់តែ​​​សំខាន់​មួយ​ទៀត​បាន​កើតឡើង​ចំពោះ​​​ពពួក​អូម៉ូអេរិចទុស គឺ​ការ​ចេះ​ប្រើភ្លើង។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​នៅតែ​មិនទាន់​ឯកភាព​គ្នា​នៅឡើយទេ​ថា តើ​ពពួក​មនុស្ស​សម័យ​បុរាណ​ចាប់ផ្តើម​ចេះប្រើ​ភ្លើង​តាំង​ពីពេលណា​ពិតប្រាកដ? តាមការ​សិក្សា​ខ្លះ គេ​បាន​រកឃើញ​ភស្តុតាង​នៃ​ការ​ប្រើប្រាស់​ភ្លើង កាល​ពី​ប្រមាណ​ជា ៤០ម៉ឺន​ឆ្នាំមុន ចំណែក​ឯ​អ្នកវិទ្យាសាស្រ្ត​ខ្លះទៀត​បាន​អះអាង​ថា ការ​ប្រើប្រាស់​ភ្លើង​នេះ​បាន​ចាប់ផ្តើម​ឡើង​​តាំង​ពី​ប្រមាណ​ជា​១លាន​ឆ្នាំ​មុន​មក​ម៉្លេះ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​ក៏​នៅតែ​មិន​ទាន់​អាច​ដឹង​ឲ្យប្រាកដ​បាន​នោះដែរ​ថា ចាប់ពីពេលណាមក​ដែល​មនុស្ស​ចេះបង្កាត់ភ្លើងដោយខ្លួនឯង។ តាមការពិត​ទៅ ភ្លើង​មិនមែន​ជា​របស់​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​នោះទេ។ ភ្លើង​កើតមាន​ជា​លក្ខណៈ​ធម្មជាតិ​​នៅលើ​ភពផែនដី​របស់​យើង​តាំង​ពី​យូរណាស់​មកហើយ ក៏ប៉ុន្តែ សម្រាប់​សត្វ​ជាទូទៅ ភ្លើង​គឺ​ជា​សត្រូវ ភ្លើង​គឺ​ជា​ការគំរាមកំហែង​ដល់​អាយុជីវិត ភ្លើង​គឺ​ជា​របស់​ដែល​គួរ​ឲ្យ​ខ្លាច​ហើយ​ដែល​ត្រូវ​រត់គេចចេញ។ មនុស្ស​វិញ​បាន​រៀន​ស្គាល់​អំពី​ភ្លើង​បន្តិចម្តងៗ​ជាច្រើន​ដំណាក់កាល ដោយ​ពីដំបូងឡើយ​​ចេះ​​​តាមសង្កេត​និង​ស្គាល់​​ភ្លើង​ល្មម​អាច​នឹង​ឈប់​ខ្លាច ហើយ​រត់ចេញ​នៅ​ពេល​ឃើញ​ភ្លើង, បន្ទាប់មកទៀត​ ​មនុស្ស​ចេះ​គ្រប់គ្រងភ្លើង​ដែល​មាន​ស្រាប់​ទៅតាម​លក្ខណៈធម្មជាតិ ជាពិសេស​គឺ​ភ្លើង​ឆេះព្រៃ ហើយ​ចេះ​យក​ភ្លើង​នេះ​មក​ប្រើប្រាស់ និង​ចុងក្រោយ គឺមនុស្ស​​ចេះ​បង្កាត់ភ្លើង​ដោយខ្លួនឯង។ ដំណាក់កាល​នីមួយៗ​ក្នុង​ដំណើរវិវឌ្ឍន៍​នៃ​​ចំណេះដឹងក្នុង​ការប្រើភ្លើង​នេះ​អាច​មានរយៈ​ពេល​យូរ​​រហូតដល់​ទៅ​រាប់​ពាន់ ឬ​រាប់ម៉ឺន​ឆ្នាំឯណោះ ហើយ​​តាមរយៈ​ការ​សិក្សា​ទៅលើ​ផូស៊ីល​នាពេល​កន្លងមក អ្ន​កវិទ្យាសាស្រ្ត​មាន​ការ​ពិបាក​នឹង​​ធ្វើការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់ និង​ដោយ​ឯកភាព​គ្នា​ថា តើ​ចាប់ពីពេលណា​មក​ដែល​មនុស្ស​ចេះ​ត្រឹមតែ​យក​ភ្លើង​ដែល​មាន​ស្រាប់​យក​មកប្រើ ហើយ​ចាប់ពីពេលណា​ដែល​មនុស្ស​ចេះ​បង្កាត់ភ្លើង​ដោយ​ខ្លួនឯង។ ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​វិទ្យាសាស្រ្ត​បាន​ឯកភាព​គ្នា​ជាទូទៅ​ថា ការ​ចេះប្រើ​ភ្លើងនេះ គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្ស​ជាតិ​យើង។ ភ្លើង​ជួយ​ឲ្យ​មនុស្ស​​អាច​ផ្លាស់ប្តូរ​បបចំណីអាហារ​ពី​ការ​ទទួល​ទាន​សាច់ឆៅ ទៅ​​​ទទួល​ទាន​សាច់​ឆ្អិន ហើយ​ការ​ទទួលទាន​សាច់ឆ្អិន​នេះគឺ​ជា​កត្តា​ដ៏​ចម្បងមួយ​ដែល​ជួយ​ឲ្យ​មនុស្ស​មាន​ការ​រីកលូតលាស់​លឿន​ជាងមុន ទាំង​ខាង​រូបកាយ និង​ខាង​បញ្ញា។ សាច់ឆ្អិន​ងាយស្រួល​ក្នុងការ​ទំពារ ហើយ​​ពេល​ទៅដល់​ក្នុងពោះ​​នោះទៀត​សោត វាក៏​ងាយ​នឹង​រំលាយ​ ព្រមទាំង​​ងាយ​​ក្នុងការ​ទាញ​យក​កាឡូរី​បាន​ច្រើន​ជាង​សាច់ឆៅ។ ដូច្នេះហើយ​បាន​ជា​នៅ​ពេល​ដែល​មនុស្ស​​ចេះប្រើ​ភ្លើង​​ដើម្បី​ចម្អិន​អាហារ ​កម្លាំង​និង​ថាមពល​ក្នុងការ​ទទួល​ទាន​អាហារ​ក៏​ត្រូវ​ចំណាយ​តិច ក្នុងពេល​ដែល​ថាមពល​ដែល​​ទាញ​យក​ពី​អាហារ​ក៏ត្រូវ​កើនឡើង។ ជាលទ្ធផល ​​រូបរាងកាយ​របស់​មនុស្ស​ត្រូវការ​​អាហារ​ក្នុងបរិមាណ​​តិចជាងមុន ក៏ប៉ុន្តែ​​អាច​​ទាញ​យក​​​​ថាមពល​បាន​​ច្រើន​ជាងមុន ​ទៅ​បំប៉ន​គ្រប់​សេរីរាង្គ​ទាំងអស់ ជាពិសេស គឺ​ជួយ​ឲ្យ​ខួរក្បាល​របស់​មនុស្ស​ចេះតែ​រីក​ធំធាត់​ឡើង ហើយ​បញ្ញា​របស់​មនុស្ស​ក៏​ចេះតែ​រីកលូតលាស់​យ៉ាងលឿន​ទៅតាម​នោះ​ផងដែរ។ បន្ថែម​ពីលើ​នេះ​ទៅទៀត ការចេះប្រើភ្លើង​​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រភព​កម្តៅ​សម្រាប់​ជួយ​ក្នុង​ការ​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​នោះផង ហើយ​នៅ​ពេល​យប់ងងឹត មនុស្ស​អាច​ប្រើ​ភ្លើង ដើម្បី​ជា​ឧបករណ៍​​បំភ្លឺ​ផង និង​ដើម្បី​ការពារខ្លួន​ពី​សត្វ​កាចសាហាវផង​ដែរ។ ម្យ៉ាងទៀត ក្រៅពី​ជា​ជំនួយ​ទប់ទល់​នឹង​អាកាសធាតុ និង​ជា​ជំនួយ​ការពារ​សុវត្ថិភាព ការណ៍​ដែល​មាន​ភ្នក់ភ្លើង​ឲ្យ​មនុស្ស​មកអង្គុយ​ជុំៗ​គ្នា​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ផងដែរ នៅ​ក្នុង​ដំណើរវិវឌ្ឍន៍​នៃ​ទំនាក់ទំនង​សង្គម​របស់​មនុស្ស និង​ជាពិសេស គឺ​ការ​វិវឌ្ឍន៍​នៃ​ភាសា ​​ដែល​​ជា​លក្ខណៈពិសេស​បំផុត​មួយ​​បែងចែក​គ្នា​ដាច់ស្រឡះ រវាង​សត្វ និង​មនុស្ស។ តាមការពិតទៅ ពពួក​អូស្ត្រាឡូពីតែក ដែល​ចេះដើរ​ជើងពីរ និង​ក្រោយ​មក​ទៀត ​ពពួក​អូម៉ូអេរិចទុស ដែល​ចេះប្រើ​ឧបករណ៍ និង​ប្រើភ្លើង ក៏​នៅ​​មិន​ទាន់​ត្រូវ​បាន​គេ​រាប់​ថា​ជា​មនុស្ស​នៅឡើយ​នោះដែរ ឬ​អាច​រាប់​ថា​ជា​មែកធាង​នៃ​ពូជមនុស្ស​ដែរ តែ​ជា​មនុស្ស​សម័យ​ដើម (Ancient/Primitive human) ដែល​មិនទាន់​មាន​លក្ខណៈ​ជា​ “មនុស្សពេញលេញ” នៅឡើយ។ “មនុស្សពេញលេញ” ​ឬ “មនុស្សសម័យ​ទំនើប” (Modern human) ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​ជាមួយ​នឹង​មនុស្ស​យើង​សម័យ​បច្ចុប្បន្ន​នេះ គឺ​ពពួក​អូម៉ូសាព្យាង (Homo Sapiens) ដែល​ចាប់ផ្តើម​មាន​វត្តមាន​នៅលើ​ភពផែនដី​របស់​យើង កាល​ពី​២០ម៉ឺន​ឆ្នាំមុន៕
May 02, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ
00:08:22
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការ​​​ចាប់ផ្តើម​បើក​ទំព័រ​​​នៃសករាជ​​ថ្មី​នៅ​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​ពពួក​សត្វ​ឌីណូស័រ គឺ​សករាជ​ថនិកសត្វ ហើយ​​ដែល​នាំ​ទៅ​ដល់​ការ​ចាប់កំណើត​នៃ​មនុស្សជាតិ។ (មានវីដេអូនៅខាងក្រោម) ជា​ទូទៅ នៅ​ក្នុង​​ប្រវត្តិ​នៃ​ជីវិត​សត្វ​លើ​ភពផែនដី​របស់​យើង ប្រមាណ​ជាង​៥០០លាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ធ្វើការ​បែង​ចែក​ចេញ​ជា​ដំណាក់កាល (ឬស័ក) ធំៗ ចំនួន​​៣។ ដំណាក់កាល​ទីមួយ មាន​​ឈ្មោះថា “ប៉ាឡេអូសូអ៊ិក” (Paléozoïque) មាន​រយៈពេលរាប់​​ចាប់​ពី​ការ​រីកដុះដាល​ដ៏លឿន​នៃ​ជីវិត​នៅ​ក្រោយ​យុគសម័យទឹកកក កាល​ពី​ជាង៥០០លាន​ឆ្នាំមុន (Cambrian explosion) រហូតមក​ទល់​នឹង​​ហេតុការណ៍​​ស្លាប់​រង្គាលផុតពូជសត្វ ដែល​គេ​ហៅ​ថា “Great Permian Extinction” កាល​ពី​២៥០លានឆ្នាំមុន។ ដំណាក់កាល​ទីពីរ មានឈ្មោះ​ថា “មេសូសូអ៊ិក” (Mésozoïque) ដែល​ជា​សករាជ​នៃ​សត្វ​ឌីណូស័រ មាន​រយៈពេល​​​រាប់​ចាប់​ពី​ក្រោយ​ហេតុការណ៍​ស្លាប់​រង្គាល “Great Permian Extinction” រហូត​មក​ទល់​នឹង​ការ​ស្លាប់​ផុតពូជសត្វ​ឌីណូស័រ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។ ដំណាក់កាល​ទីបី ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “សេណូសូអ៊ិក” (Cénozoïque) ដែល​មាន​រយៈពេល​រាប់​ចាប់​ពី​ក្រោយ​ការ​ស្លាប់​ផុតពូជសត្វ​ឌីណូស័រ បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​​នេះ គឺ​ជា​​​ដំណាក់កាល​មួយ ដែល​ភពផែនដី​របស់​យើង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​នៃ​ពពួក​ថនិកសត្វ។ តាមការពិត​ទៅ ថនិកសត្វ​​បាន​ចាប់​ផ្តើម​មាន​វត្តមាន​នៅលើ​ភពផែនដី​យើង​នេះ​តាំង​ពី​​ជាង​២០០​លាន​ឆ្នាំ​មុន​មក​ម៉្លេះ ពោលគឺ នៅ​ក្នុង​អំឡុងពេល​ប្រហាក់ប្រហែលគ្នា​នឹង​ពពួក​សត្វ​ឌីណូស័រ​ ក៏ប៉ុន្តែ ដោយ​សារ​តែ​មាន​ការ​គំរាមកំហែង​ពី​សំណាក់​ឌីណូស័រ ពពួក​ថនិក​សត្វ​​ដើម​ដំបូងនោះ​មិនមាន​ឱកាស​ក្នុងការ​រីកលូតលាស់​បាន​ធំធាត់​​នោះទេ។ ថនិក​សត្វ​ភាគច្រើន​នៅ​ពេលនោះ​មាន​ទំហំ​ប៉ុន​សត្វកណ្តុរ ហើយ​​ច្រើន​តែ​រស់​នៅ​​លាក់​ខ្លួន​នៅ​តាម​កន្លុកកន្លៀត ឬ​នៅ​​ក្រោមដី ដើម្បី​គេច​ចេញ​ពី​សត្វ​ឌីណូស័រ។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ នៅ​ពេល​ដែល​ភពផែនដី​របស់​យើង​ត្រូវ​ប្រឈម​នឹង​គ្រោះមហន្តរាយ​​ដ៏ធំ ដោយការ​ធ្លាក់​អាចម៍ផ្កាយ​ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន ការណ៍​ដែល​មាន​ទំហំតូច និង​សមត្ថភាព​ក្នុងការ​រស់​នៅ​ក្រោមដី​នេះហើយ ដែល​ជួយ​ឲ្យ​ពពួក​ថនិកសត្វ​ត្រូវ​មាន​ប្រៀប​លើ​សត្វ​ឌីណូស័រ​វិញម្តង... មានប្រៀប​ដោយសារ​តែ​ពួកគេ​​មាន​ឱកាស​រស់ច្រើនជាង​ពួក​ឌីណូស័រ។ នៅ​ក្នុង​ពេល​ដែល​សត្វ​ឌីណូស័រ​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​​ដោយ​កម្តៅ​ពី​ហេតុការណ៍​ធ្លាក់​អាចម៍​ផ្កាយ ពពួក​ថនិកសត្វ​មួយ​ចំនួន​ធំ​បាន​រួច​ជីវិត ដោយសារ​តែ​ពួកគេ​​​រស់​នៅ​តាម​កន្លុកកន្លៀត និង​នៅ​ក្រោម​ដី។ ហើយ​ក្រោយ​មក​ទៀត នៅ​ពេល​ដែល​ឥទ្ធិពល​នៃ​ការ​ធ្លាក់​អាចម៍​ផ្កាយ​បាន​ធ្វើ​ឲ្យ​ភពផែនដី​ត្រូវ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ បណ្តាល​ឲ្យ​សត្វ​និង​រុក្ខជាតិ​មួយ​ផ្នែក​ធំ​ត្រូវ​ស្លាប់​អស់ ហើយ​ស្បៀងអាហារ​ក៏​ត្រូវ​ខ្សត់ខ្សោយ​ ពពួក​សត្វឌីណូស័រ​ដែល​មាន​ទំហំ​ធំ​ ហើយ​ត្រូវការ​ចំណីអាហារច្រើន​ក៏​​ត្រូវ​ស្លាប់​ជា​បន្តបន្ទាប់​រហូត​ដល់​ផុតពូជ​អស់។ ​ចំណែក​​ពពួក​ថនិកសត្វ​វិញ ដែល​មាន​​ទំហំតូច​ មិន​សូវ​ត្រូវការ​ចំណីអាហារ​ច្រើន ហើយ​ថែម​ទាំង​មាន​ទម្លាប់​ស៊ី​សត្វល្អិត និង​គ្រប់អ្វីៗ​ផ្សេងទៀត​ដែល​គេ​អាច​រកឃើញ​ក្រោមដី​ផងនោះ ក៏​អាច​សម្របខ្លួន​​ទៅ​នឹង​បញ្ហា​អាកាសធាតុ ហើយ​អាច​​ឆ្លងផុត​ពី​គ្រោះអត់ឃ្លាន។ នៅ​ប្រមាណ​ជា ៥០លាន​ឆ្នាំមុន ពោលគឺ​ ១៥លាន​ឆ្នាំ ក្រោយ​ហេតុការណ៍​ធ្លាក់​អាចម៍​ផ្កាយ ដែល​សម្លាប់​សត្វ​ឌីណូស័រ អាកាសធាតុ​នៅលើ​ភពផែនដី​យើង​នេះ​ក៏​បាន​វិលត្រឡប់​មក​រក​ភាព​ធម្មតា​ឡើងវិញ... លក្ខខណ្ឌ​​​អំណោយផល​សម្រាប់​ជីវិត​ក៏​កើតមានឡើងវិញ ហើយ​នៅ​ពេលនោះ ពពួក​សត្វឌីណូស័រ​​​ក៏​ត្រូវ​ស្លាប់​ផុតពូជ​អស់ លែងមាន​មុខ​នៅលើ​ភពផែនដី​យើង​ ដើម្បី​មក​តាម​យាយី​ពពួក​ថនិកសត្វ​ដូច​ជា​ពេល​មុន​ទៀត​នោះដែរ។ ចាប់​ពី​ពេល​នោះហើយ ដែល​ពពួក​ថនិកសត្វ​​ចាប់ផ្តើម​រីកលូតលាស់ និង​រីកសាយភាយ​ទៅ​ស្ទើរតែ​គ្រប់​ទី​កន្លង​ នៅ​ទូទាំង​ភពផែនដី​យើង​ទាំងមូល... ហើយ​សករាជ​ថ្មីមួយ​ក៏​បាន​ចាប់ផ្តើម​ឡើង គឺ​សករាជ​នៃ​ថនិកសត្វ ដែល​​នៅ​បន្ត​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ ទៅតាម​ចំណាត់ថ្នាក់​តាមបែប​វិទ្យាសាស្រ្ត ថនិកសត្វ​មាន​លក្ខខណៈពិសេស​មួយ... គឺ​ជាប្រភេទ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ។ ហើយ​​​អម្បូរ​ថនិកសត្វ​នេះ​មាន​មែកធាង​គ្របដណ្តប់​ទៅលើ​ប្រភេទ​សត្វ​ជាច្រើន ដែល​មាន​នៅលើ​ភពផែនដី​របស់​យើង​​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​នៅ​ក្នុង​ចំណោម​នោះមាន​ពពួក​ថនិកសត្វ​មួយ​ប្រភេទ ដែល​មាន​បញ្ញា​ខ្ពស់​ជាងគេ គឺ​ពពួក “វានរជាតិ” (តាមភាសាបារាំង Primate)។ ពពួក​វានរជាតិ​នេះ​បាន​ចាប់ផ្តើម​រីកលូតលាស់​ខ្លាំង កាល​ពី​​​​ប្រមាណ​​ជា ​៥០លាន​ឆ្នាំ​មុន​ ​នៅ​ពេល​ដែល​សីតុណ្ហភាព​ទូទៅ​នៅលើ​ភពផែនដី​របស់​យើង​មាន​ការ​កើនឡើងដល់​កម្រិតមួយ​ខ្ពស់​ល្មម​​ធ្វើ​ឲ្យ​តំបន់​ត្រូពិច ដែល​សម្បូរ​ទៅដោយ​ព្រៃឈើ​​ ត្រូវ​រីកសាយភាយ​នៅ​ស្ទើរតែគ្រប់​ទីកន្លែង រាប់​ចាប់​តាំង​ពី​ក្បែរ​តំបន់​អេក្វាទ័រ រហូត​ទៅដល់​ក្បែរ​តំបន់​ប៉ូល។ តាមការ​សិក្សា​ទៅលើ​ផូស៊ីល គេ​បាន​រកឃើញ​ថា នៅ​ក្នុងរយៈពេល​ជាច្រើន​លានឆ្នាំក្រោយៗ​មក​ទៀត ពពួក​វានរជាតិ​ដើមដំបូង​នោះ​បាន​រីកលូតលាស់​ដោយ​មាន​ទំហំ​កាន់តែ​ធំឡើង និង​បញ្ញា​ក៏​កាន់តែ​ខ្ពស់​ឡើង រហូត​ត្រូវ​វិវឌ្ឍ​បន្តិចម្តងៗ ទៅ​ក្នុង​​មែកធាង​នៃ​ពពួក​​​វានរជាតិ​សម័យ​ទំនើប ដែល​ក្នុងនោះ ​រួមមាន​ទាំង​ពពួក​ស្វាតូច ស្វាធំ និង​​មនុស្ស​ជាតិយើង។ កាល​ពី​ប្រមាណ​ជា ៥០លាន​ឆ្នាំ​មុននោះ នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ចាប់រីកលូតលាស់​នៃ​ពពួក​ថនិកសត្វ ផ្លាកតិចតូនិក​ឥណ្ឌា ដែល​បាន​បែក​ចេញ​ពី​អាហ្វ្រិក កាល​ពី​ពេល​ប្រេះបែក​នៃ​មហាទ្វីប​ភែនជៀ (Pangea) នៅ​ប្រមាណ​ជា​ជិត២០០លាន​ឆ្នាំមុននោះ ក៏​បាន​រំកិល​មក​ជួប​នឹង​ផ្លាកតិចតូនិក​អាស៊ី ហើយ​ជំនួប រវាង​​ផ្លាកតិចតូនិក​ទាំងពីរ​នេះ​ បាន​បង្កើត​ឲ្យ​មាន​នូវ​ជួរភ្នំ​ដ៏វែង និង​ដ៏​ខ្ពស់​​មួយ គឺ​ជួរភ្នំហិមាល័យ ដែល​មាន​បណ្តោយ​រហូតដល់​ទៅ ២៤០០គីឡូម៉ែត្រ ហើយ​មាន​ភ្នំ​ដ៏​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក​ គឺ​ភ្នំអេវើរែស (Everest) ដែល​មាន​កម្ពស់​រហូតដល់​ទៅ ៨៨៤៨ម៉ែត្រ។ ជួរភ្នំ​ហិមាល័យ​នេះ បូករួម​ជាមួយ​នឹងខ្ពង់រាបទីបេ​ដែល​នៅ​ក្បែរនោះ បាន​ក្លាយ​ទៅ​ជា​ប្រភពទឹក​ដ៏​សំខាន់​មួយ​ ដែល​ផ្គត់ផ្គង់ទឹក​ទៅដល់​បណ្តា​ទន្លេ​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស គឺ​ទន្លេធំៗ ​​ដែល​ជា​ទី​ចាប់កំណើត​នៃ​អរិយធម៌​២ ​ក្នុង​ចំណោម​អរិយធម៌​ដ៏​ចំណាស់បំផុត​ទាំង៤ ​នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្សជាតិ គឺ​ចិន និង​ឥណ្ឌា។ ក៏ប៉ុន្តែ មុននឹង​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​កកើត​អរិយធម៌​នេះ ភពផែនដី​របស់​យើង​ត្រូវ​ឆ្លងកាត់​នូវ​ដំណើរ​​វិវឌ្ឍ​ជាច្រើន​លាន​ឆ្នាំ​ទៀត ដែល​រួមមាន​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ​ពី​ក្តៅ ទៅ​ជា​យុគសម័យ​ទឹកកក ពីតំបន់​​ដែល​គ្របដណ្តប់​ទៅ​ដោយ​ព្រៃខ្ពស់ៗ ទៅ​ជា​តំបន់​ដែល​គ្រប់ដណ្តប់​ទៅដោយ​វាលស្មៅ មុននឹង​ឈាន​ទៅដល់​ដំណាក់កាល​នៃ​ការ​លេចមុខ​នៃ​មនុស្សជាតិ​យើង កាល​ពី​ប្រមាណ ២០ម៉ឺន​ឆ្នាំមុន៕
Apr 19, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ហេតុការណ៍​ដែល​នាំឲ្យ​សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​ពី​ភពផែនដី
00:09:29
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​​ហេតុការណ៍ ដែល​នាំ​ទៅដល់​ការ​ស្លាប់​ផុតពូជ​នៃ​សត្វឌីណូស័រ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។ (មានវីដេអូនៅខាងក្រោម) ឌីណូស័រ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ពពួកសត្វ ដែល​មាន​អំណាច​ត្រួតត្រា​ភពផែនដី​បាន​យូរ​ជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិ​នៃ​ជីវិត​សត្វ​លើ​ភពផែនដី​របស់​យើង គឺ​បាន​យូរ​​រហូត​ដល់​ទៅ​ប្រមាណ​ជា ១៦០លាន​ឆ្នាំ​ឯណោះ។ ក៏ប៉ុន្តែ ការសិក្សា​ទៅលើ​ផូស៊ីល​បាន​បង្ហាញ​ថា សត្វឌីណូស័រ​ត្រូវ​ស្លាប់​ផុតពូជ​បាត់មុខ​ពី​ភពផែនដី​​ទាំងស្រុង ហើយ​ជា​ការ​ស្លាប់​ផុតពូជ​ដោយ​គំហុក នៅ​ប្រមាណ​ជាង ៦៥លាន​ឆ្នាំមុន។ សំណួរ​ក៏ចោទឡើង​ថា តើ​មាន​ដើមហេតុអ្វី ដែល​ធ្វើ​ឲ្យ​​ពពួក​សត្វឌីណូស័រ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​ស្លាប់​ផុតពូជ​អស់​យ៉ាង​គំហុក​បែបនេះ? នៅ​ក្នុង​ការ​សិក្សា​ទៅលើ​ការ​ស្លាប់​ផុតពូជ​សត្វ​ឌីណូស័រ​នេះ គេ​បាន​ធ្វើការ​កត់សម្គាល់​ជា​ពិសេស​ទៅលើ​ស្រទាប់​ដី​ដ៏​ស្តើងមួយ ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា ហើយ​សុទ្ធតែ​មាន​អាយុកាល​ជាង ៦៥លាន​ឆ្នាំ​ដូចគ្នា ហើយ​ដែល​​គេ​អាច​រកឃើញ​នៅ​រាប់រយកន្លែង​នៅ​ពាសពេញ​ពិភពលោក​ទាំងមូល ចាប់តាំង​ពី​អឺរ៉ុប រហូត​ទៅដល់​អាមេរិក និង​អាស៊ី។ នៅ​ក្នុង​ការ​សិក្សា​ទៅលើ​ស្រទាប់​ដី​នេះ​ គេ​បាន​សង្កេតឃើញ​មាន​ចំណុច​ពិសេស​ពីរ ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង គឺ​​ទីមួយ វត្តមាន​នៃ​រ៉ែ​ដែល​រចនាសម្ព័ន្ធ​នៃ​អាតូម​របស់​វា​បង្ហាញ​ពី​ការ​រងនូវ​កម្លាំង​ទង្គិច និង​កម្តៅ​ដ៏​ខ្លាំង​ខុស​ពី​ធម្មតា និង​ទីពីរ វត្តមាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខុសពីធម្មតា​​នៃ​រ៉ែ​មួយ​ប្រភេទ​ទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អ៊ីរីដ្យូម” (Irridium) ហើយ​ដែល​ជា​ប្រភេទ​រ៉ែ​មាន​ច្រើន​​តែនៅ​ក្នុង​អាចម៍ផ្កាយ។ ចំណុច​សំខាន់​ទាំងពីរ​នេះ​​គឺ​ជា​តម្រ៉ុយ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​អាចម៍ផ្កាយ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​មួយ​តែ​ប៉ុណ្ណោះ។ ​គេ​នៅ​ខ្វះ​ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត គឺ​ថា បើ​សិន​ជា​ឌីណូស័រ​អស់ទាំង​នេះ​ ​​ស្លាប់​ផុតពូជ​​ដោយ​ការ​ធ្លាក់​អាចម៍ផ្កាយ​មែន តើ​រណ្តៅ​អាចម៍ផ្កាយ​នោះ​នៅឯណា? ភស្តុតាង​ចុងក្រោយ​នេះ​ត្រូវ​បាន​គេ​រកឃើញ នៅ​ដើមទសវត្សរ៍​ឆ្នាំ៩០ ក្រោយ​ពី​គេ​បាន​រកឃើញ​រណ្តៅអាចម៍​ផ្កាយ​ដ៏​ធំមួយ នៅ​ក្នុង​ឈូងសមុទ្រ​ម៉ិចស៊ិក​ ក្បែរភូមិមួយឈ្មោះ​ថា Chicxulub ក្នុង​​ឧបទ្វីប​យូកាតាន់ (Yucatan) នៃ​ប្រទេស​ម៉ិចស៊ិក។ រណ្តៅអាចម៍ផ្កាយ​នេះ មាន​មុខកាត់​រហូតដល់​ទៅ​ប្រមាណ ១៨០​គីឡូម៉ែត្រ ហើយ​ការ​វិភាគ​ទៅលើ​រ៉ែ​ដែល​គេ​ខួង​​យក​ពី​រណ្តៅ​នេះ​បង្ហាញ​ថា នេះ​គឺ​ពិតជា​រណ្តៅ​អាចម៍ផ្កាយដែល​មាន​អាយុកាល​ជិត ៦៦លាន​ឆ្នាំ ពោលគឺ ប្រហាក់ប្រហែល​នឹង​អាយុកាល​នៃ​ស្រទាប់ដី ដែល​គេ​រកឃើញ​នៅ​ពាសពេញ​ពិភពលោក ហើយ​ប្រហាក់ប្រហែល​នឹង​អំឡុង​ពេល​នៃ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ។ នៅ​ពេលនោះហើយ ដែល​គេ​អាច​​ធ្វើការ​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ​នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់អាចម៍ផ្កាយ ហើយ​​​​ការ​សិក្សា​លម្អិត​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​​មក​ទៀត​​អាច​ធ្វើ​ឲ្យ​គេ​យល់​កាន់តែ​ច្បាស់​ អំពី​​សេណារីយ៉ូ​នៃ​ហេតុការណ៍​នេះ រាប់​ចាប់តាំង​ពី​ទំហំ​អាចម៍ផ្កាយ រហូត​ទៅដល់​ស្ថានភាព​ទូទៅ​នៅ​ពេល និង​នៅ​​ក្រោយ​ការ​ធ្លាក់អាចម៍ផ្កាយនេះ។​ នៅ​ប្រមាណ​ជាង ៦៥លាន​ឆ្នាំ​មុន ១៦០លាន​ឆ្នាំមកហើយ ដែល​ពពួក​សត្វឌីណូស័រ​​បាន​ត្រួតត្រា​ភពផែនដី​របស់​យើង ដោយ​គ្មាន​អ្វី​អាច​មក​ប្រកួត​ប្រជែង​បាន​ទាល់តែសោះ។ ក៏ប៉ុន្តែ បើ​នៅលើ​ភពផែនដី​នេះ​គ្មាន​អ្វី​ដែល​អាច​មក​គំរាមកំហែង​ដល់​ពពួក​សត្វ​ឌីណូស័រ​បាន គ្រោះថ្នាក់ គឺ​មក​ពី​ទីអវកាស។ អាចម៍ផ្កាយ​ដ៏​ធំមួយ​ ​ទំហំ​យ៉ាងតិច ១០គីឡូម៉ែត្រ ធ្វើ​ដំណើរ​​ក្នុងល្បឿន​រហូតដល់​ទៅ​ប្រមាណ​​ពី ៦ម៉ឺនគីឡូម៉ែត្រ​ ទៅ ១០ម៉ឺន​គីឡូម៉ែត្រ​ក្នុងមួយម៉ោង បាន​ធ្លាក់​នៅ​ក្នុង​​​ឈូងសមុទ្រ​ម៉ិចស៊ិក ក្បែរភូមិមួយឈ្មោះ​ថា Chicxulub ក្នុង​​ឧបទ្វីប​យូកាតាន់ (Yucatan) នៃ​ប្រទេស​ម៉ិចស៊ិក​បច្ចុប្បន្ន។ ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​​របស់​វា នៅ​ពេល​ដែល​ចុងម្ខាងនៃ​អាចម៍​ផ្កាយ​នេះ​ធ្លាក់​ចុះ​ដល់​ដី ចុងម្ខាង​ទៀត​កំពុង​​​ស្ថិត​នៅ​ឯ​លើ​មេឃ​នៅឡើយ គឺ​នៅ​​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ១០គីឡូម៉ែត្រ ពោលគឺ ស្មើ​នឹង​រយៈកម្ពស់​នៃ​យន្តហោះ​ដឹកអ្នក​ដំណើរ​សម័យ​ទំនើប។ កម្លាំង​ទង្គិច ដែល​ស្មើ​នឹង​កម្លាំងផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​រាប់លាន​គ្រាប់​ក្នុងពេល​តែមួយ​នោះ បាន​ធ្វើ​ឲ្យ​​អ្វីៗ​ដែល​នៅ​ក្បែរ​នោះ​ត្រូវ​ខ្ទេច​រាបដល់ដី​ភ្លាមៗ ដោយសារ​តែ​កម្លាំង​ផ្ទុះ​ផង និង​ដោយសារ​តែ​​រលក​យក្ស​ផង ដែល​មាន​កម្ពស់​រហូតដល់​ទៅ​ជាង ១០០ម៉ែត្រ។ ចំណែក​អ្វីៗផ្សេងទៀត ដែល​នៅ​ឆ្ងាយ​ពី​នោះ​ ក៏​មិន​អាច​​គេច​មិន​ផុត​ពី​គ្រោះមហន្តរាយ​បាន​​នោះដែរ។ កម្លាំង​ទង្គិច​របស់​អាចម៍​ផ្កាយ បាន​ធ្វើ​ឲ្យ​កម្ទេចកម្ទី ចាប់តាំង​ពី​ខ្លះ​តូច​ប៉ុន​ធូលីដី រហូត​ដល់​ខ្លះ​ទៀត​ទំហំ​ដល់​ទៅ​រាប់សិបម៉ែត្រ​ ត្រូវ​ខ្ទាត​ចេញ​ទៅ​​ពេញលើមេឃ ដោយខ្លះ​ខ្ទាត​រហូត​ចេញផុតពី​ស្រទាប់​បរិយាកាស​នៃ​ភពផែនដី មុននឹង​​ធ្លាក់​ចុះ​មក​​វិញ​ទៅដល់​ក្នុង​ចម្ងាយ​​​រហូត​ទៅ​ដល់​រាប់រយ ឬ​រាប់ពាន់​គីឡូម៉ែត្រឯណោះ​ពី​ចំណុចដើម... ហើយ​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ ប្រៀប​បាន​នឹង​ការ​ធ្លាក់​អាចម៍​ផ្កាយ​​រាប់​រយ​​នៅ​គ្រប់​កន្លែង​​ក្នុងពេល​តែមួយ។ បន្ថែម​ពីលើ​នេះ​ទៅទៀត ឥទ្ធិពល​នៃ​កម្លាំង​ទង្គិច​របស់​អាចម៍​ផ្កាយ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​យ៉ាងខ្លាំង​​ផងដែរ​ទៅលើ​ចលនា​ផ្លាកតិចតូនិក​របស់​ផែនដី ដែល​​ជាហេតុ​​​បង្ក​ឲ្យ​មាន​​​ការ​រញ្ជួយដី និង​ការ​ផ្ទុះភ្នំភ្លើង នៅ​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោកទាំងមូល... ហេតុការណ៍​ទាំងអស់​​នេះ​ បាន​បណ្តាល​ឲ្យ​ពពួក​សត្វ​ឌីណូស័រ​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​អស់ភ្លាមៗ​​ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​រយៈពេល​ជាច្រើន​ខែ និង​​រហូត​ដល់​រាប់​ឆ្នាំ​ក្រោយ​មក​ទៀត ភពផែនដី​របស់​យើង​ទាំងមូល​នៅតែ​បន្ត​​​គ្របដណ្តប់​ពេញ​ទៅ​ដោយ​ពពក​ដ៏​ក្រាស់ ដែល​កើតចេញ​ពី​ការ​ប្រមូលផ្តុំគ្នា​នៃ​ល្អងធូលី ដែល​ជា​កម្ទេច​កើតចេញ​ពី​កម្លាំង​ទង្គិច​នៃ​អាចម៍​ផ្កាយ​ បូករួម​ជាមួយ​នឹង​ផែះ​ដែល​ចេញ​ពី​ការ​ផ្ទុះភ្នំភ្លើង។ ពពក​ដ៏​ក្រាស់​នេះ​បាន​​បាំង​ពន្លឺព្រះអាទិត្យ​មិន​ឲ្យ​ចាំង​មក​ដល់​​​ផ្ទៃដី ក្នុងរយៈពេល​ដ៏​យូរ​រហូត​ដល់​ទៅ​រាប់​ឆ្នាំ ដែល​ជា​ហេតុ​​បណ្តា​ល​ឲ្យ​រុក្ខជាតិ​​ដែល​​រស់​ដោយ​ការ​ធ្វើ​​​​រស្មីសំយោគ​​ពី​ពន្លឺព្រះអាទិត្យ​ក៏​ត្រូវ​ស្លាប់​​ផុតពូជ​អស់​មួយ​ផ្នែក​ធំ។ នៅពេល​ដែល​រុក្ខជាតិស្លាប់​អស់ ពពួក​សត្វឌីណូស័រ ក៏​ដូចជា​សត្វផ្សេង​ទៀត ដែល​ស៊ីរុក្ខជាតិ​ជា​អាហារ​ក៏​ត្រូវ​ស្លាប់​ផុតពូជ​អស់​ជា​បន្តបន្ទាប់ ហើយ​នៅ​ពេល​ដែល​សត្វ​ទាំង​នេះ​មាន​កាន់តែ​តិច ជំហាន​បន្ទាប់ គឺ​ដល់​វេន​ពពួក​សត្វ​ឌីណូស័រ​ដែល​ស៊ីសាច់​ជា​អាហារ​ម្តង ដែល​ត្រូវ​ស្លាប់​ដោយ​អត់អាហារ។ បន្តិចម្តងៗ ពពួក​សត្វ​ឌីណូស័រ​ទាំងប៉ុន្មាន​ ​​ដែល​​នៅ​​សេសសល់​ពី​ការ​​ស្លាប់​​ដោយ​កម្លាំង​​ផ្ទុះ​នៃ​ការ​ធ្លាក់​​អាចម៍ផ្កាយ ដោយ​រលកយក្ស ដោយ​ការ​ធ្លាក់​បំណែកពីលើ​មេឃ ដោយ​រញ្ជួយដី និង​ការ​ផ្ទុះភ្នំភ្លើង ក៏​ត្រូវ​​ស្លាប់​ជា​បន្តបន្ទាប់​​ដោយ​បញ្ហា​អាកាសធាតុ និង​ដោយសារ​ខ្វះ​ចំណីអាហារ។ ហើយ​នៅទីបំផុត​ទៅ ពពួក​សត្វ​ឌីណូស័រ​ស្ទើរតែ​ទាំងអស់​ត្រូវ​ស្លាប់​ផុតពូជ​បាត់មុខ​អស់​ពិភពផែនដី លើកលែង​តែ​មួយ​ចំនួន​ដ៏តូច​ប៉ុណ្ណោះ​​ដែល​បាន​​រួចជីវិត គឺ​​​ប្រភេទ​ឌីណូស័រ​មាន​ស្លា​ប​ដូចបក្សី​ ហើយ​ដែល​ក្រោយ​មក​វិវឌ្ឍ​ទៅ​ជា​ប្រភេទ​បក្សី​បច្ចុប្បន្ន។ ​​សករាជ​នៃ​​សត្វ​ឌីណូស័រ ដែល​បាន​ត្រួតត្រា​ភពផែនដី​​របស់​យើង អស់រយៈពេល ១៦០លាន​ឆ្នាំ​មកហើយ​នោះ ក៏​ត្រូវ​ឈាន​ដល់​ទី​បញ្ចប់។ ក៏ប៉ុន្តែ ការស្លាប់​ផុតពូជ​នៃ​សត្វឌីណូស័រ​នេះ វា​បាន​បើក​ផ្លូវ​ឲ្យ​​សត្វ​មួយ​ប្រភេទ​ទៀត​ចាប់ផ្តើម​​មាន​ឱកាស​ក្នុងការ​រីកលូតលាស់​ និង​ស្គាល់​នូវ​ភាព​រុងរឿង... គឺ​ពពួក​ថនិកសត្វ៕
Apr 12, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - សករាជ ១៦០លានឆ្នាំ នៃសត្វឌីណូស័រ
00:09:37
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពីសករាជ​នៃ​សត្វ​ឌីណូស័រ ដែល​ត្រួតត្រា​ភព​ផែនដី​អស់រយៈពេល​ប្រមាណ​ជា ១៦០លាន​ឆ្នាំ មុននឹង​ត្រូវ​ស្លាប់​ផុតពូជ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។ (មានវីដេអូនៅខាងក្រោម) កាល​ពី​​ប្រមាណ​ជា ២៣០លាន​ឆ្នាំមុន ពោលគឺ ២០លាន​ឆ្នាំក្រោយ​ហេតុការណ៍​ស្លាប់​រង្គាល​ផុតពូជសត្វ ដែល​គេ​ឲ្យឈ្មោះ​ថា « Great Permian Extinction » ពពួក​សត្វល្មូន​​មួយផ្នែក​ដែល​រួចជីវិត​ពី​ហេតុការណ៍​ស្លាប់​រង្គាល​នេះ ក៏​បាន​វិវឌ្ឍ​បន្តិចម្តងៗ ហើយ​ក្លាយ​ទៅ​ជា​ប្រភេទ​សត្វ​មួយ​ថ្មី​ទៀត គឺ​ពពួក​សត្វ​ឌីណូស័រ។ ជាទូទៅ កាលណា​និយាយ​ពី​ឌីណូស័រ ភាគច្រើន​គេ​តែងតែ​នាំគ្នា​ភ្ជាប់​រូបភាព​ទៅ​នឹង​សត្វទៀរ៉ាណូស័រ​រ៉ិច (Tyrannosaure Rex) ឬ ធីរ៉ិច (T-Rex) ដែល​គេ​ច្រើន​ឃើញ​នៅ​ក្នុង​ខ្សែភាព​យន្ត។ ក៏ប៉ុន្តែ តាមពិតទៅ ធីរ៉ិច​នេះ​គ្រាន់តែ​ជា​ប្រភេទ​​​​មួយ​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ពពួក​សត្វ​ឌីណូស័រ ដែល​មាន​ជាច្រើន​ប្រភេទ៖ មាន​ទាំង​​តូច (ខ្លះ​មាន​ទំហំ​តូច​ប្រហាក់ប្រហែល​នឹង​សត្វ​ទន្សាយ) មាន​ទាំង​​ធំ (ដោយខ្លះ​​មាន​ប្រវែង​រហូតដល់​ទៅ ៣០ម៉ែត្រ ហើយ​ទម្ងន់រហូតដល់​ទៅ ៨០តោន), មានទាំង​ឌីណូស័រ​ដែល​ស៊ីសាច់​ ហើយ​មាន​ទាំង​ឌីណូស័រ​ដែល​ស៊ីស្លឹកឈើ​ជា​អាហារ, មាន​ទាំងឌីណូស័រ​​នៅលើ​គោក ហើយ​មាន​ទាំង​ឌីណូស័រ​ដែល​មាន​ស្លាប​ដូច​បក្សី។ តាមការពិត​ទៅ អ្នក​វិទ្យាសាស្រ្ត​ភាគច្រើន​លើសលុប​បាន​នាំគ្នា​កំណត់​ថា ពពួកសត្វ​បក្សី ដែល​រស់​នៅ​ក្នុងសម័យ​កាល​បច្ចុប្បន្ន​នេះ គឺ​មាន​ដើមកំណើត​ចេញពី​ឌីណូស័រ ហើយតាមពិត​ទៅ ពពួកសត្វ​បក្សី​នេះ​គឺ​ជា​ពពួកសត្វ​តែ​មួយ​គត់ ដែល​នៅ​សេសសល់​ពី​តំណពូជ​នៃ​​សត្វ​ឌីណូស័រ ដែល​ត្រូវ​ស្លាប់​ផុតពូជ​អស់​ពី​ភពផែនដី កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។ នៅ​ពេល​ដែល​ពពួក​សត្វឌីណូស័រ​ចាប់ផ្តើម​លេចមុខឡើង កាល​ពី​ជាង ២០០លានឆ្នាំមុន ភពផែនដី​របស់​យើង​មាន​បរិយាកាស និង​កម្រិត​អុកស៊ីសែន​ជិត​​ប្រហាក់ប្រហែល​នឹង​សម័យកាល​បច្ចុប្បន្ន ហើយ​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​របស់​ព្រះចន្ទ​បាន​ធ្វើ​ឲ្យ​ល្បឿន​នៃ​​ចលនារង្វិល​របស់​ផែនដី​មាន​ការ​ថយចុះ ធ្វើ​ឲ្យ​មួយថ្ងៃ​មាន​រយៈពេល​​ជិត ២៤ម៉ោង ​ប្រហាក់ប្រហែល​នឹង​​ពេល​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ បើ​និយាយ​អំពី​សណ្ឋាន​ដី​វិញ ភពផែនដី​របស់​យើង​នៅ​ពេលនោះ មាន​សភាព​ខុសគ្នា​ដាច់ស្រឡះ​ពី​សម័យ​បច្ចុប្បន្ន។ ​​បណ្តាទ្វីប និង​មហាសមុទ្រ​​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​​ពេល​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​ចាប់កំណើតឡើង​ចេញ​ជា​ទ្រង់​ទ្រាយ​ដូចដែល​យើង​ឃើញ​សព្វថ្ងៃ​នេះ​នៅឡើយ​នោះទេ ដោយ​រាល់​ដី​គោក​ទាំងអស់​នៅលើ​ភព​ផែនដី​យើង​នេះ ត្រូវ​ប្រមូលផ្តុំ​គ្នា​នៅ​នឹង​កន្លែងតែមួយ បង្កើត​ទៅ​ជា​ទ្វីប​ដ៏​ធំមួយ ដែល​គេ​ឲ្យឈ្មោះ​​តាម​ភាសា​អង់គ្លេស​ថា "ភែនជៀ" (Pangea) ឬ​តាម​ភាសា​បារាំង​ថា "ប៉ង់ហ្សេ” (Pangée)។ នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី ដែល​មាន​រយៈពេល​ប្រមាណ​ជា​ ៤ពាន់៥រយ​លាន​ឆ្នាំ​កន្លងទៅនេះ សណ្ឋានដី និង​ទម្រង់​នៃ​ទ្វីប​នៅលើ​ភពផែនដី​របស់​យើង​ តែងតែ​មាន​ការប្រែប្រួល​ជាប់​ជា​ប្រចាំ ដោយ​ចលនា​នៃ​ផ្លាកតិចតូនិក​ធ្វើ​ឲ្យ​ទ្វីប​​ត្រូវ​ផ្លាស់​ទី​ (ក្នុងល្បឿនយឺត​ៗ តែ​ជាប់​ជា​ប្រចាំ) ដោយ​​​ពេល​ខ្លះ ​ដី​គោក​ត្រូវប្រមូលផ្តុំគ្នា​នៅ​កន្លែងតែមួយ​បង្កើត​ជា​មហាទ្វីប ពេលខ្លះ​ ត្រូវ​​​ប្រេះបែក​ជា​កូនទ្វីបតូចៗ មុននឹង​ប្រមូលផ្តុំគ្នា​ទៅជា​មហាទ្វីបតែមួយ​វិញ។ ការកកើត និង​ការ​ប្រេះបែក​មហាទ្វីប​នេះ​បាន​កើតមានឡើង​ជាច្រើន​លើក​ ហើយ​មហាទ្វីប​ដែល​​កើតឡើង​ជា​បន្តបន្ទាប់​នោះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ខុសៗគ្នា រួមមាន​ដូចជា កូឡុំប៊ីយ៉ា ឬ​នូណា (Colombia/Nuna),​ រ៉ូឌីនញ៉ា (Rodinia) និង​ចុងក្រោយ គឺ​​ ភែនជៀ (Pangea) ដែល​បាន​កកើតឡើង កាល​ពី​ប្រមាណ​ជា ២៥០លាន​ឆ្នាំមុន។ ប្រមាណ​ជា ៥០លាន​ឆ្នាំក្រោយ​មក​ទៀត ពោលគឺ កាល​ពី​​ ២០០លាន​ឆ្នាំមុន នៅ​ពេល​ចាប់ផ្តើម​នៃ​សករាជ​ឌីណូស័រ មហាទ្វីបភែនជៀ​នេះ​ក៏​ត្រូវ​ប្រេះបែក​សាជាថ្មី ដោយ​ពីដំបូង​ត្រូវ​បែក​ចេញ​ជា​ទ្វីប​ធំៗ​ចំនួន​ពីរ គឺ​ ឡូរ៉ាស៊ី (Laurasie) នៅប៉ែក​ខាង​ជើង និង​ហ្កុនដ្វាណា (Gondwana) នៅ​ប៉ែក​ខាង​ត្បូង។ ក្រោយ​មក​ទៀត ទ្វីប​ទាំងពីរ​នេះ​ក៏​ត្រូវ​បែក​ជា​ទ្វីប​តូចៗ​ផ្សេងទៀត ដោយ​ឡូរ៉ាស៊ី​​ក៏​ត្រូវ​បែក​ចេញ​ជា​ពីរ គឺ​អាមេរិក​ខាងជើង​​ទៅ​ខាង​លិច ហើយ​​អឺរ៉ុប​និង​អាស៊ី (ដែល​នៅ​ជាប់​គ្នា​ជា​ផ្លាកតិចតូនិច​តែមួយ​ ឈ្មោះ​ថា "​អឺរ៉ាស៊ី”) បើក​ទៅ​ទិស​ខាង​កើត។ នៅ​ឯ​​ហ្កុនដ្វាណា​ឯណោះ​​វិញ នៅ​ប៉ែក​ខាង​លិច អាមេរិក​ខាង​ត្បូង​ត្រូវ​បែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​បន្តិចម្តងៗ​រហូត​ទៅ​ភ្ជាប់​នឹង​អាមេរិក​ខាងជើង។ ចំណែក​នៅ​ប៉ែក​ខាង​កើតឯណោះវិញ អូស្រ្តាលី និង​អង់តាកទិក​បាន​ប្រេះបែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​ទៅ​ខាង​ត្បូង​ឆៀងខាង​កើត ចំណែក​​​ឥណ្ឌា​វិញ​​​បែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​ទៅ​ខាង​ជើង​ឆៀងខាង​កើត សំដៅ​ទៅ​អាស៊ី។ ចលនារំកិល​នៃ​កូនទ្វីប​ដែល​កើតចេញ​ពី​ការ​ប្រេះបែក​មហាទ្វីប​នេះ​ត្រូវ​ធ្វើឡើង ក្នុង​ល្បឿន​ដ៏​យឺតៗ ត្រឹមតែ​ប្រមាណ​ពី២ ទៅ៣​សង់ទីម៉ែត្រ​​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ រាប់លាន​ឆ្នាំ​ក្រោយមក ទម្រង់​នៃ​ទ្វីប និង​មហាសមុទ្រ​​ដែល​យើង​ស្គាល់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក៏​ចាប់ផ្តើម​ចេញ​ជា​រូបរាងឡើង​បន្តិចម្តងៗ ដោយ​ទ្វីបអាមេរិក ដែល​កាលពីមុន​​នៅ​ជាប់​នឹង​អាហ្វ្រិក និង​អឺរ៉ុប ក៏​ត្រូវ​បែក​ចេញ​ពី​គ្នា ហើយ​ខណ្ឌ​ចំកណ្តាល​ដោយ​មហាសមុទ្រ​ដ៏​ធំមួយ គឺ​មហាសមុទ្រ​អាត្លង់ទិក... ហើយ​រាប់​លាន​ឆ្នាំក្រោយ​មក​ទៀត ឥណ្ឌា​​ក៏​បាន​រំកិល​ទៅ​ដល់​អាស៊ី ហើយ​ជំនួប រវាង​​ផ្លាកតិចតូនិក​ទាំងពីរ​នេះ​ បាន​បង្កើត​ឲ្យ​មាន​នូវ​ជួរភ្នំ​ដ៏វែង និង​ដ៏​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក គឺ​ជួរភ្នំហិមាល័យ។ តាមការពិត​ទៅ ​ផ្លាកតិចតូនិក​អស់ទាំងនេះ​​​​នៅតែ​បន្តមាន​ចលនា​ជាប់​ជាប្រចាំ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ផ្លាកតិចតូនិក​ឥណ្ឌា និង​អាស៊ី នៅតែ​បន្ត​រំកិល​ចូល​គ្នា ហើយ​រុញគ្នា​ទៅវិញ​ទៅមក បណ្តាល​ឲ្យ​ជួរភ្នំ​ហិមាល័យ​ចេះតែ​បន្ត​កើនកម្ពស់​ប្រមាណ​ជា ២សង់ទីម៉ែត្រ​ក្នុងមួយ​ឆ្នាំ។ ចំណែក​ឯ​មហាសមុទ្រ​អាត្លង់ទិក​វិញ​ក៏​ចេះតែ​បន្ត​​រីក​ធំឡើង ក្នុងពេល​ដែល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចេះតែ​រួម​តូច ​​ប្រមាណ​ពី​ ២ ទៅ៣​សង់ទីម៉ែត្រ​ក្នុងមួយ​ឆ្នាំ។ អ្នកវិទ្យាសាស្រ្ត​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ២០០ ទៅ ២៥០​លាន​ឆ្នាំ​ខាងមុខ ចលនា​ផ្លាកតិចតូនិក​នេះ​នឹង​នាំ​ទ្វីបទាំងអស់​​នៅលើ​ភពផែនដី​យើង​នេះ​​ឲ្យ​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​តែមួយ​​ ហើយ​បង្កើត​ទៅ​ជា​មហាទ្វីប​​​សាជាថ្មី ដូច​អ្វី​ដែល​ធ្លាប់​កើតមាន​ជាច្រើន​លើក​កាល​ពី​មុន។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​គេ​អាច​សង្កេតឃើញ​​ដោយ​ជាក់ស្តែង ពី​ចលនា​នៃ​ផ្លាកតិចតូនិក​អស់ទាំងនេះ គឺ​ហេតុការណ៍​រញ្ជួយដី និង​​ការ​កកើត និង​ផ្ទុះ​ភ្នំភ្លើង ដែល​តែងតែ​កើតមាន​ជារឿយៗ នៅ​តាម​តំបន់​ ដែល​ជា​ព្រំដែន​នៃ​ផ្លាកតិចតូនិក។ ត្រឡប់​ទៅ​និយាយ​ពី​សត្វ​ឌីណូស័រ​វិញ បើ​ទោះបីជា​ភពផែនដី​មាន​ការប្រែប្រួល​មើល​លែង​ស្គាល់... ចាប់តាំង​ពី​ដីគោក​នៅ​ប្រមូលផ្តុំគ្នា​ជា​មហាទ្វីប​តែមួយ ទៅជា​ការ​ពុះចែក​ជា​កូនទ្វីបតូចៗ... កន្លែង​ដែល​ធ្លាប់​តែ​ជា​ដីគោក ត្រូវ​ក្លាយ​ទៅ​ជា​មហាសមុទ្រ ចំណែក​កន្លែង​ដែល​ធ្លាប់​ជា​សមុទ្រ​ត្រូវ​ក្លាយ​ជាដីគោក... ក៏ប៉ុន្តែ ពពួក​សត្វ​ឌីណូស័រ​នៅតែ​អាច​បន្ត​សម្របខ្លួន ហើយ​បន្ត​ត្រួតត្រា​ភពផែនដី​យើង​នេះ​អស់រយៈពេល​រហូតដល់​ទៅ​ប្រមាណ​ជា ១៦០​លាន​ឆ្នាំ។ តាមការពិត នៅ​ក្នុង​ពេលនោះ ភពផែនដី​យើង​នេះ​មិនមែន​មាន​តែ​ពពួក​សត្វ​ឌីណូស័រ​តែមួយ​នេះ​ទេ។ ក្រៅ​ពី​ឌីណូស័រ នៅ​មាន​ពពួក​សត្វ​​ជាច្រើន​ផ្សេងទៀត រួមមាន​ដូចជា​ពពួក​ល្មូន និង​ថនិក​សត្វ​ ជាដើម ក៏ប៉ុន្តែ គ្មាន​ពពួក​សត្វ​ណាមួយ ដែល​អាច​រីកលូតលាស់ ហើយ​អាច​មក​ប្រជែង​ជាមួយ​នឹង​ពពួក​ឌីណូស័រ​បាន​នោះទេ៕
Apr 05, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ហេតុការណ៍​ស្លាប់រង្គាល​នៃ​ជីវិត​និង​ការ​លេចមុខ​នៃ​សត្វ​ឌីណូស័រ
00:09:00
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពីហេតុការណ៍​នៃ​ការ​ស្លាប់រង្គាល​នៃ​ជីវិត​លើ​ភពផែនដី និង​ការ​លេចមុខឡើង​នៃ​ពូជសត្វ​ដ៏​ល្បី​​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី គឺ​ពពួកសត្វ​ឌីណូស័រ។ (មានវីដេអូនៅខាងក្រោម) នៅ​ប្រមាណ​ជា ៣០០លាន​ឆ្នាំមុន ជីវិត​នៅលើ​ភពផែនដី​របស់​យើង​បាន​វិវឌ្ឍ និង​រីកដុះដាល​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង រាប់ចាប់តាំងពី​​ទម្រង់​ជីវិត​ដ៏​តូចល្អិត​ដូចជា​បាក់តេរី រហូត​ដល់​ទម្រង់​ជីវិត​សាំញ៉ាំ ជឿនលឿន និងមាន​ទំហំ​ធំៗ​ជាច្រើន​ប្រភេទ, មានទាំង​សត្វ និង​រុក្ខជាតិ ហើយ​មានទាំង​ជីវិត​នៅ​ក្នុងទឹក និង​ជីវិត​នៅលើ​ដីគោក។ ក៏ប៉ុន្តែ ទីណា​ដែល​មាន​ជីវិត ទីនោះ​ក៏មាន​ដែរ សេចក្តីស្លាប់។ ការស្លាប់​ខ្លះ គឺ​ជា​ការ​ស្លាប់​ធម្មតា​ទៅ​តាម​វដ្ត​នៃ​ជីវិត ដែល​គេ​តែងតែ​និយាយ​ថា កើតចាស់ឈឺស្លាប់ ហើយ​ការ​ស្លាប់​នេះ​បាន​បន្សល់ទុក​នូវ​ផូស៊ីល​រហូត​ដល់​រាប់លាន​ឆ្នាំក្រោយ​មក​ទៀត ដោយខ្លះ​ជា​ផូស៊ីល​ដែល​រក្សា​​រូបរាង​ដើម​ឲ្យ​នៅ​ស្ថិតស្ថិរ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​ដែល​​អាច​ឲ្យ​យើង​សិក្សា​ពី​ប្រវត្តិ​នៃ​ជីវិត​លើ​ភពផែនដី​ ចំណែក​ឯ​ខ្លះ​ទៀត​ត្រូវ​​ប្រែប្រួល និង​​​វិវឌ្ឍ​ទៅ​ជា​ធនធាន​រ៉ែ​​ ដែល​យើង​អាច​​ទាញ​យក​មក​ប្រើ​ប្រាស់​ជា​វត្ថុធាតុដើម​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ នៅលើដីគោក បណ្តា​រុក្ខជាតិ​ដែល​ស្លាប់​ទៅ ហើយ​ដែល​ត្រូវ​រង​នូវ​កម្តៅ និង​​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ ក៏ដូចជា​រង​នូវ​សម្ពាធ​នៅ​ពេល​​ត្រូវ​​កប់​នៅ​ក្រោម​ដី​រាប់​លាន​ឆ្នាំ ក៏​ត្រូវ​ប្រែក្លាយ​ទៅ​ ជា​រ៉ែធ្យូងថ្ម ទុក​ឲ្យ​មនុស្ស​ជាតិ​យើង​ជីក​យក​មក​ប្រើប្រាស់ នៅ​ក្នុងរយៈពេល​រាប់រយលាន​ឆ្នាំ​ក្រោយ​មក​ទៀត។ ចំណែក​នៅ​ក្នុង​ទឹកសមុទ្រ​ឯណោះ​វិញ​ កាកសំណល់​​ដែល​បន្សល់​ទុក​ពី​ការ​ស្លាប់​នៃ​​រុក្ខជាតិ និង​សត្វសមុទ្រ​​​ត្រូវ​​ប្រមូលផ្តុំគ្នា​​​នៅ​ក្រោម​បាតសមុទ្រ ហើយ​រាប់លានឆ្នាំ​ក្រោយ​មក ក៏​​​​បង្កើត​ទៅ​ជា​រ៉ែប្រេងកាត ឬ​ឧស្ម័ន​ធម្មជាតិ។ ហេតុដូច្នេះ​ហើយ​បាន​ជាគេ​សង្កេតឃើញ​ថា ​ជង្រុក​​រ៉ែប្រេងកាត និង​ឧស្ម័នធម្មជាតិ​​ភាគច្រើន​ស្ថិត​នៅ​ក្រោម​បាតសមុទ្រ ឬ​​ខ្លះ​ទៀត ស្ថិត​នៅ​តាម​វាលខ្សាច់​ដែល​បច្ចុប្បន្ន​ជា​ដីគោក ក៏ប៉ុន្តែ ​កាល​ពី​រាប់​លាន​ឆ្នាំ​មុន​ធ្លាប់​ជា​បាតសមុទ្រ ឬ​បាតសមុទ្រ​ទឹកកក។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា គ្រប់​ដុំ​ធ្យូងថ្ម​ដែល​​មនុស្ស​យើង​យកមក​ប្រើ​នៅ​តាម​រោងចក្រ ឬ​យក​ទៅ​​ផលិត​អគ្គិសនី​ប្រើប្រាស់, រាល់​តំណក់ប្រេង​ដែល​យើង​ចាក់​នៅ​ក្នុង​ឡាន ឬ​ម៉ូតូ, កៅស៊ូ​ដែល​យើង​យក​មក​ក្រាល​ធ្វើ​ផ្លូវ​ថ្នល់... ទាំងអស់​នេះ សុទ្ធតែ​មាន​ប្រភព​ដើម​​ចេញ​ពី​ការស្លាប់​​នៃ​ជីវិត​សត្វ និង​រុក្ខជាតិ តាំង​ពី​រាប់​លាន​ឆ្នាំ​មុន​។ ក្រៅពីការ​ស្លាប់​ទៅតាម​វដ្តនៃ​ជីវិត​ជា​ធម្មតា​នេះ ក៏មាន​ដែរការ​ស្លាប់រង្គាល ​រហូតធ្វើ​ឲ្យ​​ផុតពូជសត្វ​និង​រុក្ខជាតិ​មួយផ្នែក​ធំ​លើ​ភពផែនដី ហើយ​នៅ​ក្នុង​ប្រ​វត្តិ​នៃ​ភពផែនដី​របស់​យើង​នេះ ហេតុការណ៍​នៃ​ការ​ស្លាប់​រង្គាល​ផុតនៃ​ជីវិត​សត្វនិង​រុក្ខជាតិ​នេះ មិនមែន​កើតឡើង​តែ​ម្តងនោះដែរ តែ​វា​បាន​កើតឡើង​ជាច្រើន​ដង ដោយ​មាន​ទំហំ និង​វិសាលភាព​ធំតូច​ខុសៗគ្នា។ អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី​របស់​យើង ត្រឹមតែ​រយៈពេល​​ប្រមាណ​ជាង ៥០០លាន​ឆ្នាំ​ចុងក្រោយ​នេះ ​ហេតុការណ៍​ស្លាប់​ផុតពូជនៃ​ជីវិត​ក្នុងកម្រិត​ខ្ពស់​​​​ចម្បងៗ បាន​កើតមាន​ឡើង​ រហូត​ដល់​ទៅ ៥លើក​ឯណោះ គឺ​លើកទី១ នៅ​ប្រមាណ​ជា ៤៥០លាន​ឆ្នាំ​មុន, លើកទី២ នៅ​ប្រមាណ​ជា ៣៧០លាន​ឆ្នាំ​មុន, លើកទី៣ នៅ​ប្រមាណ​ជា ២៥០លាន​ឆ្នាំ​មុន, លើកទី៤ នៅ​ប្រមាណ​ជា ២០០លាន​ឆ្នាំ​មុន និង​លើកទី៥ នៅ​ប្រមាណ​ជា ៦៦លាន​ឆ្នាំ​មុន។ នៅ​ក្នុង​ចំណោម​ហេតុការណ៍​​ធំៗ​ទាំង ៥​លើក​នេះ ហេតុការណ៍​ស្លាប់​រង្គាល​លើកទី៣ នៅ​ប្រមាណ​ជា ២៥០លាន​ឆ្នាំ​មុន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ ការ​ស្លាប់​ផុត​ពូជសត្វ​ដ៏​ធំ​សម្បើម​ជាងគេ​បង្អស់​ នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា « Great Permian Extinction »។ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​នៅតែ​មិន​ទាន់​អាច​កំណត់​បាន​ច្បាស់លាស់​នៅឡើយទេ​ថាតើ​អ្វីទៅជា​ដើម​ហេតុ ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​រង្គាល​នេះ ? សម្មតិកម្ម​មួយ​ចំនួន​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​លើកឡើង ដោយខ្លះ​ថា វា​បណ្តាល​មក​ពី​ការ​ធ្លាក់​អាចម៍ផ្កាយ​ ខ្លះថា​មក​ពី​ការផ្ទុះភ្នំភ្លើង ខ្លះ​​​ថា​មក​ពី​ការប្រែប្រួល​អាកាសធាតុ រីឯខ្លះ​ទៀត​ថា វាមិនមែន​កើតឡើង​ដោយសារ​តែ​មូលហេតុ​ណា​តែមួយ​នោះទេ តែ​អាច​បណ្តាល​មក​ពី​​មូលហេតុច្រើន​គួបផ្សំគ្នា។ ទោះជាយ៉ាងណា បើទោះបីជា​គេ​មិន​អាច​ដឹងប្រាកដ​អំពី​មូលហេតុ ប៉ុន្តែ​គេ​ដឹង​ថា ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​​ជីវិត​នៅលើ​ដីគោក​ប្រមាណ​ជា ៧០% ត្រូវ​ស្លាប់​ផុតពូជ។ ចំណែក​ឯ​​ជីវិត​នៅ​ក្នុង​សមុទ្រ​វិញ ត្រូវ​ស្លាប់​ផុតពូជ​អស់​​រហូតដល់​ទៅ ៩៦% ឯណោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​​ក៏ដោយ ជីវិត​ក៏​មិន​ត្រូវ​បានរលាយសូន្យ​ ​បាត់មុខ​ពី​ភពផែនដី​ទាំងស្រុង​នោះដែរ។ តាមការពិត​ទៅ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​​គ្រប់​ហេតុការណ៍​ស្លាប់​​ផុតពូជ​​នៃ​ជីវិត ដែល​កើតមាន​ឡើង នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី​របស់​យើង ជីវិត​មិនដែល​ត្រូវ​ស្លាប់​ផុតពូជ​បាត់មុខ​ទាំងស្រុង​ពី​ភពផែនដី​នោះទេ។ ហេតុការណ៍​ស្លាប់​រង្គាល ដែល​គេ​ហៅ​ថា Great Permian Extinction កាល​ពី​២៥០លាន​ឆ្នាំ​មុន​នេះ ក៏​មិន​ខុស​ពី​ហេតុការណ៍​ស្លាប់​រង្គាល ៤លើក​ផ្សេងទៀត​នោះដែរ។ បើទោះបីជា​ពូជ​សត្វ​និង​រុក្ខជាតិ រហូតដល់​ទៅ ៩០% ត្រូវ​ស្លាប់​ផុតពូជក៏ដោយ ក៏ប៉ុន្តែ ជីវិត​​លើ​ភពផែនដី​របស់​យើង​នេះ​នៅតែ​អាច​បន្ត​សម្របខ្លួន និង​វិវឌ្ឍ​ទៅមុខ, ពូជសត្វចាស់​ត្រូវ​ស្លាប់​ផុតពូជ បើក​ផ្លូវ​ឲ្យ​ពូជសត្វថ្មី​អាច​រីកលូតលាស់​ឡើង... ហើយ​​​ពូជសត្វ​ថ្មី​​ដែល​ចាប់​ផ្តើម​រីកលូតលាស់​ខ្លាំង​ ​នៅ​ពេលនោះ គឺ​ពពួកសត្វ​ឌីណូស័រ។ ឌីណូស័រ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ពូជសត្វ ដែល​ស្គាល់​នូវ​ជោគជ័យ​ខ្លាំងជាងគេ នៅ​ក្នុង​ប្រវត្តិ​នៃ​ជីវិត​លើ​ភពផែនដី។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​អាច​និយាយ​បាន​ថា មនុស្សជាតិ​យើង គឺ​ជា​ពូជ​ដែល​មាន​បញ្ញា​ខ្ពស់​លុបលើ​ពូជសត្វ​ផ្សេងទៀត​ទាំងអស់​ ដែល​អាច​ឲ្យ​យើង​ធ្វើ​ជា​ម្ចាស់​ត្រួតត្រា​ភពផែនដី​ទាំងមូល។ ក៏ប៉ុន្តែ មនុស្សជាតិ​យើង​ទើប​នឹង​មាន​វត្តមាន​លើ​ភពផែនដី​នេះ​បាន​ត្រឹមតែប្រមាណ​ជា ២០ម៉ឺន​ឆ្នាំ​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​រយៈពេល​មួយ​ខ្លី​ខ្លាំងណាស់ ប្រើធៀប​នឹង​សករាជ​នៃ​សត្វ​ឌីណូស័រ ដែល​បាន​​​គ្រប់គ្រង​ភព​ផែនដី​របស់​យើង​ នៅ​ក្នុង​រយៈពេល​រហូត​​ដល់​ទៅ​​ប្រមាណ​ជា ១៦០លាន​ឆ្នាំ​ឯណោះ។ លើសពីនេះ​ទៅទៀត គ្រប់អ្ន​កវិទ្យាសាស្រ្ត​ទាំងអស់​សុទ្ធតែ​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ថា បើ​សិន​ជា​សត្វ​ឌីណូស័រ​មិន​ស្លាប់​ផុតពូជ​បាត់ទាំងស្រុង​ពី​ភពផែនដី​យើង​ទេនោះ មនុស្សជាតិ​យើងនេះ​​ក៏​ប្រាកដ​ជា​គ្មាន​ឱកាស​នឹង​អាច​លេចមុខ​ឡើង​បាន​នោះដែរ៕
Mar 14, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ការរីកដុះដាលនៃជីវិតលើភពផែនដី​ក្រោយ​យុគសម័យទឹកកក
00:10:03
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​​ការរីកដុះដាល​នៃ​ជីវិតលើភពផែនដី នៅ​​ក្រោយ​យុគសម័យ​ទឹកកក និង​ការ​វិវឌ្ឍ​នៃ​ជីវិតពី​ក្នុងទឹក ទៅលើដីគោក។ (មានវីដេអូនៅខាងក្រោម) កាលពី​​ជាង ៦០០លាន​ឆ្នាំមុន... រាប់លាន​ឆ្នាំ​មកហើយ​ ដែល​ភពផែនដី​​ទាំងមូល​ត្រូវ​គ្រប​ដណ្តប់​ពេញ​ទៅ​ដោយ​ទឹកកក ដែល​មាន​កម្រាស់​រហូតដល់​ទៅ​ប្រមាណ​ជា ៣ពាន់​ម៉ែត្រ។ ទឹកកក​កាន់តែច្រើន វាធ្វើ​ឲ្យ​ពន្លឺ​និង​កម្តៅព្រះអាទិត្យ​ត្រូវ​ចាំងផ្លាត​ចេញ​ទៅវិញ​កាន់តែ​ច្រើន ហើយ​សីតុណ្ហភាព​ក៏​ត្រូវ​​​ធ្លាក់​ចុះ​ត្រជាក់​កាន់តែ​ខ្លាំង ដែល​ជា​យន្តការមួយ តម្រូវ​ឲ្យ​ភពផែនដី​របស់​យើង​ត្រូវ​ជាប់​ក្នុង​អន្ទាក់ទឹកកក ដោយ​មើល​ទៅ​ហាក់ដូចជា​​គ្មាន​ថ្ងៃ​ដែល​អាច​ចេញ​រួច​មកវិញបាន។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ផ្ទៃ​ដី​ត្រូវ​គ្របដណ្តប់​ពេញ​ទៅ​ដោយ​ទឹកកក នៅឯ​ខាង​ក្នុង​ផែនដី​ឯណោះ​វិញ ស្នូលផែនដី​នៅតែ​​មាន​សីតុណ្ហភាព​ក្តៅខ្លាំង​ដដែល គឺ​ក្តៅ​​​រហូតដល់​ទៅ​ប្រមាណ​ជា ៦០០០អង្សារ (ក្តៅ​ជាង​ផ្ទៃខាងលើ​នៃ​ព្រះអាទិត្យ​ទៅ​ទៀត)។ ជាថ្មីម្តងទៀត គឺ​ឥទ្ធិពល​នៃ​កម្លាំង​ចេញ​ពី​កម្តៅ​ក្នុង​ស្នូលផែនដី​នេះហើយ ដែល​ធ្វើ​ឲ្យ​ភពផែនដី​ត្រូវ​ក្រឡាប់ចាក់​សាជាថ្មីម្តងទៀត ហើយ​ម្តងនេះ អ្វីៗ​ត្រូវ​ដើរបញ្ច្រាស់​ទៅវិញ។ ការ​​ផ្ទុះ​ភ្នំភ្លើង​ដែល​ធ្លាប់​កើតមាន​ជា​រឿយៗ​តាំង​ពី​មុ​ន​មក​នោះ បាន​​​កើតឡើង​យ៉ាង​សកម្ម​​សាជាថ្មី​ម្តងទៀត​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ហើយ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​បាន​ធ្វើ​ឲ្យ​ឧស្ម័នកាបូនិក​ដែល​ត្រូវ​​ជាប់​នៅ​ក្នុងដី​តាំង​ពីមុន​យុគសម័យ​ទឹកកក​​មកនោះ ត្រូវ​​​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​វិញ។ កាលពីមុន មាន​ថ្ម​ដែល​អាច​ស្រូប​​ឧស្ម័នកាបូនិក​ទាំងនេះ​​ពី​ក្នុង​បរិយាកាស ទៅ​ក្នុង​ដីវិញ ក៏ប៉ុន្តែ នៅ​ពេលនេះ ថ្ម​អស់ទាំងនេះ​ត្រូវ​កប់​បាត់​នៅ​ក្រោម​ផ្ទាំងទឹកកក​អស់ទៅហើយ មិនអាច​ស្រូប​យក​ឧស្ម័នកាបូនិក​ទៅវិញ​បាន​ដូចកាល​ពីមុន​ទៀត​នោះទេ។ ឧស្ម័ន​កាបូនិក​ក៏​ត្រូវ​ប្រមូល​ផ្តុំ​​នៅ​ក្នុង​បរិយាកាស ហើយ​នៅ​ពេល​ដែល​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​មាន​កាន់តែ​ច្រើន វា​​​អាច​ទប់កម្តៅ​ព្រះអាទិត្យ​បាន​កាន់តែ​ច្រើន ​​​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​ចាប់ផ្តើម​កើនឡើងមកវិញ។ នៅ​ពេល​ដែល​សីតុណ្ហភាព​កើនឡើង ​ផ្ទាំង​ទឹកកក​ក៏​ចាប់ផ្តើម​រលាយ ហើយ​នៅ​ពេល​ដែល​ផ្ទាំងទឹកកក​ថយចុះ ពន្លឺ​និង​កម្តៅព្រះអាទិត្យ​ក៏​លែង​សូវ​ចាំងផ្លាត​ចេញ​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ទូទៅ​លើ​ភពផែនដី​កើនឡើង​កាន់តែ​ខ្លាំង... បន្តិចម្តងៗ នៅ​ក្នុងរយៈពេល​រាប់​លាន​ឆ្នាំក្រោយមកទៀត យន្តការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​​​ភពផែនដី​របស់​យើង​មាន​ការ​វិវឌ្ឍ​​ត្រឡប់​ទៅ​រក​សភាព​ដើម ​ដូចកាល​ពី​មុន​យុគសម័យ​ទឹកកក​វិញ។ តាមពិត ភពផែនដី​មិន​ត្រឹមតែ​វិលត្រឡប់​ទៅ​រកសភាព​ដើម​វិញ​នោះទេ ក៏ប៉ុន្តែ កម្រិត​អុកស៊ីសែន នៅ​ក្នុង​បរិយាកាស​ក៏​ថែម​ទាំង​​បាន​កើនឡើង​យ៉ាងខ្លាំង​​លើ​សពី​មុន​ផងដែរ។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ភពផែនដី​ត្រូវ​គ្របដណ្តប់​ដោយ​ផ្ទាំង​ទឹកកក​ ម៉ូលេគុល​ទឹក​នៅ​ក្នុង​ផ្ទាំង​ទឹកកក​នេះ មាន​ប្រតិកម្ម​ជាមួយ​នឹង​កាំរស្មីព្រះអាទិត្យ​ បង្កើត​ទៅ​ជា​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​គេ​ឲ្យឈ្មោះ​ថា “ទឹកអុកស៊ីសែន” (H2O2) ឬហៅ​តាម​ភាសាបារាំង​ថា “Peroxyde d’hydrogène”។ ប្រតិកម្ម​នេះ​ចេះតែ​កើតមាន​ឡើង​អស់រយៈពេល​រាប់​លាន​ឆ្នាំ ​នៅ​ពេញ​ក្នុង​អំឡុង​យុគសម័យទឹកកក ដែល​បង្កើត​ឲ្យ​មាន​ទឹកអុកស៊ីសែន​យ៉ាងច្រើន​ជាប់​នៅ​ក្នុង​ផ្ទាំង​ទឹកកក។ នៅ​ពេល​ដែល​ផ្ទាំង​ទឹកកក​ត្រូវ​រលាយ​ ទឹកអុកស៊ីសែន​នេះ​ក៏​ត្រូវ​បំបែក​ខ្លួន​ចេញ​ទៅជា​ម៉ូលេគុល​ពីរផ្សេងគ្នា គឺ​ទឹក និង​អុកស៊ីសែន ដោយ​មួយ​ផ្នែក​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​ទឹកសមុទ្រ ហើយ​មួយផ្នែក​ទៀត​ត្រូវ​បំភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស។ ហេតុដូច្នេះហើយ​​​បាន​ជា​​​​បរិមាណ​អុកស៊ីសែន​នៅលើ​ភពផែនដី ​ក្រោយ​យុគសម័យ​ទឹកកក​នោះ ត្រូវ​កើនឡើង​យ៉ាងខ្លាំង ទាំង​នៅ​ក្នុង​ទឹកសមុទ្រ និង​នៅ​ក្នុង​បរិយាកាស។ កាល​ពី​មុន​ពេល​ដែល​ភពផែនដី​ត្រូវ​គ្របដណ្តប់​ទៅដោយ​ផ្ទាំង​ទឹកកក ជីវិត​បាន​ចាប់ផ្តើម​កកើត​រួចទៅហើយ​នៅលើ​ភពផែនដី​របស់​យើង គឺ​ជីវិត​ក្នុង​ទម្រង់​ជា​បាក់តេរី​កោសិកាទោល នៅ​ក្នុង​ទឹកសមុទ្រ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​បាក់តេរីអស់ទាំងនេះ​អាច​នៅ​រស់រាន​មាន​ជីវិត​ដែរ​ឬ​ក៏​យ៉ាងណា ក្រោយ​ពី​ត្រូវ​គ្របដណ្តប់​ទៅដោយ​ផ្ទាំងទឹកកក​អស់រយៈពេល​រាប់លាន​ឆ្នាំ​មកនេះ? តាមការពិត គេរកឃើញ​ថា បាក់តេរី​ដែល​មាន​តាំង​ពី​មុន​មកនោះ យ៉ាងហោចណាស់​ក៏​មាន​មួយផ្នែក​ដែរ ដែល​​នៅ​បន្ត​រស់រាន​មាន​ជីវិត​នៅ​ក្រោម​ផ្ទាំង​ទឹកកក ហើយ​នៅ​ក្រោយ​ពេល​ដែល​ផ្ទាំងទឹកកក​រលាយ​អស់... ជាមួយ​នឹង​​​​កម្រិត​អុកស៊ីសែន​ដែល​កើនឡើង​យ៉ាង​ខ្លាំង​ផងនោះ ជីវិត​នៅលើ​ភពផែនដី​របស់​យើង​​បាន​ស្គាល់​នូវ​ការ​រីកលូតលាស់​ និង​វិវឌ្ឍ​យ៉ាង​លឿន​បំផុត នៅ​ក្នុង​យុគសម័យមួយ ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា (Cambrian explosion)។ នៅ​ក្នុង​អំឡុង​ពេលនោះ (ដែល​មាន​​​រយៈពេល​ប្រមាណ​ពី ៧០ ទៅ ៨០លាន​ឆ្នាំ) ជីវិត​នៅលើ​ភពផែនដី​បាន​វិវឌ្ឍ​ពី​ទម្រង់​ជីវិត​​កោសិកា​ទោល ទៅ​ជា​ទម្រង់​ជីវិត​ពហុកោសិកា ដែល​ជា​ទម្រង់​ជីវិត​មាន​លក្ខណៈ​​កាន់តែ​ជឿនលឿន ហើយ​មាន​រូបរាង និង​ទំហំ​កាន់តែ​ធំឡើង ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ ​រហូតដល់​ពេល​មួយ​ ទឹកសមុទ្រ​ដែល​កាល​ពីមុន​មាន​ត្រឹមតែ​បាក់តេរី ក៏​មាន​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ និង​មច្ឆជាតិ​តូចធំ​គ្រប់​ប្រភេទ។ ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​កន្លងទៅនោះ ជីវិត​មាន​ការ​រីកដុះដាល​តែ​នៅ​ក្នុង​ទឹកសមុទ្រ​តែ​ប៉ុណ្ណោះ។ បើ​គេ​ក្រឡេក​មើល​ទៅលើ​ដីគោកវិញ គ្រប់​ទីកន្លែង​​ទាំងអស់ គឺ​នៅ​ជា​ទីវាលរហោស្ថាន​ គ្មាន​រុក្ខជាតិ គ្មាន​សត្វ គ្មាន​ជីវិត​អ្វី​ទាំងអស់... ហើយ​ដើមហេតុចម្បង​បំផុត ដែល​ធ្វើ​ឲ្យ​ជីវិត​មិន​អាច​រីកដុះដាល​នៅលើ​ដីគោក​បាន​នៅ​ពេលនោះ គឺ​ដោយសារ​តែ​​វិទ្យុសកម្ម​​នៃ​កាំរស្មីអ៊ុលត្រាវីយ៉ូលេ (UV) ពី​​​ព្រះអាទិត្យ។ អ្វីៗ​ត្រូវ​ប្រែប្រួល ក្រោយ​ពី​ប្រតិកម្ម​គីមី​ដ៏​សំខាន់​មួយ​បាន​កើតឡើង នៅ​ក្នុងបរិយាកាស នៅ​ឯរយៈកម្ពស់​​ប្រមាណ​ជា ៣០ ទៅ ៥០គីឡូម៉ែត្រ​ពីភពផែនដី។ នៅ​ពេល​ដែល​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​បរិយាកាស​មាន​ការ​កើនឡើង ម៉ូលេគុល​អុកស៊ីសែន​នេះ​មាន​ប្រតិកម្ម​ជាមួយ​នឹង​កាំរស្មី​អ៊ុលត្រាវីយ៉ូលេ​របស់​ព្រះអាទិត្យ​ ក៏​បង្កើត​បាន​ទៅ​ជាឧស្ម័ន​មួយ​ប្រភេទ​ទៀត គឺ ​អូហ្សូន (O3)។ ​បន្តិចម្តងៗ ​ឧស្ម័ន​អូហ្សូន​នេះ​បាន​ប្រមូលផ្តុំ​គ្នា​ទៅ​ជា​ស្រទាប់​​កាន់តែក្រាស់​ឡើងៗ... រហូត​មាន​កម្រាស់​​ល្មម​​អាច​នឹង​​ការពារ​ផ្ទៃដី​ពី​កាំរស្មី​អ៊ុលត្រាវីយ៉ូលេបាន។ ចាប់ពីពេលនោះហើយ ដែល​ជីវិត​ចាប់ផ្តើម​មាន​ការ​វិវឌ្ឍ​ រីករាលដាល​ចេញ​ពី​ក្នុង​ទឹក​សមុទ្រ ឡើងទៅលើ​ដីគោក ដោយ​ចាប់ផ្តើម​ដំបូងចេញ​ពី​រុក្ខជាតិ ហើយ​បន្ទាប់​មក​ទៀត នៅ​ប្រមាណ​ជា​ជិត ៤០០លាន​ឆ្នាំមុន ប្រភេទ​សត្វ​សមុទ្រ​​​មួយ​ចំនួន ក៏​ចាប់ផ្តើម​ចេញ​ពី​ទឹក​មក​រស់​នៅលើ​ដី​គោក ដោយ​ពីដំបូង​​រស់នៅ​ជាប់នឹង​មាត់ទឹក ជា​ប្រភេទ​សត្វពាក់កណ្តាលគោក​ពាក់កណ្តាលទឹក។ ​ក្រោយៗមក​ទៀត ប្រភេទ​សត្វ​ទាំងនេះ​បាន​សម្របខ្លួន​លើ​ជីវិត​ដីគោក​បាន​កាន់តែ​ច្រើន អាច​​រស់នៅ​លើ​គោក​បាន​​កាន់តែ​យូរ និង​កាន់តែ​​ឆ្ងាយ​ពី​មាត់ទឹក ក៏ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាងនេះ​ក៏ដោយ ​ពពួក​សត្វ​ទាំងនេះ​ក៏​នៅ​​មិនទាន់​​អាច​ផ្តាច់​ខ្លួន​ចេញ​ពី​ទឹក​បាន​ទាំងស្រុង​នោះដែរ ដោយ​ពួកគេ​ចាំបាច់​​ត្រូវត្រឡប់​ទៅ​ពងក្នុងទឹក ដើម្បី​បន្តពូជ។ នៅ​ប្រមាណ​ជា ៣០០លាន​ឆ្នាំមុន មាន​ប្រភេទសត្វមួយ​ចំនួន​ (ជាពិសេស ពពួកល្មូន) បានរកឃើញ​វិធី​បន្តពូជ​​ថ្មី​មួយ​ ដែល​លែងចាំបាច់​ត្រូវ​​ពឹងផ្អែក​លើ​ទឹក​​សមុទ្រ​តទៅទៀត គឺ​ការ​បន្តពូជ​តាមរយៈ​​​ស៊ុត​ដែលមាន​សម្បករឹង​ ហើយ​ដែល​អាច​ស្តុកទឹក​នៅ​ក្នុងនោះបាន។ តាមរយៈវិធី​បន្ត​ពូជ​បែបនេះ ពពួកសត្វ​ទាំងនេះ​អាច​ពង​​​នៅលើ​ដីគោក​បាន ដោយ​​លែង​ចាំបាច់​វិលត្រឡប់​ទៅ​ពង​ក្នុង​ទឹក​ដូចកាលពីមុន​ ហើយប្រែក្លាយ​ខ្លួន​ទៅ​ជា​សត្វដី​គោក ដោយ​កាត់ផ្តាច់​ទាំងស្រុង​ពី​ជីវិត​ក្នុងទឹក៕
Mar 08, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ការកកើត​ជីវិត​លើ​ភពផែនដី
00:09:14
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការកកើតនៃ​ជីវិត​លើភពផែនដី។ (មានវីដេអូនៅខាងក្រោម) គិតត្រឹម​ប្រមាណ​ជា ៣៨០០លាន​ឆ្នាំមុន ពោលគឺ ប្រមាណ​ជា ៧០០លានឆ្នាំ​ក្រោយ​ការ​ចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ផែនដី​របស់​យើង​បាន​ចាប់កំណើតឡើង​​ទៅជា​ភពមួយ ដែល​មាន​ “ស្នូល” និង​​ដែន​ម៉ាញេទិក, មាន​ព្រះចន្ទ និង​មាន​ចលនា​វិលជុំវិញ​អ័ក្ស​ប្រកប​ដោយ​លំនឹង, មាន​មហាសមុទ្រ និង​មាន​ដីគោក។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ​ ភពផែនដី​ក៏​នៅមិនទាន់​ក្លាយ​ជា​ទីកន្លែង​ដែល​ពោរពេញ​ទៅដោយ​ជីវិត​ស្រស់ថ្លា ដូចជា​ពេល​បច្ចុប្បន្ន​នេះ​នៅឡើយដែរ។ ភពផែនដី​មាន​ទឹក​ ក៏ប៉ុន្តែ ដើម្បី​អាច​ឲ្យ​​ជីវិត​សព្វសារពើ រួមទាំង​ជីវិត​មនុស្ស​យើង​ផង​​​អាច​រស់នៅ​បាន គេ​ត្រូវការ​លក្ខខណ្ឌ​ដ៏​ចាំបាច់​មួយ​ចំនួន​ផ្សេងទៀតទៀត ជាពិសេស គឺ​ត្រូវការ​​បរិយាកាស ដែល​សម្បូរ​ទៅដោយ​អុកស៊ីសែន។ នៅ​ក្នុង​បរិយាកាស​នៃ​ភពផែនដី​កាល​ពី​ដំបូង គឺ​មាន​ពោរពេញ​ទៅដោយ​ឧស្ម័នកាបូនិក នីត្រូសែន និង​មេតាន ចំណែក​ឯ​អុកស៊ីសែន​វិញ មាន​តិចតួចតែ​ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ​បាន​ជាវាពិបាក​នឹង​ធ្វើ​ឲ្យ​ជីវិត​អាច​ចាប់កំណើត និងរីកលូតលាស់​ឡើងបាន... ជីវិត​មិន​អាច​ចាប់កំណើត​បាន​នៅលើ​ដី និង​ក្នុង​បរិយាកាស ក៏ប៉ុន្តែ នៅ​ឯ​ក្រោម​ផ្ទៃ​សមុទ្រ​ឯណោះវិញ ដំណើរវិវឌ្ឍ​ដ៏​សំខាន់​មួយ​បាន​ចាប់ផ្តើម​ឡើង។ នៅ​ក្នុងទឹកសមុទ្រ សារធាតុ​សាមញ្ញៗមួយ​ចំនួន រួមមាន​ អ៊ីដ្រូសែន​ដែល​ជា​សារធាតុ​ដើម​កើតចេញ​ពី​ក្រោយ Big Bang​ បូករួម​ជាមួយ​នឹង​​សារធាតុផ្សេងទៀត​ដែល​កើត​ចេញ​ពី​ផ្កាយ រួមមាន​ដូចជា អុកស៊ីសែន កាបោន និង​នីត្រូសែន ព្រមទាំង​សារធាតុ​ខ្លះទៀត ដែល​​ធ្លាក់​មក​លើ​ភពផែនដី​ជាមួយ​នឹង​អាចមន៍ផ្កាយ បាន​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​ធាតុផ្សំ​ដ៏សំខាន់ៗ សម្រាប់​ការ​កកើត​នៃ​ជីវិត ហើយ​ជីវិត​ដែល​ចាប់ផ្តើម​ឡើង​ជា​ដំបូង​នៅ​ពេលនោះ មិនមែន​ជា​ជីវិត​ក្នុងទម្រង់​សាំញ៉ាំ ដូចជា មនុស្ស សត្វ ឬ​រុក្ខជាតិ​នោះទេ ក៏ប៉ុន្តែ ​ជា​ប្រភេទ​​ជីវិត​ក្នុង​ទម្រង់​ដ៏​សាមញ្ញ ដែល​មាន​កោសិកា​ទោល គឺ​ប្រភេទ​បាក់តេរី។ នៅ​ក្នុង​ចំណោម​បាក់តេរី​អស់ទាំងនោះ មាន​បាក់តេរី​មួយ​ប្រភេទ (Cyanobactérie) រស់នៅ​ដោយ​ប្រើ​​ពន្លឺព្រះអាទិត្យ​​ដើម្បី​​ស្រូបយក​​​ឧស្ម័នកាបូនិក​​ទៅ​បំផ្លែង​​ជា​សារធាតុគីមី ដើម្បី​ចិញ្ចឹមជីវិត នៅ​ក្នុង​យន្តការ​មួយ ដែល​គេ​ឲ្យឈ្មោះថា “រស្មីសំយោគ” (Photosynthèse) ហើយ​នៅ​ក្នុង​យន្តការ​រស្មីសំយោគនេះ វាបញ្ចេញ​មក​វិញ​​នូវ​កាកសំណល់​ដ៏សំខាន់​មួយ​ ដែល​ដើរតួនាទី​ដ៏​ចម្បង នៅ​ក្នុង​ដំណើរវិវឌ្ឍ​នៃ​ភពផែនដី គឺ​អុកស៊ីសែន។ ពីដំបូង សារធាតុ​អុកស៊ីសែន ដែល​ជា​កាកសំណល់​​បញ្ចេញ​ពី​រស្មីសំយោគ​ដោយ​បាក់តេរីនេះ ត្រូវ​រីកសាយភាយ​នៅ​ក្នុង​ទឹកសមុទ្រ ហើយ​ទឹកសមុទ្រ​នៅ​ពេលនោះ​​​មាន​ពេញ​ទៅដោយ​អាតូម​នៃ​សារធាតុដែក ដែល​កើតឡើង​តាំង​ពី​រាប់លាន​ឆ្នាំមុន នៅ​ពេល​ដែល​ផ្កាយ​ត្រូវ​អស់ជីវិត ហើយ​ត្រូវ​ផ្ទុះ នៅ​ក្នុងហេតុការណ៍ ដែល​គេ​ឲ្យឈ្មោះ​ថា “Supernova”។ នៅពេល​ដែលសារធាតុ​ដែក​នេះ​ជួប​នឹង​អុកស៊ីសែន វា​បង្កើត​ទៅជា​ដែកអុកស៊ីត (​ច្រែះដែក) ដែល​ធ្លាក់ចុះ​ទៅ​ប្រមូលផ្តុំគ្នា​នៅ​ឯ​បាតសមុទ្រ ហើយ​ដែល​នៅ​ក្នុងរយៈពេល​រាប់ពាន់​លាន​ឆ្នាំក្រោយ​មក​ទៀត វា​បាន​ក្លាយ​ទៅ​ជា​រ៉ែដែក ដែល​មនុស្ស​ជាតិ​យើង​ទាញ​យក​មក​ធ្វើ​ជា​សារធាតុ​ដ៏​ចម្បងមួយ សម្រាប់​​ផលិត​ឧបករណ៍​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏ដូចជា​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ ក្រោយៗមកទៀត នៅពេល​ដែល​អាតូម​ដែក​នៅ​ក្នុង​​ទឹកសមុទ្រ​មាន​កាន់តែតិច​ទៅ បរិមាណ​អុកស៊ីសែន​ដែល​បញ្ចេញ​ពី​រស្មីសំយោគ​ដោយ​បាក់តេរី​ទៅ​ក្នុង​ទឹកសមុទ្រ​​​មាន​កាន់តែ​ច្រើន​លើសលុប ក៏​ត្រូវ​បំភាយចេញ​ទៅ​ក្នុង​បរិយាកាស។ បន្តិចម្តងៗ នៅ​ក្នុងរយៈពេល​ប្រមាណ​ជា​ពីរពាន់លាន​ឆ្នាំក្រោយ​មក​ទៀត ទឹកសមុទ្រ ព្រមទាំង​ខ្យល់​ក្នុង​បរិយាកាស​នៃ​ភពផែនដី​របស់​យើង​ត្រូវ​គ្របដណ្តប់​ទៅដោយ​អុកស៊ីសែន... ម៉ូលេគុល​អុកស៊ីសែន​នៅ​ក្នុង​ខ្យល់​បាន​ធ្វើ​ឲ្យ​ផ្ទៃមេឃ​​ត្រូវ​ប្រែពណ៌​ទៅ​ជា​ខៀវ ដូចគ្នា​ដែរ​ចំពោះ​ផ្ទៃសមុទ្រ​ដែល​ទទួល​ពន្លឺ​ពី​បរិយាកាស។ កាល​ពី​៧៥០លានឆ្នាំ​មុន ដីគោក​នៅលើ​ភពផែនដី​របស់​យើង​ប្រមូលផ្តុំគ្នា​នៅកន្លែងតែមួយ បង្កើត​ទៅជា​ទ្វីបដ៏ធំ​តែមួយគត់ ដែល​គេ​ឲ្យឈ្មោះ​ថា “មហាទ្វីបរ៉ូឌីញ៉ា” (Rodinia)។ ក៏ប៉ុន្តែ នៅពេលមួយ ឥទ្ធិពល​នៃ​កម្លាំង​ដែល​ចេញ​ពី​កម្តៅនៃ​ស្នូល​របស់​ផែនដី​បាន​ធ្វើ​ឲ្យ​​មហាទ្វីបនេះ​ត្រូវ​ប្រេះបែក​ចេញ​ពី​គ្នា​បន្តិចម្តងៗ (មួយឆ្នាំ២-៣សង់ទីម៉ែត្រ) រហូត​​បង្កើត​ទៅ​​ជា​ទ្វីបតូចៗ​ដាច់ចេញ​ពី​គ្នា។ ​ការប្រេះបែក​មហាទ្វីប​រ៉ូឌីញ៉ា​នេះ​បាន​បង្កើត​ឲ្យ​មាន​ហេតុការណ៍​ដ៏សំខាន់ពីរ ដែល​នាំ​មក​នូវ​ការ​ប្រែប្រួល​ដ៏​ធំមួយ​ដល់​ភពផែនដី​យើង​ទាំងមូល។ ចលនានៃ​ផ្លាកតិចតូនិក ដែល​នាំ​ឲ្យ​​ប្រេះបែក​មហាទ្វីបរ៉ូឌីញ៉ា​នេះ​ បាន​បង្ក​ឲ្យ​មាន​នូវ​ហេតុ​ការណ៍​​ផ្ទុះភ្នំភ្លើង​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំងភពផែនដី ហើយ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​​​បាន​បញ្ចេញ​នូវ​​ឧស្ម័ន​កាបូនិក​យ៉ាងច្រើន​ទៅ​ក្នុង​បរិយាកាស។ នៅ​ក្នុង​បរិយាកាស ឧស្ម័នកាបូនិក​លាយឡំ​ជាមួយ​នឹង​ចំហាយទឹក បង្កើត​ទៅ​ជា​ភ្លៀងអាស៊ីត​ធ្លាក់​ចុះ​មក​លើ​ដីវិញ។ តាមធម្មតា នៅពេល​ដែល​ភ្លៀង​អាស៊ីត​នេះ​ធ្លាក់​ចុះ​មក​ដល់​ដី វា​ត្រូវ​ហួត ហើយ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ត្រឡប់​ទៅ​ក្នុង​បរិយាកាស​វិញ។ ក៏ប៉ុន្តែ ការប្រេះបែក​មហាទ្វីបរ៉ូឌីញ៉ា​បាន​ធ្វើ​ឲ្យ​ដុំថ្ម​ជាច្រើន ដែល​កាល​ពីមុន​កប់​នៅ​ក្រោម​ដី​ត្រូវ​ចេញ​មក​ខាងក្រៅ ហើយ​នៅ​ពេល​ដែល​ភ្លៀង​អាស៊ីត​ធ្លាក់មក​លើ​ដី​ប៉ះ​នឹង​ថ្ម​ ថ្មទាំងនេះ​ក៏​ស្រូប​យក​ទឹក​ភ្លៀង​ បូករួម​ទាំង​​ឧស្ម័ន​កាបូនិក​​ផង​​មិន​ឲ្យ​ភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស​វិញ។ ភ្លៀង​ចេះតែ​បន្ត​ធ្លាក់ ហើយ​ថ្ម​ចេះតែ​បន្ត​ស្រូប​យក... បន្តិចម្តងៗ បរិមាណ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​​ក៏​មាន​កាន់តែ​តិចទៅៗ។ ​ឧស្ម័ន​កាបូនិក​ គឺ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​មាន​តួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការ​​ទប់ពន្លឺ​​​និងកម្តៅ​ពី​ព្រះអាទិត្យ​ឲ្យ​នៅ​ក្នុង​បរិយាកាស ហើយ​រក្សា​កម្តៅ​នៅ​លើ​ភពផែនដី។ ដូច្នេះ នៅពេល​ដែល​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​មាន​កាន់តែ​តិចទៅៗ ​សីតុណ្ហភាព​ទូទៅលើ​ភពផែនដី​ក៏​ត្រូវ​ធ្លាក់ចុះ​ត្រជាក់​ទៅតាម​នោះដែរ។ ​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ពាន់ឆ្នាំ សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី​ទាំងមូល​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ -៥០អង្សារ ហើយ​តំបន់​ទឹកកក​ក៏​ចាប់ផ្តើម​រីកសាយភាយ​ចេញ​ពី​តំបន់​ប៉ូល​ទាំងពីរ សំដៅ​ទៅកាន់​តំបន់​អេក្វាទ័រ។ តំបន់​ទឹកកក​លាតសន្ធឹង​កាន់តែធំ​ វា​ធ្វើ​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ត្រូវ​​ចាំង​ផ្លាត​ចេញ​​ពី​ភពផែនដី​កាន់តែ​ខ្លាំង ហើយ​អាកាសធាតុ​ក៏​កាន់​តែ​ធ្លាក់​ចុះ​ត្រជាក់​ខ្លាំង បង្កើត​ឲ្យ​មាន​ទឹកកក​កាន់តែ​ច្រើន... រហូត​ដល់​ពេល​មួយ ផ្ទាំង​ទឹកកក​ក៏​បានរីកសាយភាយ​ទៅដល់​គ្រប់​ទីកន្លែង រហូត​ត្រូវ​​គ្របដណ្តប់​នៅ​ពាសពេញ​ភព​ផែនដី​ទាំងមូល។ ភពផែនដី​យើង​ ដែល​កាល​ពី​ពេល​ទើប​នឹង​កកើតឡើង​ដំបូង គឺ​ជា​ភព​នៃ​សមុទ្រ​ភ្លើង ក៏​ត្រូវ​ប្រែក្លាយ​ទៅ​ជា​ភព​នៃ​សមុទ្រ​ទឹកកក (គេច្រើន​ហៅ​តាមភាសា​អង់គ្លេស​ថា “Snowball Earth”) ហើយ​​យុគសម័យទឹកកក​នោះ​​បាន​អូសបន្លាយ​ពេល​​​រហូតដល់​ទៅ​រាប់​​សិបលាន​ឆ្នាំ៕
Mar 04, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ការកកើត​ភពផែនដី
00:10:47
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការចាប់កំណើត​នៃ​ភពផែនដីរបស់​យើង។ (មានវីដេអូនៅខាងក្រោម) កាលពី ៤៥០០លានឆ្នាំមុន នៅក្រោយ​ពេល​ដែល​សារធាតុ​​ប្រមាណ​ជា ៩៩,៩% នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​បាន​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​ព្រះអាទិត្យ​ សារធាតុ​ប្រមាណ​ជា ០,១% ដែល​នៅ​សេសសល់ ហើយ​ដែល​ស្ថិត​នៅ​ជុំវិញ​ព្រះអាទិត្យ ក៏​បាន​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ បង្កើត​ទៅ​ជា​ភព ដោយ​ក្នុង​ចំណោម​នោះក៏​មាន​ភពផែនដី​របស់​យើង​មួយ​ផងដែរ ដែល​ជា​ភព​ទីបី​រាប់ពី​ព្រះអាទិត្យ។ គេ​អាច​និយាយ​បាន​ថា អ្វីៗ​កើតឡើង​ចេញ​ពី​ល្អងធូលី​ដ៏តូចល្អិត ដែល​ស្ថិត​នៅ​វិលវល់​ជុំវិញ​ព្រះអាទិត្យ។ ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ ល្អងធូលី​ដូចតូចល្អិត​នេះ​បាន​ប្រមូល​ផ្តុំគ្នា​ ពីដំបូង​ជា​ដុំថ្ម​តូចៗ រួចហើយ​​​ដុំថ្មតូចៗ​ទាំងនេះ​ប្រមូលផ្តុំគ្នា​ទៅ​ជា​បំណែក​កាន់តែ​ធំឡើង​បន្តិចម្តងៗ រហូតដល់​រាប់លាន​ឆ្នាំក្រោយ​មក ក៏​​មាន​ម៉ាស់​និង​កម្លាំងទំនាញ​​គ្រប់គ្រាន់ បង្កើត​ទៅ​ដុំ​​​មាន​រាង​ជា​ស្វ៊ែរ ហើយ​ដែល​គេ​អាច​ហៅថា​ជា​ភព។ ភពផែនដី​ដែល​ទើប​នឹង​ចាប់កំណើត​ឡើង​ដំបូង​នោះ ត្រូវ​រង​នូវ​​ការ​ប៉ះទង្គិច​ជាប់​ជា​ប្រចាំ ​ជាមួយ​នឹង​​បំណែក​អាចម៍ផ្កាយ ឬ​ផ្កាយ​ដុះកន្ទុយ ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ក្បែរគ្នា ហើយ​ការ​ប៉ះទង្គិចគ្នា​នោះ​​បាន​​​ធ្វើ​ឲ្យ​ផែនដី​អាច​ប្រមូលផ្តុំ​ធាតុផ្សំ​បាន​កាន់តែ​ច្រើន​ឡើង ហើយ​​ទំហំ​ក៏​កាន់តែ​រីក​ធំឡើងទៅតាម​នោះ​ផងដែរ។​ ក៏ប៉ុន្តែ នៅ​ពេលនោះ ផែនដី​របស់​យើង​មិនមែន​ប៉ះទង្គិច​តែ​ជាមួយ​នឹង​បំណែក​អាចម៍ផ្កាយ ឬ​ផ្កាយ​ដុះ​កន្ទុយ​នោះទេ តែ​មាន​ការ​ប៉ះទង្គិច​ដ៏​អស្ចារ្យ​​មួយ​ទៀត ដែល​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​សំខាន់​បំផុត​ដល់​ភពផែនដី និង​មនុស្សជាតិ​យើង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ប្រមាណ​ជា ១០០លាន​ឆ្នាំ​ក្រោយ​ការ​ចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ នៅ​ពេល​ដែល​ផែនដី​​បាន​​កើន​ទំហំ​ជិត​ប៉ុន​នឹង​សព្វថ្ងៃ​ កូនភព​តូចមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “តេយ៉ា” (Theia) មាន​ទំហំ​ប៉ុន​ភព​អង្គារ (​ប្រហែល​ពាក់​កណ្តាល​នៃ​ភពផែនដី) ​បាន​ហោះ​មក​បុក​នឹងភពផែនដី។ កម្លាំង​ទង្គិច​បាន​ធ្វើ​ឲ្យ​ភព​ទាំងពីរ​ត្រូវ​រលាយ​ចូល​គ្នា ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ដោយសារ​តែ​ការ​ទង្គិច​គ្នា​នេះ​កើតឡើង​​ក្នុងទិសដៅ​​បញ្ឆិត ដូច្នេះ ផ្នែកខ្លះ​នៃ​កូនភព​តេយ៉ា ព្រមទាំង​ផ្នែក​ខ្លះ​នៃ​ផែនដី ត្រូវ​ខ្ទាត​ចេញ​ទៅ​​ក្នុង​ទីអវកាស ហើយ​ក្លាយ​ទៅ​ជា​បំណែក​ខ្លះ​តូចខ្លះ​ធំ ស្ថិត​នៅវិល​​ជុំវិញ​ភពផែនដី។ បំណែក​អស់ទាំងនេះហើយ ដែល​ក្រោយ​មកបាន​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ ​បង្កើត​បាន​ទៅ​ជា​ព្រះចន្ទ ដែល​វិលជុំវិញ​ភពផែនដី​របស់​យើង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ ឥទ្ធិពល​នៃ​កម្លាំង​ទង្គិច​នៅពេលនោះ ​បាន​ធ្វើ​ឲ្យ​អ័ក្សផែនដី ពោលគឺ អ័ក្ស​នៃ​ចលនា​វិលជុំវិញ​ខ្លួនឯង​របស់​ភពផែនដី​ត្រូវ​ទ្រេត​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ ហើយ​ភាព​ទ្រេត​នៃ​អ័ក្សផែនដី​នេះ​ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ ដែល​​​ធ្វើ​ឲ្យ​ផែនដី​របស់​យើង​​មាន​អាកាសធាតុ ដែល​ចែកចេញ​ជា​រដូវកាល​យ៉ាងទៀងទាត់។ លើសពីនេះទៅទៀត វត្តមាន​របស់​ព្រះចន្ទ នៅ​​វិល​ជុំវិញ​ភពផែនដី ហើយ​ដែល​មាន​ទំហំ​រហូតដល់​ទៅ​ជិត ៣០% នៃ​ទំហំ​ផែនដី​ បាន​បង្កើត​ឲ្យ​មាន​ជា​តុល្យភាព​នៃ​កម្លាំង​ទំនាញ​មួយ ដែល​ជួយ​ឲ្យ​​អ័ក្សផែនដី​របស់​យើង​​​​មាន​លំនឹង ដែល​ជា​កត្តា​ដ៏​ចម្បងមួយធ្វើ​ឲ្យ​អាកាសធាតុ​នៅលើ​ភពផែនដី​មាន​លំនឹង មិនសូវ​ប្រែប្រួល​ខ្លាំង ដែល​ជាកត្តា​ដ៏សំខាន់​ សម្រាប់​ការវិវឌ្ឍ​នៃ​ជីវិត។ ព្រះចន្ទ​ក៏​បាន​ជួយ​​ឲ្យ​ចលនា​វិលជុំវិញ​ខ្លួនឯង​របស់​ផែនដី​ត្រូវ​បន្ថយ​ល្បឿន​ផងដែរ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ថ្ងៃ​​នៅលើ​ភពផែនដី​មាន​រយៈពេល​កាន់តែ​វែង ពោលគឺ មួយថ្ងៃ​ ដែល​ពីមុន​មាន​ត្រឹមតែ ៦ម៉ោង ​ត្រូវ​អូសបន្លាយ​ពេល​បន្តិចម្តងៗ​ រហូត​កើនឡើង​​ដល់ ២៤ម៉ោង ដូចជា​​ពេល​បច្ចុប្បន្ន​នេះ។ កាល​ពី​ដើមដំបូងឡើយ នៅ​ពេល​ដែល​ផែនដី​ទើប​នឹង​កកើត​ជា​រូបរាងឡើង ការប៉ះទង្គិច​ជាមួយ​កូនភព​តេយ៉ា ក៏ដូចជា​ការ​ប៉ះទង្គិច​ស្ទើរជាប់​ជា​ប្រចាំ​ជាមួយ​បំណែក​តូចធំ​ជាច្រើន​ផ្សេងទៀត បាន​​ធ្វើ​ឲ្យ​ផែនដី​មាន​សីតុណ្ហភាព​ក្តៅខ្លាំង គឺ​ក្តៅ​រហូតដល់​ទៅ​ប្រមាណ​ជាង ១០០០អង្សា​ ដែល​​ធ្វើ​ឲ្យ​គ្រប់​អ្វីៗ​ទាំងអស់​ត្រូវ​រលាយ​ទៅ​ជា​សារធាតុ​រាវ ប្រៀបដូច​ជា​កម្អែ​ភ្នំភ្លើង។ គេ​អាច​និយាយ​បាន​ថា ភពផែនដី​របស់​យើង​នៅ​ពេលនោះ​​ត្រូវ​គ្របដណ្តប់​​ទៅដោយ​មហាសមុទ្រ​គ្រប់កន្លែង គ្រាន់តែ​សមុទ្រ​នោះ​​មិនមែន​ជា​សមុទ្រទឹក តែ​ជា​មហាសមុទ្រ​នៃ​កម្អែភ្នំភ្លើង... ហើយ​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ សារធាតុដែក និង​នីកែល ព្រមទាំង​​សារធាតុ​ផ្សេងទៀត​ដែល​មានដង់ស៊ីតេខ្ពស់ និង​​ទម្ងន់ធ្ងន់ ​ត្រូវ​ធ្លាក់​ចុះ​ទៅ​ខាងក្រោម ចំណែក​ឯ​សារធាតុ​ស្រាលៗ​ស្ថិត​នៅ​ស្រទាប់​ខាងលើ។ ក្រោយមក​ទៀត នៅ​ពេល​ដែល​បំណែក​ភាគច្រើន​ដែល​នៅលើ​គន្លង​ជាមួយគ្នា​បាន​ប៉ះទង្គិច​ ហើយ​រលាយ​ចូលគ្នា​ជាមួយ​នឹង​ភពផែនដី ហេតុការណ៍​ប៉ះទង្គិច​គ្នា​ក៏កើត​មាន​កាន់តែតិច​ទៅៗ ហើយ​សីតុណ្ហភាព​លើ​ភពផែនដី​ក៏​ចាប់ផ្តើម​ថយចុះ។ ដល់​ពេលមួយ​ ស្រទាប់​ខាងលើ​នៃ​ភពផែនដី​ក៏​ចាប់ផ្តើម​កករឹង​ទៅជា​​ផ្នែក​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "សម្បកផែនដី" ចំណែក​ឯ​សារធាតុដែក​និង​នីកែល​ដែល​ធ្លាក់​ចុះ​ទៅ​ខាងក្រោម ក៏​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​ “ស្នូលផែនដី”។ ស្នូលផែនដី​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែក​នេះហើយ​​ ដែល​​បង្កើត​ឲ្យ​មាន​ជា​ដែន​ម៉ាញេទិក នៅ​​ជុំវិញ​ភពផែនដី ហើយ​ជា​របាំង​​ជួយ​ការពារ​ផែនដី​​ពី​កម្លាំងខ្យល់​ពី​ព្រះអាទិត្យ (Solar Wind) ក៏ដូចជា​សារធាតុ​វិទ្យុសកម្ម​ផ្សេងទៀត​មក​ពី​ទីអវកាស ដែល​នេះ​គឺ​​ជា​កត្តា​ដ៏​ចម្បងមួយ សម្រាប់​​ការ​កកើត​ជីវិត នៅ​ពេល​ក្រោយ​មក​ទៀត។ ក៏ប៉ុន្តែ មុននឹង​ជីវិត​អាច​កកើតឡើង​បាន​នៅលើ​ភពផែនដី គេ​ត្រូវការ​នូវ​ធាតុផ្សំ​ដ៏​ចម្បងមួយ គឺ​ទឹក។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​ដឹង​ថា ផ្ទៃ​នៃ​ភពផែនដី​រហូតដល់​ទៅ​ជាង ៧០% ត្រូវ​គ្រប​ដណ្តប់​ទៅដោយ​ទឹកសមុទ្រ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​ទឹក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​មាន​ប្រភព​ដើម​ចេញ​មក​ពីណា? ជាទូទៅ ប្រភព​ដើម​នៃ​ទឹក​លើ​ភពផែនដី គឺ​ជា​អាថ៌កំបាំង ដែល​តែងតែ​ជា​ប្រធានបទ​នៃ​ការ​ជជែក​ដេញដោលគ្នា​ រវាង​អ្ន​កវិទ្យាសាស្រ្ត ហើយ​ការ​យល់ដឹង​​ទៅលើ​ចំណុច​នេះ​ក៏តែងតែ​មាន​ការ​វិវឌ្ឍ​ជាច្រើន​ដំណាក់កាល​ផងដែរ។ ក៏ប៉ុន្តែ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បង្អស់ អ្នក​វិទ្យាសាស្រ្ត​បាន​កំណត់​ថា ប្រភព​នៃ​ម៉ូលេគុល​ទឹក (H2O) ដើម​ដំបូង​លើ​ភពផែនដី ត្រូវ​ចែកចេញ​ជា​ពីរផ្នែក។ មួយផ្នែក គឺ​មាន​ប្រភព​ចេញ​ពី​ធាតុផ្សំ​ដើម​ដំបូង​​របស់​ភពផែនដី ពោលគឺ ម៉ូលេគុលទឹក​ស្ថិត​នៅ​ក្នុង​​​បំណែក​តូចធំ​ទាំងឡាយ ដែល​ប្រមូលផ្តុំគ្នា​​បង្កើត​ជា​ភពផែនដី។ ម៉ូលេគុលទឹក​មួយ​ផ្នែក​ទៀត មាន​ប្រភព​ចេញ​ពី​អាចម៍ផ្កាយ (Asteroid) ឬ​ផ្កាយដុះកន្ទុយ (Comet) ដែល​ធ្លាក់​មក​លើ​ផែនដី​ នៅ​ពេល​ក្រោយៗ​មកទៀត។ ក៏ប៉ុន្តែ កាល​ពី​ដំបូងឡើយ ដោយសារ​តែ​​ផែនដី​មាន​សីតុណ្ហភាព​ក្តៅខ្លាំងពេក​ ម៉ូលេគុល​ទឹក​​អស់ទាំងនេះមិនអាច​ស្ថិត​នៅ​ជា​សភាពរាវ នៅលើ​ផ្ទៃដី​បាន​នោះទេ ផ្ទុយ​ទៅវិញ ​វា​ត្រូវ​ប្រមូលផ្តុំគ្នា​ជា​ចំហាយទឹក ស្ថិតនៅ​ពាសពេញ​ក្នុង​បរិយាកាសនៃ​ភពផែនដី។ រហូត​ទាល់តែ​ដល់​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាបល្មម ទើប​ចំហាយទឹក​នេះ​ប្រមូលផ្តុំគ្នា​ទៅ​ជា​ពពក រួចហើយ​បង្កើត​បាន​ជា​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផ្ទៃដី ហើយ​បន្តិចម្តងៗ ទឹកភ្លៀង​ទាំងនេះ​បាន​ប្រមូលផ្តុំគ្នា​លើ​ផ្ទៃដី ដំបូង​​បង្កើត​បាន​ជា​ថ្លុក ត្រពាំង បឹងបួរ ហើយ​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​ក្រោយ​មក​ទៀត បរិមាណទឹក​នៅលើ​ផ្ទៃដី​ក៏​កើនឡើង​កាន់តែ​ខ្លាំង ហើយ ​រីកសាយភាយ​រហូត​បង្កើត​បាន​ទៅ​ជា​មហាសមុទ្រ។ គិតត្រឹម​ប្រមាណ​ជា ៣៨០០លាន​ឆ្នាំមុន ពោលគឺ ប្រមាណ​ជា ៧០០លានឆ្នាំ​ក្រោយ​ការ​ចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ផែនដី​របស់​យើង​បាន​ចាប់កំណើតឡើង​​ទៅជា​ភពមួយ ដែល​មាន​ “ស្នូល” និង​​ដែន​ម៉ាញេទិក, មាន​ព្រះចន្ទ និង​មាន​ចលនា​វិលជុំវិញ​អ័ក្ស​ប្រកប​ដោយ​លំនឹង ព្រមទាំង​​​មាន​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​ល្មម ដែល​អាច​ឲ្យ​ទឹក​អាច​ស្ថិត​នៅ​ជា​សភាព​រាវ ហើយ​​ប្រមូលផ្តុំគ្នា​ជា​មហាសមុទ្រ​នៅលើ​ផ្ទៃដី​ជាប់​ជា​ប្រចាំ។ ក្នុងពេល​ជាមួយគ្នា ថាមពល​នៃ​កម្តៅ​ក្នុង​ស្នូលផែនដី​បាន​រុញដី​បាតសមុទ្រ​ឲ្យ​ប៉ោងឡើង​បង្កើត​ទៅជា​ភ្នំភ្លើង និង​​ជា​កូនកោះតូចៗ ដែល​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ​ទៅ​ជា​ដីគោក និង​​​​រាប់​រយលាន​ឆ្នាំ​​ក្រោយៗ​មក​ទៀត ​បង្កើត​បានទៅ​ជា​ទ្វីប៕
Feb 22, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - ការចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ
00:08:57
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង អំពី​ការ​ចាប់កំណើត​នៃ​ព្រះអាទិត្យ ព្រមទាំង​ភព នៅ​ក្នុង​​​ប្រព័ន្ធព្រះអាទិត្យរបស់​យើង។ (មានវីដេអូនៅខាងក្រោម) នៅ​​ពេល​យប់ ក្នុងចន្លោះ​ពី​ខែ​មេសា ដល់​ខែ​តុលា នៅតាម​បណ្តា​ប្រទេស​នៅ​អឌ្ឍគោលខាងជើង ដូចជា​ប្រទេស​កម្ពុជា​ជាដើម អ្នក​ដែល​នៅ​​ជនបទ ឆ្ងាយ​ពី​ភាព​រំខាន​នៃ​ពន្លឺ​ទីក្រុង អាច​នឹង​មើលឃើញ​ពន្លឺផ្កាយ​ដ៏ចម្លែក ដែល​មាន​ទម្រង់​ដូចជា​ពពក​រាង​វែង​ពុះកាត់​ផ្ទៃមេឃ​​ជាពីរ។ នេះ​មិនមែន​ជា​ផ្កាយ​នោះទេ តែ​ជា​បណ្តុំផ្កាយ ឬ​​កាឡាក់ស៊ី ឈ្មោះ “​មីលគីវេ” (Milky Way) ដែល​មាន​ទំហំ​រហូតដល់​ទៅ​ប្រមាណ​ជា ១០ម៉ឺន​ឆ្នាំ​ពន្លឺ ហើយ​មាន​ផ្កាយ​រហូតដល់​ទៅ​ប្រមាណ​ពី ២០០ ទៅ ៤០០ពាន់លាន ដោយ​ក្នុងនោះ ក៏​មាន​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​​មួយ​ផងដែរ។ កាលពី​ ៤៥០០លាន​ឆ្នាំមុន នៅ​ក្នុង​តំបន់​មួយ ចម្ងាយ​ប្រមាណ​ជា​ជិត ៣ម៉ឺន​ឆ្នាំ​ពន្លឺ (​ក្នុងច​ន្លោះ​ពី ២៦០០ ទៅ ២៨០០ឆ្នាំពន្លឺ) ពី​ចំណុច​កណ្តាល​នៃ​កាឡាក់ស៊ី​មីលគីវេ សារធាតុ​ចម្រុះ ដែល​មាន​ទម្រង់​ជា​ល្អងធូលី​ដ៏​តូចល្អិត​នៅឡើយ ប្រមូលផ្តុំគ្នា​​នៅ​កន្លែងតែមួយ​ប្រៀបដូចជា​ពពក ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ណេប៊ុយឡា” (Nebula/Nébuleuse)។ នៅ​ពេលមួយ ផ្កាយ​ដែល​នៅ​ក្បែរនោះ​បាន​ផ្ទុះ​ជា​ស៊ូពើណូវ៉ា (Supernova) ហើយ​​កម្លាំងសម្ពាធ​ដែល​កើតចេញ​ការ​ផ្ទុះនេះ​បាន​រុញច្រាន​សារធាតុ​​ដែល​នៅ​ក្នុង​ណេប៊ុយឡាទាំងនោះ​ឲ្យ​ហាប់ចូ​លគ្នា។​ ចាប់ពីពេលនោះមក ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ សារធាតុ​ដែល​ស្ថិត​នៅ​តំបន់​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​ជាងគេ មាន​កម្លាំង​ទំនាញ​ខ្លាំង​ជាងគេ ក៏​បាន​ស្រូប​យក​សារធាតុ​ផ្សេងៗ​ទៀត​ដែល​នៅ​ជុំវិញ​នោះ ហើយ​ប្រមូលផ្តុំគ្នា​ជា​ដុំស្វ៊ែរ​ឧស្ម័ន ដែល​មាន​ទំហំ​​កាន់តែ​ធំឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ដល់​ពេលមួយ​​មាន​ម៉ាស់​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ស្នូល​ខាងក្នុង ហើយ​បង្កើត​បាន​ជា​ផ្កាយ ដែល​យើង​ឲ្យ​ឈ្មោះ​ថា “ព្រះអាទិត្យ”។ ព្រះអាទិត្យ​គឺ​​ជា​ប្រភេទ​ “កូនផ្កាយលឿង” ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Yellow Dwarf »... ជា​ប្រភេទ​ផ្កាយ​ដែល​មាន​​​ទំហំ​មធ្យម បើ​ធៀប​នឹង​ផ្កាយ​ផ្សេងទៀត​នៅ​ក្នុង​ចក្រវាល ក៏ប៉ុន្តែ បើ​គិត​ត្រឹមតែ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នេះ ព្រះអាទិត្យ​មាន​ម៉ាស់​រហូតដល់​ទៅ​ជិត ៩៩,៩% (៩៩,៨៥%) នៃ​ម៉ាស់សរុប​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល ពោលគឺ សារធាតុ​ស្ទើរតែ​ទាំងអស់​​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង​នេះ​​ត្រូវ​ប្រមូលផ្តុំគ្នា​នៅ​ក្នុង​​ព្រះអាទិត្យតែមួយ។ សារធាតុ​ប្រមាណ​ជា ០,១% ដែល​នៅ​សេសសល់​ពី​ការ​បង្កើត​ព្រះអាទិត្យ បន្ត​ស្ថិត​នៅ​រាយប៉ាយ​វិល​ជា​រង្វង់​​ជុំវិញ​ព្រះអាទិត្យ ដោយ​ក្នុង​ចំណោម​នោះ សារធាតុ​មួយផ្នែក​ធំ ​ដែលជា​ប្រភេទ​ឧស្ម័ន ដែល​មាន​ម៉ាស់​ស្រាលៗ រួមមាន​ដូចជា អ៊ីដ្រូសែន និង​អេលីយ៉ូម ជាដើម ​ត្រូវ​កម្លាំង​ខ្យល់​នៃ​ព្រះអាទិត្យ (Solar Wind) រុញច្រាន​ឲ្យ​​​​ចេញ​ទៅ​ប៉ែក​​ខាងក្រៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ ចំណែក​ឯ​នៅ​ប៉ែក​ខាង​ក្នុង​ក្បែរ​ព្រះអាទិត្យ គឺ​ភាគច្រើន​​​ជា​សារធាតុ​ដែល​មាន​ម៉ាស់​ធ្ងន់ៗ។ សារធាតុ​ធ្ងន់ៗ​​ទាំងនេះហើយ ដែល​​ប្រមូលផ្តុំគ្នា បង្កើត​ទៅ​ជា​​ភព ៤ នៅ​ប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ គឺ ​ភព​ពុធ ភព​សុក្រ ភពផែនដី និង​ភព​អង្គារ ដែល​ជា​ប្រភេទ​​ភព​មាន​ធាតុផ្សំ​ជា​សារធាតុ​រឹង ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ភព​ថ្ម” ឬ “ភពដី” (ឬភព​ដែល​មាន​ទម្រង់​ស្រដៀងផែនដី)។ ចំណែក​ឯ​នៅ​ប៉ែក​ខាង​ក្រៅ​ឯណោះវិញ សារធាតុ​ដែល​ជា​ប្រភេទ​ឧស្ម័ន​បាន​ប្រមូលផ្តុំគ្នា​ជា​​ភព ៤ ផ្សេងទៀត រួមមាន​ ភពព្រហស្បតិ៍ ភព​សៅរ៍ ភព​អ៊ុយរ៉ានុស និង​ភព​ណិបទូន ដែល​ជា​ប្រភេទ​ភព​មាន​ធាតុផ្សំ​ជា​ឧស្ម័ន​សុទ្ធសាធដោយ​គ្មាន​ផ្ទៃដី​រឹង ហើយ​ដែល​សុទ្ធតែ​មាន​ទំហំ​យ៉ាង​ធំ​សម្បើម​ បើ​ធៀប​នឹង​ភព​នៅ​ប៉ែក​ខាង​ក្នុង។ ក្រៅ​​ពីបាន​​បង្កើតព្រះអាទិត្យ និង​ភព​ទាំង៨​ហើយ សារធាតុ​មួយ​ផ្នែក​តូច​ដែល​នៅ​សេសសល់​ពីនោះ មួយផ្នែក​ត្រូវ​ប្រមូលផ្តុំ​គ្នា​បង្កើត​ទៅ​ជា​តារារណបធម្មជាតិ​ដែល​វិល​ជុំវិញ​ភព ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ព្រះចន្ទ” ដោយ​ភពខ្លះ​ ដូចជា ភពព្រហស្បតិ៍​ ជាដើម មាន​ព្រះចន្ទ​ច្រើន​​រហូតដល់​ទៅ ៦៧​ ចំណែក​ភពខ្លះ​ទៀត​មាន​ព្រះចន្ទ​តិច ដូចជា​ភព​ផែនដី​របស់​យើង ដែល​មាន​ព្រះច​ន្ទ​តែ​មួយ​ ក្នុងពេល​ដែល​ភព​ពុធ និង​ភព​សុក្រ មិនមាន​ព្រះចន្ទ​ទាល់តែ​សោះ។ សារធាតុ​ដែល​នៅ​សេសសល់​ចុងក្រោយ ខ្លះ​ប្រមូលផ្តុំ​គ្នា​ជា​បំណែក​ធំ​ល្មម​ ក្លាយ​ទៅជា “កូនភព” (Dwarf planet) រីឯ​ខ្លះ​ទៀត​​បាន​ត្រឹម​ជា​បំណែក​តូចៗ​ដែល​នៅ​សេសសល់​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ គឺ​​​អាចម៍ផ្កាយ (Asteroid) និង​ផ្កាយ​ដុះ​កន្ទុយ (Comet)។ ប្រសិនបើ​យើង​​ធ្វើ​ដំណើរ​​ឆ្លងកាត់​ប្រព័ន្ធ​ព្រះអាទិត្យ ចេញ​ពី​ចំណុច​កណ្តាល ឆ្ពោះទៅ​ព្រំដែន​ខាងក្រៅ គេឃើញ​ថា ភព​ពុធ គឺ​ជា​ភព​ដែល​ស្ថិត​នៅ​ជិត​នឹង​ព្រះអាទិត្យ​ជាងគេ បន្ទាប់​មក គឺ​ភពសុក្រ មុននឹង​មក​ដល់​ភព​ផែនដី ហើយ​ចេញ​ពី​ផែនដី ទៅដល់​ភព​អង្គារ ដែល​ជា​ភព​ទី៤ និង​ជា​ភព​ចុងក្រោយ នៅ​ក្នុង​ចំណោម​ភព​ប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។ បន្ទាប់​ពី​ភព​អង្គារ យើង​ត្រូវ​ឆ្លងកាត់​តាម​តំបន់​ដ៏ធំ​មួយ ដែល​មាន​ចម្ងាយ​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​​ពី​ព្រះអាទិត្យ​មកផែនដី... នេះ គឺ “ខ្សែក្រវ៉ាត់​អាចម៍ផ្កាយ” (Asteroid Belt) ដែល​ជា​ទី​ប្រមូលផ្តុំ​​​​អាចមន៍​ផ្កាយ​ភាគច្រើន​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ ឆ្លងផុត​ខ្សែក្រវ៉ាត់​អាចម៍​ផ្កាយ​នេះ គេ​ធ្វើ​ដំណើរ​ទៅដល់​ភព​ព្រហស្បតិ៍ ដែល​ជា​ភព​ធំជាង​គេ​បង្អស់ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ពោលគឺ​ធំជាង​ផែនដី​រហូតដល់​ទៅ ១១ដង។ ចេញ​ពី​ភពព្រហស្បតិ៍ យើង​ទៅ​ដល់​​ភពសៅរ៍ បន្ទាប់​មក គឺ​ភពអ៊ុយរ៉ានុស មុននឹង​ទៅដល់​ភព​ណិបទូន ដែល​ជា​ភព​ទី៨ និង​ជា​ភព​ចុងក្រោយ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។ ក៏ប៉ុន្តែ ព្រំដែន​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​មិន​មែន​បញ្ចប់​តែ​ត្រឹម​នេះទេ។ ចេញ​ពី​ភព​ណិបទូន​ទៅ គឺ​ជា​តំបន់​ដ៏​សែន​ធំ​ល្វឹងល្វឺយ​មួយ​ទៀត ដែល​លាតសន្ធឹង​​ក្នុង​ចម្ងាយ​រហូតដល់​ទៅ ២០ដង នៃ​​​ចម្ងាយ​ពី​ព្រះអាទិត្យ​មក​ផែនដី​ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះថា “ខ្សែក្រវ៉ាត់គុយពែរ” (Kuiper Belt)។ ​ខ្សែក្រវ៉ាត់​គុយពែរ​នេះ​ហើយ ដែល​ជា​ទីប្រមូលផ្តុំ​បំណែក​តូចធំ​ជាច្រើន ដែល​ភាគច្រើន​ជា​ដុំ​ទឹកកក ហើយ​ដែល​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​មក​ប៉ែក​ខាង​ក្នុង​ក្បែរព្រះអាទិត្យ ក៏​ត្រូវ​រលាយ​ទៅ​ជា​ចំហាយ និង​បញ្ចេញ​ជា​ពន្លឺ​យ៉ាងវែងជាប់តាម​​ពី​ខាងក្រោយ ដែល​យើង​ហៅ​ថា "ផ្កាយដុះកន្ទុយ"។​ នៅ​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ​នេះ​ ក៏​មាន​ដែរ កូនភព​ជាច្រើន ជាពិសេស ភ្លុយតុង ដែល​កាល​ពីមុន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​​ជា​ភព​ទី៩ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ក៏ប៉ុន្តែ ត្រូវ​បាន​គេ​ទម្លាក់​តំណែង​មក​នៅ​ត្រឹម​កូនភព​វិញ កាលពី​ឆ្នាំ​២០០៦។ ចេញ​ពី​ខ្សែក្រវ៉ាត់គុយពែរ​ទៅ គឺ​ជា​ស្រទាប់​ចុងក្រោយ ដែល​មាន​រាង​ជា​ស៊្វែរ​ហ៊ុំព័ទ្ធ​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ... នេះ គឺ​ជា​តំបន់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អួតខ្លោវដ៍” (Oort Cloud) ហើយ​ជា​ព្រំដែន​ខាង​ក្រៅបង្អស់​នៃ​ប្រព័ន្ធព្រះអាទិត្យ។ គិត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មាន​យានតែ​ពីរ​គត់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ដែល​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ដល់​ព្រំដែន​ខាងក្រៅ​បំផុត​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​បាន គឺ​យាន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Voyageur។ យាន​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ តាំង​ពី​ឆ្នាំ​១៩៧៧ ហើយ​ធ្វើ​ដំណើរ​ក្នុងល្បឿន​រហូតដល់​ទៅជាង ៥ម៉ឺនគីឡូម៉ែត្រ​ក្នុងមួយម៉ោង (ជាង ១៥គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី) ពោលគឺ​លឿន​ជាង​យន្តហោះ​ដឹកអ្នក​ដំណើរ​រហូតដល់​ទៅ​ប្រមាណ​ជា ៦០ដង ហើយ​លឿន​ជាង​ល្បឿន​គ្រាប់កាំភ្លើង​ដល់​ទៅ​ជាង ៣០ដង។ ក៏ប៉ុន្តែ បើទោះបីជា​មាន​ល្បឿន​ដ៏​លឿន​បែបនេះ​ក៏ដោយ យាន​ទាំងពីរ​នេះ​បាន​ចំណាយ​ពេល​រហូតដល់​ទៅ ៤០ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​ចេញ​ទៅដល់​ផ្នែក​ខាងក្រៅ​បំផុត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​បាន។ ចេញ​ផុត​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ទៅ គឺ​ជា​ដែន​អវកាស ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Interstellar” គឺ​លំហអវកាស ដែល​ស្ថិត​នៅ​ចន្លោះ​ពី​​​ប្រព័ន្ធផ្កាយមួយ ទៅ​​ប្រព័ន្ធផ្កាយ​មួយទៀត។ ផ្កាយ​ដែល​ស្ថិត​នៅ​ជិត​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​ជាងគេ គឺ​ប្រព័ន្ធផ្កាយ​ឈ្មោះ “អាល់ហ្វាសិនថូរី” (Alpha Centauri) ដែល​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​ជាង ៤ឆ្នាំ​ពន្លឺ ពី​ប្រព័ន្ធ​ព្រះអាទិត្យ ពោលគឺ ពន្លឺ​ដែល​ចេញ​ពី​ផ្កាយអាល់ហ្វាសិនថូរី​នេះ ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​ជាង ៤ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​មក​ដល់​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​ភពផែនដី​របស់​យើង៕
Feb 18, 2019
ប្រវត្តិសាស្រ្ត​ពិភពលោក - វដ្ត​នៃ​ជីវិត​របស់​ផ្កាយ
00:08:43
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​ធ្វើការ​រៀបរាប់ អំពីប្រវត្តិ​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង​អំពី​​វដ្តនៃ​ជីវិត​របស់​ផ្កាយ ពី​ការ​ចាប់កំណើត​ រហូត​ដល់​ចុងបញ្ចប់​​នៃ​ជីវិត ដែល​ខ្លះ​បង្កើត​ឲ្យ​មាន​ជា​បាតុភូត​ផ្ទុះ​ដ៏អស្ចារ្យមួយក្នុង​ចក្រវាល គឺ​បាតុភូត ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស “Supernova”។ (មានវីដេអូនៅខាងក្រោម) ផ្កាយរាប់ពាន់​ដែល​យើងមើល​ឃើញ​​រះព្រោងព្រាត​នៅលើ​មេឃ​នៅ​ពេល​យប់ លើកលែងតែ​​មួយចំនួន​ដ៏តូច​បំផុត ដែល​ខ្លះ​​ជា​ភព​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​ខ្លះ​ទៀត គឺ​ជា​កាឡាក់ស៊ី ស្ថិត​នៅ​ក្រៅ​កាឡាក់ស៊ី​មីលគីវេ ក្រៅពីនោះ គឺ​សុទ្ធ​តែ​ជា​ផ្កាយ ដូចជា​ព្រះអាទិត្យ​របស់​យើង។ ព្រះអាទិត្យ​របស់​យើង​ទើប​នឹង​ចាប់កំណើតឡើង កាល​ពី​ប្រមាណ​ជា ៤៥០០លាន​ឆ្នាំ​មុននេះ​ប៉ុណ្ណោះ រីឯ​ផ្កាយ​ដំបូងៗ​នៅ​ក្នុង​ចក្រវាល​យើង​នេះ បាន​ចាប់កកើតឡើង តាំង​ពី​​ជាង ១៣ពាន់​លាន​ឆ្នាំ​មុន​ម៉្លេះ ពោលគឺ តាំង​ពី​ចក្រវាល​របស់​យើង​​មាន​អាយុកាល​ទើប​នឹង​បាន​ប្រមាណ​ជា ២០០លាន​ឆ្នាំ​តែ​ប៉ុណ្ណោះ។ កាលពីដើម​ដំបូងឡើយ នៅ​ប្រមាណ​ជា​ជិត ៤០ម៉ឺន​ឆ្នាំ​ក្រោយ Big Bang ​នៅ​ពាសពេញ​ចក្រវាល​របស់​យើង​ទាំងមូល មាន​ត្រឹម​តែ​ជា​​ឧស្ម័ន​អ៊ីដ្រូសែន​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ៊ីដ្រូសែន​ទាំងនេះ​ក៏​មិនមែន​រាយប៉ាយគ្នា​​ដោយ​ស្មើៗគ្នា​​​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់​នោះដែរ ដោយ​នៅ​កន្លែង​ខ្លះ​មាន​តិច ខ្លះ​មាន​ច្រើន ហើយ​នៅ​កន្លែង​ដែល​មាន​ដង់ស៊ីតេ​អ៊ីដ្រូសែន​ខ្ពស់ កម្លាំង​ទំនាញ​ក៏​មាន​ខ្លាំងជាងគេ អាច​​ទាញ​អ៊ីដ្រូសែន​នៅ​ជុំវិញ​នោះ​ឲ្យ​មក​ប្រមូលផ្តុំគ្នា​​បន្តិចម្តងៗ រហូត​ក្លាយ​ទៅជា​​ដុំស្វ៊ែរ​អ៊ីដ្រូសែន​ដ៏​ធំមួយ ដែល​មាន​​​ម៉ាស់​គ្រប់គ្រាន់ បង្កើត​ឲ្យ​មាន​ជា​ប្រតិកម្ម​នុយក្លេអ៊ែរ (Nuclear fusion) នៅ​ក្នុង​ស្នូល​ប៉ែក​ខាង​ក្នុង។ ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​នេះហើយ ដែល​បង្កើត​ទៅជា​ថាមពល រួចហើយសាយភាយ​ចេញ​ពី​ស្នូល​ខាង​ក្នុង មកស្រទាប់​ខាងក្រៅ ធ្វើ​ឲ្យ​ផ្កាយ​អាច​បញ្ចេញ​កម្តៅ និង​ពន្លឺ​ជាប់​ជា​ប្រចាំ រហូត​ដល់​ទៅ​រាប់លាន ឬ​​រាប់ពាន់​លាន​ឆ្នាំ ដូចជា​ព្រះអាទិត្យ​របស់​យើង​នេះ​ជាដើម ដែល​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ បញ្ចេញ​ជា​កម្តៅ និង​ពន្លឺ​អស់រយៈពេល​ ៤ពាន់៦រយលាន​ឆ្នាំមកហើយៗ នឹង​បន្ត​បែបនេះ​នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ៥ពាន់​លាន​ឆ្នាំ​តទៅមុខ​ទៀត។ ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​របស់​ផ្កាយ ក្រៅពី​បាន​បង្កើត​ជា​ថាមពល បញ្ចេញ​ជា​ពន្លឺ និង​កម្តៅ​មក​ខាងក្រៅ វា​ក៏​ជា​យន្តការ​ដ៏​សំខាន់​មួយផងដែរ ក្នុងការ​ផលិត​សារធាតុ​ដែល​រឹង និង​ធ្ងន់ៗ​ជាង​អ៊ីដ្រូសែន ហើយ​ដែល​ជា​សារធាតុ​ចាំបាច់ នៅ​ក្នុង​ការ​បង្កើត​ទៅ​ជា​ភព ដូចជា​ភពផែនដី​របស់​យើង ជាដើម និង​ក្រោយ​មក បង្កើត​ទៅ​ជា​​​ជីវសាស្ត្រចម្រុះ រួម​ទាំង​ជីវិត​របស់​មនុស្ស​ជាតិ​យើង​ផងដែរ។ នៅ​ក្នុង​ស្នូល​របស់​ផ្កាយ ​ឥទ្ធិពល​នៃ​កម្លាំងទំនាញ និង​សីតុណ្ហភាព​ដ៏ក្តៅ​រហូត​ដល់​ទៅ​​​រាប់លាន​អង្សារ ធ្វើ​ឲ្យ​អាតូម​អ៊ីដ្រូសែន​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​​ បង្កើត​ទៅជា​​អេលីយ៉ូម (He) ហើយ​​ចេញពី​អេលីយ៉ូម​​បង្កើត​បាន​​​ជា​សារធាតុ​ថ្មី ដែល​មាន​អាតូម និង​ម៉ាស់​កាន់តែ​ធ្ងន់​ជាងមុន រួមមាន​ដូចជា កាបោន (C) អុកស៊ីសែន (O) និង​ដែក (Fe) ជាដើម ដែល​សុទ្ធសឹង​ជា​សារធាតុចាំបាច់ នៅ​ក្នុងការ​បង្កើត​ជា​ភព និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ជីវិត។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ក្នុង​ស្នូល​របស់​ផ្កាយ អាច​បង្កើត​បាន​ជា​សារធាតុ​ដ៏​ធ្ងន់​បំផុត​តែ​ត្រឹម​ធាតុដែក​តែ​ប៉ុណ្ណោះ (ស្ថិត​នៅ​លេខរៀង​ទី២៦ នៃ​តារាងលំដាប់អាតូម)។ ដូច្នេះ សំណួរ​សួរថា ចុះ​សារធាតុ​ដែល​កាន់តែ​ធ្ងន់ៗ​ជាងនេះ រួមមាន​ដូចជា មាស ប្រាក់ សំណ ឬ​អ៊ុយរ៉ាញ៉ូម ជាដើម តើ​កើតចេញ​មក​ពី​ណា? បើ​សារធាតុ​ធ្ងន់ៗ​អស់ទាំងនេះ ​មិន​អាច​បង្កើត​ឡើង​បាន​នៅ​ក្នុង​អំឡុង​ពេល​ដែល​ផ្កាយ​នៅ​មាន​ជីវិត ដូច្នេះ គេ​មានតែ​ត្រូវ​រង់ចាំ​​នៅ​ពេល​ដែល​ផ្កាយ​ត្រូវ​អស់ជីវិត។ នៅពេល​ដែល​យើងមើល​ដោយ​ភ្នែក​ទទេ យើងឃើញ​ថា​ ផ្កាយ​ទាំងអស់​ដែល​រះ​នៅលើ​មេឃ​នៅ​ពេលយប់ មាន​ទម្រង់​ប្រហាក់ប្រហែលគ្នា ​ជា​ចំណុច​ពន្លឺ​ពណ៌​ ស ដូចៗគ្នា​​ទាំងអស់។ ក៏ប៉ុន្តែ បើ​សិន​ជា​យើង​ឆ្លុះ​មើល​តាម​តេឡេស្កុប ឬ​តាម​ម៉ាស៊ីន​ថតរូប យើង​នឹង​អាច​សង្កេតឃើញ​ថា ផ្កាយ​ទាំងនេះ​មាន​ទំហំ​ និង​ពន្លឺ​មិនដូចគ្នា​ទាំងអស់​នោះទេ ដោយខ្លះ​ធំ ខ្លះ​តូច ខ្លះ​ភ្លឺ​​តិច ខ្លះ​ភ្លឺខ្លាំង ហើយ​ពណ៌​វិញ​ក៏​មិនដូចគ្នា​នោះដែរ ដោយ​ខ្លះ​មាន​ពណ៌​ខៀវ ខ្លះ​ពណ៌​ ស ខ្លះពណ៌​​លឿង ខ្លះ​ពណ៌​ទឹកក្រូច ហើយ​ខ្លះ​ទៀត​ពណ៌​ក្រហម។ ពណ៌​ខុសៗគ្នា​នេះ គឺ​សម្គាល់​អំពី​សីតុណ្ហភាព​ខុសៗគ្នា​របស់​ផ្កាយនីមួយៗ។ ផ្កាយ​ដែល​មាន​ម៉ាស់​ស្រាល មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​តិច មាន​សីតុណ្ហភាព​ទាប ហើយ​បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម។ ផ្កាយ​ដែល​មាន​ម៉ាស់​កាន់តែ​ធ្ងន់ មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​កាន់តែខ្លាំង មាន​សីតុណ្ហភាព​កាន់តែ​ក្តៅ​ ហើយ​ពណ៌​ក៏​ផ្លាស់ប្តូរ​ខុសគ្នា​ផងដែរ គឺ​តាម​លំដាប់លំដោយ​ ពី​​ពណ៌​ក្រហម (សីតុណ្ហភាព​ទាប) ទៅ​ពណ៌​ទឹកក្រូច ពណ៌​លឿង ពណ៌ ស និង​ពណ៌​ខៀវ (សីតុណ្ហភាព​ខ្ពស់​បំផុត)។ បន្ថែម​ពីលើ​នេះ​ទៅទៀត ពណ៌​ខុសៗគ្នា​នេះ ​ក៏​អាច​​កំណត់​បាន​ផងដែរ អំពី​អាយុជីវិត​របស់​ផ្កាយ​នីមួយៗ។ ផ្កាយ​ពណ៌​ក្រហម​​ដែល​មាន​ម៉ាស់​ស្រាល ហើយ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​តិច និង​យឺតៗ អាច​​មាន​អាយុ​ច្រើន​រហូតដល់​ទៅ​លើស​ពី​ ១០ពាន់លាន​ឆ្នាំ។ ចំណែក​ឯ​ផ្កាយ​ពណ៌​ខៀវ​វិញ​ដែល​មាន​ម៉ាស់​ធ្ងន់ មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​​ខ្លាំង និងលឿន ហើយ​សារធាតុ​ដែល​ចាំបាច់​សម្រាប់​ប្រតិកម្ម​នុយក្លេអ៊ែរ​នេះ​ក៏​​ត្រូវ​ប្រើ​ឆាប់អស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្កាយ​ទាំងនេះ​​មាន​អាយុខ្លី ដោយខ្លះ​បាន​ត្រឹមតែ​ប៉ុន្មាន​លាន​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ​ជីវិត​របស់​ផ្កាយ​ធំៗ​អស់ទាំងនេះ​​មិន​បញ្ចប់​ទៅ​នៅ​ក្នុង​សភាព​ស្ងប់ស្ងៀម​នោះទេ តែ​ផ្ទុយ​ទៅវិញ វា​បង្ក​ឲ្យ​មាន​ជា​ហេតុការណ៍​ផ្ទុះ​​ដ៏​ខ្លាំង​បំផុតមួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Supernova” (ស៊ូពើណូវ៉ា)។ កម្លាំង​ផ្ទុះ​ដ៏​ខ្លាំងក្លា នៅ​ក្នុង​ស៊ូពើណូវ៉ា​នេះ​ហើយ ដែល​បង្កើត​​​ឲ្យ​មាន​សារធាតុ​ដែល​មាន​អាតូម និង​ម៉ាស់​ធ្ងន់ៗ ដូចជា មាស ប្រាក់ សំណ ឬ​អ៊ុយរ៉ាញ៉ូម ជាដើម។ សារធាតុ​អស់ទាំងនេះ រួម​ជាមួយ​នឹង​សារធាតុ​ផ្សេងទៀត ដែល​កើតឡើង​នៅ​ក្នុង​ស្នូល​របស់​ផ្កាយ​ចាស់ ត្រូវ​​កម្លាំង​ផ្ទុះ​​ធ្វើ​ឲ្យ​បាចសាច​ចេញ​ទៅ​ក្នុង​លំហអវកាស ហើយ​ក្រោយមកទៀត វា​ក្លាយ​ទៅ​ជា​ធាតុ​ផ្សំ សម្រាប់​បង្កើត​ផ្កាយ​ថ្មី​ទៀត ទៅតាម​យន្តការ​នៃ​កម្លាំង​ទំនាញ​ដូច​កាល​ពី​មុន។ យន្តការ​នៃ​ការកើត​និង​ស្លាប់​​ផ្កាយ​ចាស់ ហើយ​​បង្កើត​ជា​ផ្កាយ​ថ្មី​បែបនេះចេះតែ​បន្ត​កើតមាន​ជាប់​ជា​ប្រចាំ ហើយ​ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ ពីស៊ូពើណូវ៉ា​មួយ​ទៅ​ស៊ូពើណូវ៉ា​មួយ សារធាតុ​ថ្មីៗ​​និង​កាន់តែ​​ធ្ងន់ៗ​ក៏​ចេះតែ​កើតមាន​ឡើងកាន់តែច្រើន រហូត​ដល់​អាច​​ប្រមូលផ្តុំគ្នា​បង្កើត​​បាន​ទៅ​ជា​ភព ដែលមាន​ធាតុផ្សំ​ជា​សារធាតុរឹង ដូចជា ភពផែនដី​របស់​យើង។ អ្នក​តារាសាស្រ្ត​ជាទូទៅ​កំណត់​ថា ភព​ដំបូងៗ​បាន​ចាប់កំណើតឡើង តាំង​ពី​ជិត ១៣ពាន់​លាន​ឆ្នាំមុន (១២,៨ពាន់លាន​ឆ្នាំ) ពោលគឺ ក្រោយ​ Big Bang តែ​ប្រមាណ​ជា​ ៩០០លាន​ឆ្នាំ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ ភព​ដែល​កើតឡើង​ដំបូងនេះ គឺ​ជា​ភព​ដែល​មាន​ធាតុ​ផ្សំ​ជា​ឧស្ម័ន ពោលគឺ​ស្រដៀង​នឹង​ភពទាំង ៤​នៅ​ប៉ែក​ខាង​ក្រៅ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង (ព្រហស្បតិ៍, សៅរ៍, អ៊ុយរ៉ានុស និង​ណិបទូន)។ រហូត​ទាល់តែ​ដល់​ប្រមាណ​ជា ៣ពាន់ ទៅ​៤ពាន់​លាន​ឆ្នាំ ក្រោយ Big Bang ទើប​ភពដែល​មាន​ធាតុផ្សំ​ជា​សារធាតុ​រឹង​ស្រដៀង​នឹង​ភពផែនដី និង​ភពបីផ្សេងទៀត​នៅប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធព្រះអាទិត្យ (ពុធ, សុក្រ និង​អង្គារ) បាន​ចាប់កំណើតឡើង៕
Feb 07, 2019